The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តម្រូវការ​សេវាកម្ម​សម្រាប់​ពិធីមង្គលការស្ទុះ​ងើប​​ឡើងវិញ​ ក្រោយ​ការបើកផ្លូវ​របស់​នាយករដ្ឋមន្ត្រី

តម្រូវការ​សេវាកម្ម​សម្រាប់​ពិធីមង្គលការស្ទុះ​ងើប​​ឡើងវិញ​ ក្រោយ​ការបើកផ្លូវ​របស់​នាយករដ្ឋមន្ត្រី

Content image - Phnom Penh Post
ចុងភៅ​កំពុង​ចម្អិនម្ហូប​សម្រាប់​ភ្ញៀវ​ដែល​ចូលរួម​ពិធីមង្គលការ​នៅ​ខេត្តតាកែវ​ក្នុង​ឆ្នាំ​ ២០១៦​។ ហុង មិនា

តម្រូវការ​សេវាកម្ម​សម្រាប់​ពិធីមង្គលការស្ទុះ​ងើប​​ឡើងវិញ​ ក្រោយ​ការបើកផ្លូវ​របស់​នាយករដ្ឋមន្ត្រី

ភ្នំពេញៈ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​ពី​ការបញ្ឈប់​ការកំណត់​ចំនួន​អ្នកចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ដោយ​គ្រាន់តែ​តម្រូវឱ្យ​អនុវត្តតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​នោះ សកម្មភាព​អាជីវកម្ម​នានា​ពាក់ព័ន្ធ​នឹង​ពិធី​នេះ ដូចជា ផ្នែក​ចុងភៅ សម្អាងការ និង​មជ្ឈមណ្ឌល​សម្រាប់​រៀបចំ​មង្គលការ ជាដើម បាន​ចាប់ផ្តើម​មាន​ឡើងវិញ​ជា​បណ្តើរៗ ដែលជា​ការឆ្លុះបញ្ចាំង​អំពី​ការងើប​ឡើងវិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ម្ចាស់​ដើមការ​អាច​រៀបចំ​ពិធីមង្គលការ ដោយ​មាន​មនុស្ស​ចូលរួម​មិន​កំណត់ ប៉ុន្តែ​ត្រូវគោរព​វិធានការ​សុខាភិបាល​ឱ្យ​ម៉ឺងម៉ាត់ ដោយ​លោក​បាន​ចាត់ទុកថា​នេះ​ជា​ការបើក​ទូលាយ​បន្ថែមទៀត​ សម្រាប់​ការបើក​ប្រទេស​ឡើងវិញ​។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ម្ចាស់​ដើមការ ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់​ចំពោះ​អ្នកចូលរួម​ពិធី​អាពាហ៍ពិពាហ៍ ដោយ​អញ្ជើញ​តែ​មនុស្ស​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ ២ ​ដូស​រួចហើយ ប៉ុន្តែ​ករណី​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ដោយសារ​ការហាមឃាត់​របស់​គ្រូពេទ្យ​មិនមែន​ជា​បញ្ហា​នោះទេ​។

លោក​ថា​៖ «​អ្នក​គេចវេះ​ពី​ការចាក់​វ៉ាក់សាំង មិនគួរ​គប្បី​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ក្នុង​អាពាហ៍ពិពាហ៍​ទេ ដែល​អាច​ទៅជា​ភ្នាក់ងារ​ចម្លង​ក្នុង​អាពាហ៍ពិពាហ៍​នោះ​»​។

លោក ទូច រដ្ឋា អ្នកគ្រប់គ្រង​ទូទៅ​ហាង​ចុងភៅ សេង ហុកហេង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៥ ​ខែវិច្ឆិកា​ថា ចាប់តាំងពី​ខែតុលា​មក​ខាង​ចុងភៅ សេង ហុកហេង បានទទួល​ការកក់​ជា​បណ្តើរៗ​ជា​លក្ខណៈ​សែន​ ១ ​ព្រឹក រហូត​ដល់​មាន​ការប្រកាស​បើក​ឱ្យមាន​ការរៀបចំ​អាពាហ៍ពិពាហ៍​ថែមទៀត​។ ការកក់​សម្រាប់​ពិធីមង្គលការ​បាន​កើនឡើង​ ១០ ​ដង​។

លោក​បាន​បន្ថែមថា​៖ «​ការកក់​នៅពេលនេះ​បាន​កើនឡើង​គំហុក បើ​យើង​និយាយ​ទៅ​គឺ​កើន​ខ្លាំង​គឺ​ប្រមាណ​ ១០ ​ដង​បើ​ធៀប​នឹង​កាលពី​មិនទាន់​ប្រកាស​បើក​ឡើងវិញ ព្រោះ​ពីមុនមក​អ្នក​ដែលមាន​គម្រោង​ក៏មិន​ទាន់​ហ៊ាន​គិតគូរ​អី​ដែរ ដោយសារ​មិនដឹងថា ស្ថានភាព​បែបណា ប៉ុន្តែ​ឥឡូវ​យើង​ដឹង​ស្ថានភាព​ច្បាស់​ទៅៗ​គឺ​មាន​ការបើក​ទូលាយ ទោះ​មិន​សេរី តែ​ក៏​ក្នុង​បើក​លក្ខណៈ​មាន​វិធានការ​ការពារ​ត្រឹមត្រូវ​»​។

អាជីវកម្ម​អគារ​ជួល​រៀបចំ​ពិធីមង្គលការ​ក៏​មើលឃើញ​នូវ​កំណើន​តម្រូវការ​ផងដែរ​។

លោក ទេ វង្ស អ្នកទទួល​រៀបចំ​ការកក់​នៅ​មជ្ឈមណ្ឌល​រៀបចំ​អាពាហ៍ពិពាហ៍ លាភ មង្គល ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​និយាយថា នៅក្នុង​រយៈពេល​ជាង​ ១ ​ខែ​ចុងក្រោយ​នេះ មជ្ឈមណ្ឌល​លាភមង្គល​ដែលមាន​អគារ​ចំនួន​ ៣ និង​ផ្ទុក​អ្នកចូលរួម​បាន​ជាង​ ៥០០ ​ក្នុង ១ ​អគារ បាន​ទទួល​ការកក់​ច្រើន​ជាពិសេស​សម្រាប់​ចុងឆ្នាំ​នេះ​ និង​ដើមឆ្នាំ​ក្រោយ​។

លោក​បញ្ជាក់ថា​៖ «​អគារ​យើង​មាន​ភាពធំ​ទូលាយ អ៊ីចឹង​យើង​អាច​រៀបចំ​ភ្ញៀវ​ពី​មួយ​តុ​ទៅមួយ ដោយមាន​ទុកចន្លោះ​ពី​ ១ ​ម៉ែត្រ​កន្លះ​ទៅ​ ២ ​ម៉ែត្រ យើង​ក៏​តម្រូវឱ្យ​ភ្ញៀវ​គាត់​មាន​អាល់កុល​តាម​ខ្លួន​ដែរ​។ មាន​អតិថិជន​ទាក់ទង​កក់​កន្លែង​ជាន់​គ្នា​ច្រើន​ដែរ​។ មួយវិញទៀត​ដោយសារ​ស្រុកយើង​មាន​អ្នក​ចាក់​វ៉ាក់សាំង​ច្រើន​ដែរ ហើយ​ស្ថានការណ៍​ក៏​ប្រសើរឡើង​ច្រើន អ៊ីចឹង​ខ្ញុំ​គិតថា ឆ្នាំក្រោយ​អាច​បើក​ទូលំទូលាយ​ជាង​ហ្នឹង​ទៀត​»​។

ម្ចាស់​សម្អាងការ​ប្រណីត​នារី អ្នកស្រី ថម ថានី បាន​ប្រាប់ថា មាន​អតិថិជន​ជាច្រើន​បាន​មក​រក​សេវាកម្ម​របស់​អ្នកស្រី និង​មាន​មួយចំនួន​បាន​ស្នើសុំ​ប្តូរ​ពី​ការរៀប​ពិធី​ ១ ​ព្រឹក ទៅ​ពេញ​ ១ ​ថ្ងៃ​វិញ បូករួម​នឹង​ការកក់​ថ្មី​ក៏មាន​ច្រើន​គួរសម​ដែរ​។

អ្នកស្រី​និយាយថា​៖ «​ពេល​សម្តេច​ប្រកាស​បើក ឥឡូវ​មាន​ភ្ញៀវ​មក​កក់​ច្រើន គ្រាន់តែ​មាន​អ្នក​កក់​ ១ ​ព្រឹក​សិន តែ​សម្រាប់​អ្នក​គម្រោង​រៀបចំ​ពិធី​នៅ​ខែក្រោយៗ​ទៀត បាន​សុំ​ប្តូរ​ពី​រៀបចំ​ពិធី​តែ​ ១ ​ព្រឹក​ទៅ​រៀបចំ​ពិធី​ពេញ​ ១ ​ថ្ងៃ​វិញ​»​។

អ្នកស្រី​បន្តថា មាន​ភ្ញៀវ​ខ្លះទៀត​ជួប​បញ្ហា ដោយសារ​តែ​ការកក់​ជួល​ទីតាំង​អគារ​រៀបចំ​មង្គលការ​មាន​ច្រើន ហើយ​ជាន់​ថ្ងៃ​គ្នា ធ្វើឱ្យ​អតិថិជន​ខ្លះ​មាន​ភាពស្ទាក់ស្ទើរ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា បាន​អនុញ្ញាត​ឱ្យមាន​ការចូលរួម​ក្នុង​ពិធីមង្គលការ និង​ពិធី​សាសនា​ផ្សេងៗ​ដោយ​មិន​កំណត់​ចំនួន ប៉ុន្តែ​ត្រូវគោរព​ឱ្យបាន​ហ្មត់ចត់​តាម​វិធាន​ការពារ​សុវត្ថិភាព ស្របតាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល និង​ដើម្បី​ការពារ​សុវត្ថិភាព​៕LA

អត្ថបទគួរចាប់អារម្មណ៍