ភ្នំពេញៈ ទោះបី​ការរីករាលដាល​ជំងឺ​កូវីដ ១៩ បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច ក៏​ការប្រមូល​ចំណូល​ពន្ធដារ​មិនបាន​រង​ផលប៉ះពាល់​ខ្លាំង​ទេ ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​ការពង្រឹង​អភិបាលកិច្ច​ពន្ធ និង​តម្លាភាព​ក្នុង​ការបង់ពន្ធ​។ នេះ​បើ​យោងតាម​ការលើកឡើង​របស់​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​។

សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ ​បានឱ្យដឹងថា ការប្រមូល​ចំណូល​ពន្ធដារ​ក្នុង​រយៈពេល​ ១០ ​ខែ​ឆ្នាំ​ ២០២១ សម្រេចបាន ២ ៣១៥,៥៥ ​លាន​ដុល្លារ​ស្មើនឹង ១០៣,២៣ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២១ ​បើ​ធៀប​នឹង​ចំណូល​ពន្ធអាករ នៅក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ឃើញថា ថយចុះ​ចំនួន ១២៣,៣៤ ​លាន​ដុល្លារ ឬ​ស្មើនឹង -៥,០៥​ភាគរយ​។

ដោយឡែក​ការប្រមូល​ចំណូល​ក្នុង​ខែតុលា​សម្រេច​បាន ២០៨,០៥ ​លាន​ដុល្លារ ស្មើនឹង ៩,២៨ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១​។ បើ​ធៀប​នឹង​ចំណូល​ពន្ធអាករ​ប្រចាំ​ខែតុលា ឆ្នាំ​ ២០២០ ឃើញថា កើនឡើង ១២,៥២ ​លាន​ដុល្លារ ស្មើនឹង ៦,០ ​ភាគរយ​។

លោក គង់ វិបុល កាលពី​សប្តាហ៍​មុន​បាន​ថ្លែងថា​៖ «​ខ្ញុំ​ទទួលស្គាល់ថា វា​ចុះ ប៉ុន្តែ​វា​មិនអាក្រក់​ទេ​។ នៅក្នុង​ឆ្នាំ​ ២០២១ នេះ ឃើញថា ពន្ធ​លើ​ប្រាក់ចំណូល​មាន​ការថយចុះ​បន្តិច​ជាង​ឆ្នាំ​ ២០២០ ដោយសារតែ​វិស័យ​មួយចំនួន​រដ្ឋ​បានអនុញ្ញាត​លើកលែង​ពន្ធ ឧទាហរណ៍​ដូចជា វិស័យ​ធនាគារ​ដែល​ចូលទៅក្នុង​ផ្សារភាគហ៊ុន គឺ​រដ្ឋ​បាន​លើកលែង​ពន្ធ​ខ្លះ​ដែលជា​ហេតុ​ធ្វើឱ្យ​ចំណូល​ពន្ធ​មានការ​ថយចុះ​ខ្លះ ប៉ុន្តែ​មិនអាក្រក់​ជាង​ឆ្នាំ​ ២០២០ នោះទេ បើ​គិត​ទៅ​ថយ​ប្រហែលជា ១០ ​ទៅ ២០ ​លាន​ដុល្លារ គឺ​មិនអាក្រក់​ទេ​»​។

លោក​បាន​បន្តថា ឆ្នាំ​ ២០២១ នេះ​គឺជា​ស្ថានការណ៍​អាក្រក់​មួយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​ការផ្ទុះ​រីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​រហូត​ឈានទៅដល់​ការបិទខ្ទប់​ក្នុង​ខែមេសា ធ្វើឱ្យ​អាជីវ​កម្មបិទ​ស្ទើរតែ​ទាំងអស់ ដែល​វា​ជា​កត្តា​ចម្បង​ប៉ះពាល់​ដល់​ការកៀរគរ​ពន្ធ​។ ប៉ុន្តែ​ជាមួយ​នឹង​ការត្រៀម​ទុកជាមុន​ក្នុង​ការធ្វើ​ទំនើបកម្ម​នៃ​ការបង់ពន្ធ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បាន​ជួយ​សម្រួល​ដល់​អ្នក​បង់​ពន្ធ​ ដោយ​មិន​ចាំបាច់​មក​ដោយផ្ទាល់​។

«​ខ្ញុំ​សូមបញ្ជាក់ថា ដោយសារ​ការកែទម្រង់​របស់​យើង​តាមរយៈ​ការពង្រឹង​អភិបាលកិច្ច​ល្អ ការកែទម្រង់​តម្លាភាព​ឱ្យមាន​ប្រព័ន្ធ E-filing, E-Vat crossed check, e-payment ការបង់ពន្ធ​តាម​ប្រព័ន្ធ​ធនាគារ​នេះ គឺជា​តម្លាភាព​មួយ​ដែល​ប្រាក់​ពន្ធ​មិន​លេច មិន​បាត់ គឺ​យើង​ព្យាយាម​ធ្វើឱ្យ​ប្រាក់ចំណូល​ពន្ធ​មិន​លេច គឺ​យើង​បាន​បិទ​ឱ្យ​ហូរ​ចូលក្នុង​ច្រក​តែមួយ​គឺ​រដ្ឋាភិបាល​។ ដូច្នេះ​ទាំង​រដ្ឋ និង​វិស័យ​ឯកជន​ត្រូវ​ពង្រឹង​អភិបាលកិច្ច​ល្អ ដែល​ជា​កត្តា​ធ្វើឱ្យ​រក្សាបាន​ស្ថិរភាព​នៃ​ចំណូល​»​។ នេះ​បើ​យោងតាម​ការបញ្ជាក់​របស់​លោក គង់ វិបុល​។

យោងតាម​អគ្គនាយកដ្ឋាន​ពន្ធដារ លទ្ធផល​នៃ​ការប្រមូល​ចំណូល​ពន្ធ​សម្រាប់​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ ទោះបី​មិនទាន់​ល្អប្រសើរ​ជាង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ក៏ប៉ុន្តែ​វា​នៅតែ​អាចមាន​ស្ថានភាព​ល្អប្រសើរ ដោយ​សម្រេចបាន​លទ្ធផល​លើស​ការរំពឹងទុក និង​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១​។

ក្នុង​ឆ្នាំ​ ២០២០ ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​មាន​ចំនួន ២ ៨៨៩,០២ ​លាន​ដុល្លារ កើនឡើង ១០៤,៤៩ ​លាន​ដុល្លារ ស្មើនឹង ៣,៧៣ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕ LA