ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា-ចិន បាន​ប្តេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កើន​ដល់ ១០ ​ពាន់​លាន​ដុល្លារ ក្នុង​ ១ ​ឆ្នាំ ខណៈ​ភាគី​ទាំង ២ ​បាន​ឯកភាព​គ្នា​លើ​ការដាក់​ឱ្យចូល​ជាធរ​មាននូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន​ (FTA) នៅ​ខែមករា ឆ្នាំ​ ២០២២​។ នេះ​ជា​ការអះអាង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ក្នុង​កិច្ចពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​លោក លី កេឈាង នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​ពី​បំណង​របស់​លោក​ក្នុង​ការជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ លោក​ក៏បាន​លើកសរសើរ​ចំពោះ​អត្រាកំណើន​សេដ្ឋកិច្ច​ចិន ៩,៨ ​ភាគរយ សម្រាប់ ៩ ​ខែ ឆ្នាំ​ ២០២១ ​នេះ​ផងដែរ ខណៈ​ប្រទេស​ស្ទើរ​ទាំងអស់​លើ​ពិភពលោក​មាន​កំណើន​ថយចុះ​។

នៅក្នុង​ឱកាស​នោះ​លោក លី កេឈាង ក៏បាន​យល់ស្រប​ថា​នឹង​ខិតខំ​ជំរុញ​ឱ្យ​មាន​ការធ្វើការ​រួមគ្នា​រវាង​ភាគី​ទាំង​ ២ ​ដើម្បី​ធ្វើយ៉ាងណា​ពិភាក្សា​គ្នា​ទៅលើ​កូតា​នាំ​អង្ករ​ចូលទៅ​ប្រទេស​ចិន និង​កសិផល​កម្ពុជា​ទៅ​ប្រទេស​ចិន​ដោយផ្ទាល់ តាមរយៈ​ការបង្កើត​យន្តការ​រួម​គ្នា​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ឱ្យដឹងថា នីតិវិធី​នៃ​ការចុះ​កិច្ចព្រមព្រៀង​នេះ គឺ​ភាគី​ទាំង​ ២ ​ត្រូវ​រៀបចំ​សេចក្តី​ជូនដំណឹង​ឱ្យ​គ្នា​ទៅវិញទៅមក​ ដើម្បី​បំពេញ​នីតិវិធី​សម្រាប់​ការប្រកាស​ចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​។ ចំណែក​នីតិវិធី​ក្នុង​ទំនាក់ទំនង​អន្តរជាតិ គឺជា​ភារៈ​ទទួល​ខុសត្រូវ​របស់​ក្រសួងការបរទេស ដោយ​ពេលនេះ​ក្រសួង​ការបរទេស​កំពុង​រៀបចំ​ការ​ជូនដំណឹង​នេះ​ទៅ​ភាគី​ចិន​ហើយ​។

លោក​បញ្ជាក់ថា​៖ «​ជារួម​ការចូល​ជា​ធរមាន​របស់​កិច្ចព្រមព្រៀង​នេះ​នឹង​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក​នៅ​ក្នុង​ខែមករា ឆ្នាំ​ ២០២២ ខាងមុខ​ដូច​ប្រសាសន៍​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហើយ​ក្រសួង​ពាណិជ្ជកម្ម​សង្ឃឹមថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​ដែល​កំពុង​កើនឡើង​នឹង​បន្ត​កើន​បន្ថែមទៀត​ ក្រោយពី​កិច្ចព្រមព្រៀង​នេះ​ចូល​ជាធរមាន ពិសេស​ការនាំ​ចេញពី​កម្ពុជា​នឹង​កើនឡើង​ថែមទៀត​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៦ វិច្ឆិកា​ថា ទោះ​ឆ្នាំមុនៗ ឆ្នាំនេះ និង​ឆ្នាំក្រោយៗ វិនិយោគិន​ចិន​នៅតែ​ឈរ​នៅ​លំដាប់​ទី​ ១ ដោយ​កិច្ចព្រមព្រៀង​នេះ​បានផ្តល់​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​កម្ពុជា​។ លោក​បន្ថែមថា ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន លោក​ក៏​រំពឹងថា កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​បន្ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​អនាគត​ទៅ​យើង​អស់ EBA ឬក៏​អស់ GSP ពី​សហរដ្ឋអាមេរិក យើង​ក៏​អាច​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចរចា​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​ជាមួយ​សហគមន៍​អឺរ៉ុប ក៏ដូចជា​អាមេរិក ដូច្នេះ​កិច្ចព្រមព្រៀង​កាន់តែច្រើន​មានឱកាស​កាន់តែ​ច្រើន​សម្រាប់​វិវត្ត​ខ្លួន​ក្នុង​ការផលិត និង​នាំចេញ​»​។

លោក ហុង វណ្ណៈ អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និយាយថា ការមាន​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​កាន់តែ​ច្រើន គឺជា​រឿង​ល្អ ប៉ុន្តែ​អ្វីដែល​លោក​ព្រួយបារម្ភ គឺ​បញ្ហា​ទំនិញ​។ លោក​លើកឡើង​ថា​៖ «​ចំណុច​ដែល​ពិបាក គឺ​បញ្ហា​ទំនិញ​ថា​តើ​យើង​មាន​ទំនិញ​ ឬ​ផលិតផល​អ្វី ដែល​វា​សមស្រប ហើយ​ឆ្លើយតប​នឹង​តម្រូវការ​របស់គេ​។ នៅ​កម្ពុជា​ទំនិញ​ក៏ដូចជា​ផលិតផល​ទាំងអស់​នៅមានកម្រិត​នៅឡើយ ដោយ​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការនាំចេញ​នោះទេ​»​។

យោងតាម​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ ​២០២១ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន មាន​ទឹកប្រាក់​ជិត ៧ ៩៦៨ ​លាន​ដុល្លារ​កើន ៣៨,៣៦ ​ភាគរយ​។ ក្នុងនោះ​នាំចេញ​មាន​ទឹកប្រាក់​ជាង ១ ០៩៣ ​លាន​ដុល្លារ​កើន ៥២,៧៤ ​ភាគរយ ខណៈ​ការនាំចូល​ពី​ចិន​មាន​ចំនួន ៦ ៨៧៥ ​លាន​ដុល្លារ កើន ៣៦,៣២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០៕ LA