ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានអនុម័ត​នូវ​គម្រោង​វិនិយោគ​ចំនួន​ ១៥ ដែលមាន​តម្លៃ​សរុប ៥៤៩,១ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ១៣ ៩៥២ ​កន្លែង នៅក្នុង​រយៈពេល ២ ​សប្តាហ៍​ដំបូង​នៃ​ខែវិច្ឆិកា​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន CDC គម្រោង​វិនិយោគ​ទាំង​ ១៥ នោះ គឺមាន​គម្រោង​ធំៗ​មួយចំនួន ដូចជា គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​របស់​ក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ទុនវិនិយោគ ២១ ​លាន​ដុល្លារ​, គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​គ្រឿងចក្រ រថយន្ត​សណ្តោង និង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន EM Automobile Co., Ltd នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង មាន​ទុនវិនិយោគ ១៦,៣ ​លាន​ដុល្លារ​, គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី ៥០០ ​គីឡូវ៉ុល​ពី​បាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា-ថៃ​របស់​ក្រុមហ៊ុន Schneitec Western Co., Ltd ទុនវិនិយោគ ១១១ ​លាន​ដុល្លារ និង​គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី ៥០០ ​គីឡូវ៉ុល​ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា-ឡាវ​របស់​ក្រុមហ៊ុន Schneitec Northern Co., Ltd មាន​ទុនវិនិយោគ ៣៣០ ​លាន​ដុល្លារ​។ ចំណែក​គម្រោង​ផ្សេងទៀត​រួមមាន​វិស័យ​កាត់ដេរ និង​រោងចក្រ​កែច្នៃ​ផ្លែឈើ រោងចក្រ​ផលិត​ទឹកបរិសុទ្ធ ជាដើម​។

អនុប្រធាន​សភាពាណិជ្ជកម្ម-កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៥ ខែវិច្ឆិកា​ថា ការអនុម័ត​គម្រោង និង​ទុនវិនិយោគ​ក្នុង​ចំនួន​ច្រើន​បែបនេះ គឺ​បញ្ជាក់​ពី​ទំនុកចិត្ត និង​ភាពរឹងមាំ​នៃ​ទីផ្សារ​ដែល​វិនិយោគិន​សម្លឹង​ឃើញ​ពី​ការបណ្តាក់ទុន​នៅ​កម្ពុជា ខណៈ​កម្ពុជា​ជា​ប្រទេស​មាន​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ ព្រមទាំង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ជាច្រើន ពិសេស​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក​។ លោក​បន្តថា អ្វីដែល​ពិសេស​នាពេលនេះ គឺ​ការចូល​មក​បណ្តាក់ទុន​កាន់តែច្រើន​លើ​ឧស្សាហកម្ម​ធុន​មធ្យម និង​ធ្ងន់ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ទៀត​ចាប់ពីពេលនេះ​តទៅ​។

លោក​ថ្លែងថា​៖ «​ការប្រកាស​បើក​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ស្ទើរ​ទាំងស្រុង​ឡើងវិញ​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​ចាប់ពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ក៏​ជា​កម្លាំង​ចលករ​បន្ថែម​ទៀត​ដែល​នឹង​ធ្វើឱ្យ​វិនិយោគិន​កាន់តែ​ច្រើន​បញ្ចេញ​ទុន​នៅ​កម្ពុជា​»​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) បាន​និយាយថា មាន​កត្តា​រួមផ្សំ​ជាច្រើន​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​កំណើន​នៃ​ការ​ចូលមក​បណ្តាក់ទុន​ជា​បន្តបន្ទាប់ ដែល​រួមមាន​ភាពល្អប្រសើរ និង​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ​, ភូមិសាស្ត្រ​, ទំនាក់ទំនង​ការទូត​, ច្បាប់​វិនិយោគ​ថ្មីៗ​, មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ច្រើន និង​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ​។ លោក​បន្តថា ក្រៅពី​លក្ខណៈ​អំណោយផល​ទាំងនេះ កម្ពុជា​ក៏​កំពុង​ពង្រឹង​សមត្ថភាព​កម្លាំង​ពលកម្ម​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​រោងចក្រ​សហគ្រាស​នានា ខណៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​ទ្វេភាគី និង​ពហុភាគី​ត្រូវបាន​ចុះហត្ថលេខា​ជា​បន្តបន្ទាប់​។

លោក​អះអាង​ថា​៖ «​កំណើន​នៃ​ការបណ្តាក់ទុន​ថ្មីៗ​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការចូលរួម​ចំណែក​ស្តារ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩»​។

បើ​យោងតាម​លោក វណ្ណៈ តួលេខ​នៃ​កំណើន​វិនិយោគ​ក៏​ជា​សូចនាករ​មួយ​ក្នុង​ការបង្កើន​ភាពទាក់ទាញ​ដល់​អ្នកវិនិយោគ​ផ្សេងទៀត​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​បញ្ចេញ​ទុនវិនិយោគ​នៅ​កម្ពុជា​ផងដែរ​។

យោងតាម​ការគណនា​របស់​ភ្នំពេញ​ប៉ុស្តិ៍​ចំពោះ​គម្រោង​ដែល​ត្រូវបាន CDC អនុម័ត ហើយ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​ផ្លូវការ​ចាប់ពី​ខែមករា ដល់​ដំណាច់​ខែមិថុនា ឆ្នាំ​ ២០២១ មាន​ចំនួន ៧០ ជាមួយ​ទុនវិនិយោគ​សរុប ២ ៤២៨ ​លាន​ដុល្លារ ដែល​ភាគច្រើន​ជា​គម្រោង​វិនិយោគ​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ គ្រឿង​ផ្គុំ​អគ្គិសនី គ្រឿង​ផ្គុំ​ទោចក្រយាន គ្រឿងសង្ហារិម វិស័យ​ថាមពល​អគ្គិសនី និង​បដិសណ្ឋារកិច្ច​ជាដើម​៕ LA