ភ្នំពេញៈ កម្ពុជា​គ្រោង​នឹង​ធ្វើការ​អភិវឌ្ឍ​គម្រោង​ឃ្លាំង​ត្រជាក់​ ដើម្បី​ជំរុញ​ឱ្យ​ការនាំចេញ​ផលិត​កសិកម្ម​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​លើកកម្ពស់​ស្តង់ដា​អនាម័យ​ចំណីអាហារ ព្រមទាំង​ជា​ការធ្វើឱ្យ​ប្រសើរឡើង​ប្រព័ន្ធ​ទីផ្សារ​ក្នុង​នៅ​ស្រុក​ផងដែរ​។

ផែនការ​នៃ​ការអភិវឌ្ឍ​នេះ​ត្រូវបាន​ធ្វើឡើង​អំឡុងពេល​នៃ​កិច្ចប្រជុំ​តាម​វីដេអូ Zoom កាលពី​សប្តាហ៍​មុន​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​នឹង​ក្រុមហ៊ុន​ដៃគូ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី (​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​) ព្រមទាំង​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​មួយចំនួនទៀត​។

លោក សុខ យ៉ន អនុប្រធាន​សមាគម​សុវត្ថិភាព បន្លែ ផ្លែឈើ និង​ត្រីសាច់​កម្ពុជា បានឱ្យដឹងថា ការបង្កើត​ឃ្លាំង​ត្រជាក់​នៅ​កម្ពុជា គឺ​រឿង​ល្អ ប៉ុន្តែ​ការវិនិយោគ​នេះ​ទាល់តែ​អ្នកមាន​លទ្ធភាព​ខ្ពស់​ទើប​អាច​រៀបចំ​ឃ្លាំង​ត្រជាក់​នេះ​បាន ហើយ​ត្រូវមាន​ការតាមដាន​ឱ្យបាន​ហ្មត់ចត់​ពី​រដូវកាល​ប្រមូលផល​ត្រី ឬ​បន្លែ​ផ្លែឈើ​ទាំងនោះ​។

លោក​បន្ថែមថា​៖ «​យើង​រៀប​ឃ្លាំង​ស្តុក​ត្រី​ហ្នឹង​ (​ឃ្លាំង ឬ​ទូ​ត្រជាក់​)​ ​វា​ត្រូវ​ចំណាយលុយ​ច្រើន ហើយ​ណាមួយ​ខ្មែរ​យើង​នៅមាន​បញ្ហា​រឿង​អគ្គិសនី​មានតម្លៃ​ខ្ពស់​ផងដែរ ប៉ុន្តែ​ខ្ញុំ​ក៏​មិនដឹងថា គេ​អាច​រៀបចំ​ឱ្យមាន​ការប្រើប្រាស់​សូឡា​អី​ក៏​មិនទាន់​ដឹង​ដែរ​»​។

លោក​បន្ថែមថា បច្ចុប្បន្ន​សមាគម​ក៏បាន​និង​កំពុងមាន​រៀបចំ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ប្រមូល​ទិញ លក់ និង​ចែកចាយ​ត្រី​ដើម្បី​ជួយ​ដល់​អ្នក​ផលិត​ក្នុងស្រុក​។

អ្នកស្រី ពេជ្រ គឹមធា អ្នកទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង​ទីផ្សារ​នៃ​អង្គការ​ទស្សន​ពិភពលោក​បាន​គាំទ្រ​ចំពោះ​ផែនការ​នៃ​ការអភិវឌ្ឍ​ឃ្លាំង​ស្តុក​ត្រជាក់​នេះ ព្រោះ​វា​នឹងចូលរួម​ជំរុញ​ការលក់​ផលិតផល​កសិកម្ម​កម្ពុជា​។

បើតាម​ការឱ្យ​ដឹងពី​អ្នកស្រី គឹមធា គម្រោង​អង្គការ​ទស្សន​ពិភពលោក​នឹង​ផ្តល់​ជំនួយឥតសំណង​ទៅដល់​ម្ចាស់​អាជីវកម្ម​ដែល​មាន​គម្រោង​អាជីវកម្ម​ច្បាស់លាស់ និង​ត្រូវបាន​ជ្រើសរើស​ឱ្យ​ជាប់ ពិសេស​ការរៀបចំ​បង្កើត​ឃ្លាំង​ត្រជាក់​នេះ ដោយ​នឹងត្រូវ​ផ្តល់​ថវិកាបដិភាគ​ឱ្យ​ប្រមាណ ៤០ ​ភាគរយ​នៃ​ថវិកា​តម្រូវ​ការសរុប ពោល​គឺ​ប្រហែល ២ ​ម៉ឺន​ដុល្លារ ក្រៅពីនេះ​ម្ចាស់​អាជីវកម្ម​ជា​អ្នកចំណាយ​ខ្លួនឯង​។

អ្នកស្រី​បាន​បន្ថែមថា​៖ «​យើង​ត្រូវ​ច្នៃ​យ៉ាងណា​ដើម្បី​ចែក​ទៅឱ្យ​សិប្បកម្ម ឬក៏​កន្លែង​លក់រាយ​ផ្សេងទៀត​ទៅតាម​ចំនួន​កំណត់ ព្រោះ​វា​ចាំបាច់​នៅក្នុង​ផែនការ​អាជីវកម្ម​»​។

ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ឃ្លាំង​ត្រជាក់​នៅ​កម្ពុជា​លោក លឹម វណ្ណៈ អ្នក​គ្រប់គ្រង​ផ្សារ​កសិផល​ធម្មជាតិ ឡេងណាវ៉ាត្រា បាន​និយាយថា កសិករ​ខ្នាតតូច​នឹង​អាច​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​ការ​គម្រោង​ឃ្លាំង​ត្រជាក់​នេះ ប្រសិន​បច្ចេកវិទ្យា​នេះ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​។ លោក​ថ្លែងថា​៖ «​កាលណា​យើង​មាន​បច្ចេកវិទ្យា​រក្សាទុក​បែបនេះ យើង​អាច​រក្សាទុក​ទំនិញ​បាន​រហូតដល់​ពេលវេលា​មួយ​ដែល​អាច​លក់​ក្នុងតម្លៃ​សមស្រប​»៕ LA