តម្លៃ​ប្រេងឆៅ​បាន​កើនឡើង​លើសពី ៨០ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល ដោយសារ​មាន​តម្រូវការ​ប្រេងឥន្ធនៈ​ខ្ពស់ និង​កង្វះខាត​ការផ្គត់ផ្គង់ បន្ទាប់ពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​បាន​ងើបឡើង​វិញ​ពី​ជំងឺ​រាតត្បាត​។ បច្ចុប្បន្ន​តម្លៃ​ប្រេងឆៅ​ត្រូវបាន​ជួញដូរ​ក្នុង​ចន្លោះ ៨៥,៣៨ ដុល្លារ (​កម្រិត​ខ្ពស់​ក្នុង​ខែតុលា​) ទៅ ៧៨ ​ដុល្លារ (​កម្រិត​ទាប​ក្នុង​ខែវិច្ឆិកា​)​។ នៅ​ដើមខែ​វិច្ឆិកា​វិញ តម្លៃ​ប្រេង​ត្រូវបាន​ជួញដូរ​ដល់​កម្រិត​ខ្ពស់ ៨៤,៩២ ដុល្លារ បន្ទាប់ពី​អង្គការ OPEC+ បាន​បដិសេធ​ការអំពាវនាវ​ពី​ប្រធានាធិបតី​អាមេរិក​លោក Joe Biden លើ​ការផលិត​ប្រេង​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​តម្លៃ​ប្រេង និង​ឧស្ម័ន​។

យោងតាម​គេហទំព័រ foxbusiness.com លោក Jennifer Granholm ដែលជា​លេខាធិការ​ផ្នែក​ថាមពល​របស់លោក Joe Biden បាន​បញ្ជាក់ថា​៖ «​ប្រេង គឺជា​ទីផ្សារ​ពិភពលោក ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​ជួញដូរ (​អង្គការ OPEC) ហើយ​ពួកគេ​បាន​សម្រេចចិត្តថា​នឹងមិន​បង្កើន​កម្រិត​ផលិតកម្ម​ឱ្យលើស​ពីអ្វី​ដែល​បាន​គ្រោងទុក​នោះទេ​»​។

ម្យ៉ាងវិញទៀត កាលពី​សប្តាហ៍​មុន អង្គការ OPEC ក៏បាន​កាត់បន្ថយ​ការព្យាករ​តម្រូវការ​ប្រេង​ពិភពលោក​របស់ខ្លួន​សម្រាប់​ត្រីមាស​ទី​ ៤ ត្រឹម ៣៣០ ០០០ បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​ពី​ការព្យាករ​កាលពី​ខែ​មុន ខណៈ​ដែល​តម្លៃ​ថាមពល​ខ្ពស់​បាន​រារាំង​ដល់​ការងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចពិភពលោក​។ ប៉ុន្ដែ បើ​ផ្អែក​តាម​ការវិភាគ​ផ្នែក​បច្ចេកទេស​ទៅលើ​តារាង​តម្លៃ​ប្រចាំថ្ងៃ​វិញ តម្លៃ​ប្រេងឆៅ​កំពុងស្ថិត​ក្នុងទិសដៅ​ធ្លាក់ចុះ ឆ្ពោះ​ទៅ​តម្លៃប្រែប្រួល​ជា​មធ្យម​ក្នុង​រយៈពេល​ ៥០ ​ថ្ងៃ ក្នុងតម្លៃ ៧៧,៨៦ ​ដុល្លារ ខណៈពេល​តម្លៃប្រែប្រួល​ជា​មធ្យម​ក្នុង​រយៈពេល​ ២០០ ​ថ្ងៃ គឺ ៦៨,៩៨ ដុល្លារ​។

ដូច្នេះ សម្រាប់​ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ វិនិយោគិន​អាច​ស្វែងរក​ឱកាស​ជួញដូរ​ដោយ​លក់​តម្លៃ​ប្រេងឆៅ​ក្នុង​ចន្លោះ​ពី ៨០,៥០ ដុល្លារ ទៅ ៧៦ ដុល្លារ ដោយ​កំណត់​មុខងារ​បញ្ឈប់​ហានិភ័យ​នៅ​តម្លៃ ៨២ ដុល្លារ និង​មុខងារ​កាត់​យកប្រាក់​ចំណេញ​នៅ​​តម្លៃ ៧៦ ​ដុល្លារ​៕