ភ្នំពេញៈ សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក​រំពឹងថា វិស័យ​ទេសចរណ៍​កម្ពុជា​នឹង​រស់​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក និង​ពុំ​ចាំបាច់​ធ្វើតេស្ត​តាម​ម៉ាស៊ីន PCR ទៀត​ទេ​ទាំង​ជនជាតិខ្មែរ និង​ជនបរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​នៅពេល​ចូលមក​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៤ ខែវិច្ឆិកា បានប្រកាស​លុបចោល​នូវ​ការអនុវត្ត​ការធ្វើ​ចត្តាឡីស័ក​ចាប់ពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស ដែល​ចូលមក​ប្រទេស​កម្ពុជា​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​គ្រប់​ដូស ប៉ុន្តែ​នៅតែ​បន្ត​អនុវត្ត​ការធ្វើ​ចត្តាឡីស័ក ១៤ ​ថ្ងៃ​ដដែល​សម្រាប់​អ្នកដែល​មិនបាន​ចាក់​វ៉ាក់សាំង​។

លោក​បាន​បន្ថែមថា គ្រប់​ប្រជាពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ គ្រប់​ដូស​រួចហើយ ហើយ​បានធ្វើ​ដំណើរ​មកពី​ក្រៅប្រទេស​ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​បរទេស​តាមរយៈ​ផ្លូវអាកាស​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ផ្លូវគោក និង​ផ្លូវទឹក មិន​តម្រូវឱ្យ​ធ្វើតេស្ត​រក​កូវីដ​ ១៩ ជាមួយ​ម៉ាស៊ីន​ធំ PCR ទេ ដោយ​ត្រូវតែ​ធ្វើតេស្ត​រហ័ស​ប៉ុណ្ណោះ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី​ ១៥ ខែវិច្ឆិកា​ថា ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​គឺជា​ដំណឹង​វិជ្ជមាន​បំផុត​សម្រាប់​វិស័យ​ទេសចរណ៍​ក៏ដូចជា​អ្នក​ទេសចរ​បរទេស​ដែលមាន​បំណង​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​។

លោកស្រី​លើកឡើង​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ការប្រកាស​នេះ​នឹងធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​យើង​ឆាប់​ស្តារឡើងវិញ​។ ទន្ទឹមនឹងនេះ​យើង​ក៏​ចង់បាន​ការជំរុញ​ឱ្យមាន​ការភ្ជាប់​ជើងហោះហើរ​ឱ្យបាន​ច្រើន​ផងដែរ ព្រោះ​បើ​យើង​បើក​ប្រទេស​ហើយ ប៉ុន្តែ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នៅមានកម្រិត​នោះ ភ្ញៀវ​ក៏​មិនដឹង​ជិះ​អ្វី​មក​កម្ពុជា​ដែរ​»​។

លោកស្រី​ប្រាប់ទៀតថា នៅពេល​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​មាន​លក្ខណៈ​សម្បូរបែប ទើប​ផែនការ​បើកទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រោះនេះ​ជា​ឱកាស​ល្អ​ដោយសារ​តែ​ការបើក​ប្រទេស​ជិតខាង ក៏ដូចជា​ក្នុង​តំបន់​អាស៊ាន​នៅមាន​កម្រិត​នៅឡើយ​។

លោកស្រី​បន្ថែមថា ភ្ញៀវទេសចរ​នៅ​តំបន់​អឺរ៉ុប​មាន​ការចាប់​អារម្មណ៍​ច្រើន​ចំពោះ​កម្ពុជា តែដោយសារ​ជើង​ហោះហើរ​កម្ពុជា​ពឹងផ្អែក​លើ​ប្រទេស​ជិតខាង​ច្រើន ដូចនេះ​គឺ​អាស្រ័យ​លើ​ការបើក​របស់​ប្រទេស​ជិតខាង​ផងដែរ​។

លោក ហួត ឃាង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អល ឌ្រីម ខេមបូឌា ត្រាវែល បាន​ប្រាប់ថា លោក​ត្រៀមខ្លួន​ជា​យូរមក​ហើយ​ ដើម្បី​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ ដោយសារ​ក្រុមហ៊ុន​របស់​លោក គឺ​ផ្តោត​សំខាន់​ទៅលើ​ភ្ញៀវ​មកពី​តំបន់​អឺរ៉ុប​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​ដែល​យើង​ស្មុគស្មាញ​កាលពីមុន គឺ​តំបន់​បើក​តែ ៣ ហើយ​តំបន់​ហ្នឹង​អត់​មាន​យន្តហោះ​ចុះ ប៉ុន្តែ​អ្វីដែល​ទទួលបាន​ពីថ្ងៃ​ម្សិលមិញ​ (​ថ្ងៃទី​ ១៤) ​គឺជា​ព័ត៌មាន​ពិសេស​ចំពោះ​ការបើកចំហ​ផ្លូវ​ទាំង​ ៣ (​ទឹក គោក អាកាស​) ដែល​បាន​សម្រួល​ភាពស្មុគស្មាញ​របស់​យើង​ច្រើន​»​។

យ៉ាងណាមិញ លោក​អះអាង​ថា លោក​កំពុង​រង់ចាំ​មើល​លិខិតផ្លូវការ​ពី​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ដឹងថា តើ​ទិដ្ឋាការ​ត្រូវ​ទៅសុំ​មុន ឬ Visa Upon Arrival (​មកដល់​ទើប​បាន​ទិដ្ឋាការ​) និង​មួយទៀត​គឺ​ការប្រែប្រួល​របស់​ប្រទេស​ជិតខាង​។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​និយាយថា អាកាសយានដ្ឋាន​ទាំង​ ៣ បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ដោយ​បាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ពិសេស​ក្រសួង​សុខាភិបាល​ក្នុង​ការរៀបចំ​វិធានការ​សុវត្ថិភាព​តាម​ច្រកចេញចូល​នីមួយៗ​។

ចំពោះ​ការបញ្ជាក់​ពី​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​វិញ​ត្រូវ​បាន​អ្នកនាំពាក្យ​ខាងលើ​បញ្ជាក់ថា មិនទាន់​អាច​ប៉ាន់ស្មាន​បាន​នៅឡើយ​ទេ ដោយសារ​ស្ថានការណ៍​មាន​ការប្រែប្រួល​លឿន​ពេក​។

លោក​បាន​និយាយថា​៖ «​មកដល់​ពេល​នេះ​មិនទាន់​មាន​ក្រុមហ៊ុន​ច្រើន​ទេ ដោយសារ​បរិបទ​យើង​ផ្លាស់ប្តូរ​លឿន​ពេក​។ ការសម្រេច​ចុងក្រោយ​នេះ​មាន​ការទាក់ទាញ​ខ្លាំង​មែនទែន​សម្រាប់​ការធ្វើ​ដំណើរ​តាមផ្លូវ​អាកាស អ៊ីចឹង​ប្រហែល​ខែ​ ១២ បាន​យើង​ដឹង​ទំនោរ​នៃ​ការហោះហើរ តែ​ឥឡូវនេះ​យើង​មិនអាច​ប៉ាន់ស្មាន​បានទេ​»​។

ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ក៏បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ពី​ការអនុញ្ញាត​ឱ្យ​ទេសចរ​អន្តរជាតិ និង​អ្នកដំណើរ​ដែល​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ពេញលេញ​ចូល​មក​កម្ពុជា​ដោយ​មិន​តម្រូវឱ្យ​ធ្វើ​ចត្តាឡីស័ក​នោះទេ​។

របាយការណ៍​ប្រចាំឆមាស​ទី​១ ឆ្នាំ​ ២០២១ របស់​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស ១០,៨ ​ម៉ឺន​នាក់ ធ្លាក់ចុះ ៩០,៨ ​ភាគរយ​បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១,១៨ ​លាន​នាក់​។ ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ចិន​ដែលមាន​ចំនួន​ ២៧៥ ៦៧១ ​នាក់ (​ច្រើនជាងគេ​) កាលពី​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ បាន​ធ្លាក់ចុះ ៨៧,៨ ​ភាគរយ​៕ LA