ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យ​ដឹងថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​ ២៧ (ATM) បាន​ឯកភាព​គ្នា​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ការដឹកជញ្ជូន​ផ្លូវអាកាស​ជាមួយ​ប្រទេស​ជា​ដៃគូ​សន្ទនា​របស់ខ្លួន ដូចជា​កូរ៉េ ជប៉ុន ចិន អាមេរិក នូវែលសេឡង់ និង​សហភាព​អឺរ៉ុប ដើម្បី​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​ ២៧ ត្រូវបាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​ ១១ ខែវិច្ឆិកា តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក វ៉ាស៊ីម សូរិយា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤ ខែវិច្ឆិកា​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​ ២៧ បាន​ឯកភាព​ក្នុង​ការជំរុញ​ឱ្យ​ក្រុមការងារ​ពាក់ព័ន្ធ​បន្ត​ធ្វើ​ការងារ​ឆ្ពោះទៅរក​ការបញ្ចប់​ដោយ​ជោគជ័យ និង​ទទួល​បាន​កិច្ចព្រមព្រៀង​សេវាកម្ម​អាកាសចរណ៍​ (ASA) ជាមួយ​ប្រទេស​នូវែលសេឡង់ ជប៉ុន និង​កូរ៉េ ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅមក និង​មាន​ភាពសេរី​កាន់តែ​ច្រើន​ក្នុង​ទិដ្ឋភាព​ ដើម្បី​ពង្រឹង​ការតភ្ជាប់​ផ្លូវ​អាកាស​រវាង​អាស៊ាន និង​ដៃគូ​។

លោក​បន្តថា សម្រាប់​ប្រទេស​ចិន អាស៊ាន​ក៏បាន​ស្វាគមន៍​ចំពោះ​ការអនុម័ត​សេចក្តី​ព្រាង​កម្មវិធី​សកម្មភាព​ឆ្នាំ​ ២០២១-២០២៥ នៃ​ផែនការ​យុទ្ធសាស្ត្រ​បច្ចុប្បន្នភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​ដឹកជញ្ជូន​អាស៊ាន-ចិន និង​បានប្រគល់​ភារកិច្ច​ឱ្យ​ឧត្តមមន្ត្រី​ពង្រឹង​ការសម្របសម្រួល​ជាមួយ​ចិន ដើម្បី​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

ដោយឡែក​ជាមួយ​សហភាព​អឺរ៉ុប អាស៊ាន កត់សម្គាល់​ថា កិច្ចចរចា​ស្តីពី​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវអាកាស​គ្រប់​ជ្រុងជ្រោយ​អាស៊ាន-អឺរ៉ុប​ (AE CATA) ​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​នៅ​កិច្ចប្រជុំ​ឧត្ដមមន្ត្រី​ដឹកជញ្ជូន​វិសាមញ្ញ​អាស៊ាន​-​សហភាព​អឺរ៉ុប​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​ ២ មិថុនា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

ចំណែក​អាមេរិក អាស៊ាន​កំពុង​ទន្ទឹង​រង់ចាំ​ការអនុម័ត​លក្ខខណ្ឌ​យោង​ (TOR) និង​ផែនការ​ការងារ​អាស៊ាន-អាមេរិក សម្រាប់​កិច្ចសហប្រតិបត្តិការ​ដឹក​ជញ្ជូន នៅឯ​កិច្ចសន្ទនា​ឧត្តមមន្ត្រី​ដឹកជញ្ជូន​អាស៊ាន-អាមេរិក លើក​ទី​ ១ នៅ​ឆ្នាំ​ ២០២២ ខាងមុខ​។

លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​យល់ឃើញ​ថា​មានតែ​ការដឹកជញ្ជូន​តាម​ផ្លូវអាកាស​ទេ​ដែលជា​ចំណុចខ្លាំង បន្ទាប់មក​ការដឹកជញ្ជូន​តាម​នាវា​សមុទ្រ ដែល​ត្រូវ​តភ្ជាប់​នៅក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​។ ការដឹកជញ្ជូន​តាមផ្លូវ​អាកាស បាន​ផ្តល់​ចំណូល​ដល់​សេដ្ឋកិច្ច​យ៉ាងច្រើន ព្រោះ​វិស័យ​អាកាសចរណ៍​ខ្លាំង​ដោយសារ​ទេសចរ​ប៉ុន្តែ​ដោយសារ​ជំងឺ​កូវីដ​ ១៩ វា​បាន​ថយចុះ​ទាំងអស់​»​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី ឱ្យដឹងថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ជាមួយ​បណ្តា​ប្រទេស​ដៃគូ​អាស៊ាន​ដែល​កម្ពុជា​ជា​អ្នករៀបចំ បាន​ពង្រឹង​វិស័យ​ដឹកជញ្ជូន​រួមមាន​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក បន្ទាប់ពី​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ និង​ទៅមុខ​នឹងមាន​ផ្លូវដែក​ទៀត​។

លោក​បន្តថា ជាមួយ​គ្នា​នេះ​កម្ពុជា​ដែលជា​សមាជិក​អាស៊ាន​ក៏​ជា​ចំណែក​មួយ និង​មាន​សក្តានុពល​ផងដែរ​លើ​វិស័យ​ដឹកជញ្ជូន ពិសេស​វិស័យ​អាកាសចរណ៍​។ មួយទៀត​ការដឹកជញ្ជូន​តាមផ្លូវ​គោក ក៏ត្រូវ​តែមាន​ផែនការ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ភាពប្រកួតប្រជែង​ខ្លាំង​ទៅ​ថ្ងៃ​អនាគត​។

លោក​ថ្លែងថា​៖ «​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​មិនមែន​ដឹក​តែ​ទំនិញ​នោះទេ ប៉ុន្តែ​ក៏មាន​ការដឹកជញ្ជូន​ទេសចរ ដែល​នឹង​ផ្តល់នូវ​ផាសុកភាព និង​ភាពងាយស្រួល ព្រម​ជាមួយ​ការតភ្ជាប់​ក្នុង​សហគមន៍​អាស៊ាន​ផងដែរ​»៕ LA