ភ្នំពេញៈ ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ ១,៨៨ ​ពាន់​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​ប្រទេស​កម្ពុជា​ និង​បានរួម​ចំណែក​បង់ពន្ធ​ដែលមាន​ទឹកប្រាក់​ជាង​ ៥៦២ ​លាន​ដុល្លារ​ដល់​រាជរដ្ឋាភិបាល​ក្នុង​រយៈ​ជាង​ ១ ​ទសវត្សរ៍​មកនេះ ចាប់ពី​ក្រុមហ៊ុន​បាន​ចាប់ដំណើរការ​ក្នុង​ឆ្នាំ​ ២០០៨​។

យោង​ការចេញផ្សាយ​របាយការណ៍​និរន្តរភាព​ ២០២០ ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​កាលពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២០ ក្រុមហ៊ុន Smart Axiata បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ ១,៨៨ ពាន់​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​នៅ​កម្ពុជា​។

ក្រុមហ៊ុន​ Smart Axiata បាន​បង់ពន្ធ​ចំនួន​ ៩៥ ​លាន​ដុល្លារ​លើ​ពន្ធអាករ និង​កម្រៃ​និយតកម្ម​កាលពី​ឆ្នាំ​ ២០២០ ហើយ​នៅតែ​បន្ត​ជា​ជម្រើស​នៃ​និយោជក​ក្នុងប្រទេស​កម្ពុជា​ដោយ​គាំទ្រ​ដល់​ការងារ​ចំនួន​ ៥៦ ​ពាន់​កន្លែង​កាលពី​ឆ្នាំ​ ២០២០ ដោយផ្ទាល់​។

ក្រុមហ៊ុន​បញ្ជាក់​៖ «​សម្រាប់​ក្រុមហ៊ុន Smart Axiata របៀបវារៈ​ដ៏សំខាន់​របស់ខ្លួន​ក្នុង​ការអភិវឌ្ឍ​កម្ពុជា​គឺជា​ការប្តេជ្ញាចិត្ត​ក្នុង​ការបង្កើត​អនាគត​ឌីជីថល​របស់​កម្ពុជា​ជាមួយ​ការវិនិយោគ​ជា​បន្តបន្ទាប់​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នានា​ក៏ដូចជា​ការគាំទ្រ​ដល់​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី​ដែល​ត្រូវ​ប្រសិទ្ធ​នាម​ថា​ «​សហគ្រិន​បច្ចេកវិទ្យា​»​។

ក្រុមហ៊ុន​បន្តថា​៖ «​ដោយ​បានដាក់​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​នូវ​បច្ចេកវិទ្យា​ 5G នៅ​ប្រហែល​ ២០ ​កន្លែង​ក្នុង​រាជធានី-ភ្នំពេញ​ក្រុមហ៊ុន Smart នឹង​សហការ​ជាមួយ​អាជ្ញាធរ​យ៉ាងជិតស្និទ្ធ​ក្នុង​ការដាក់​ឱ្យ​ដំណើរការ​បច្ចេកវិទ្យា 5G នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​នាំមុខ​ក្នុង​ការផ្តល់​លទ្ធភាព​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​ការអភិវឌ្ឍ បច្ចេកវិទ្យា​ដ៏គួរឱ្យ​រំភើប​នេះ​ក្នុង​ប្រទេស​កម្ពុជា​»​។

លោក Feiruz Ikhwan ​នាយក​ប្រតិបត្តិ​ស្តីទី​របស់​ Smart Axiata បានឱ្យ​ដឹងថា​៖ «​នៅ​ Smart Axiata យើង​យល់ថា នេះ​គឺជា​បេសកកម្ម​របស់​ពួកយើង​ក្នុង​ការបន្ត​ភ្ជាប់​ទំនាក់ទំនង​របស់​ប្រជាជន​កម្ពុជា​ និង​ការវិនិយោគ​លើ​ផ្នែក​នានា​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ចកម្ពុជា​ជាពិសេស​ក្នុង​ពេល​កសាង​អនាគត​ឌីជីថល​ដ៏មាន​ឥទ្ធិពល​របស់​កម្ពុជា​»​។

ទន្ទឹមនឹងនេះ កង្វះ​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ទូរគមនាគមន៍​កំពុង​បង្ក​ការរំខាន​នៃ​ការផ្តល់សេវា​ក្នុង​ឧស្សាហកម្ម​មួយ​នេះ លោក​ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កាលពី​ខែមិថុនា បាន​អំពាវនាវ​ឱ្យ​ប្រតិបត្តិករ​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ដាក់​ការវិនិយោគ​បន្ថែមទៀត​ ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​យ៉ាងខ្លាំង​នៃ​តម្រូវការ​​អ្នកប្រើប្រាស់​។

លោក វ៉ាន់ដេត បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន​ស្វែងរក​ប្រាក់ចំណេញ​ ដើម្បី​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​របស់​ពួកគេ​តែប៉ុណ្ណោះ ដោយ​មិន​ខ្វល់​នឹង​ការដាក់​ពង្រាយ​ឧបករណ៍​បន្ថែម​នោះទេ​»​។

គិត​ត្រឹម​ខែមេសា ឆ្នាំ​ ២០២១ ​កម្ពុជា​មាន​ប្រតិបត្តិករ​ទូរស័ព្ទ​ចំនួន​ ៥ ​គឺ ក្រុមហ៊ុន Smart, Cellcard, Viettel, Cootel ​និង Seatel ដោយមាន​អតិថិជន​ជាវ​អ៊ីនធឺណិត​ចល័ត​ចំនួន​ ១៧,៤៨ ​លាន​នាក់​គិត​ត្រឹម​ខែមេសា ឆ្នាំ ២០២១ ខណៈពេល​ដែល​អតិថិជន​អ៊ីនធឺណិត​ខ្សែ​មាន​ចំនួន​ ២៣៦ ៩៦២ ​នាក់​៕ LA