The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពិព័រណ៍ VIDEX 2021 កម្ពុជា-វៀតណាម​នឹង​ធ្វើ​តាម​អនឡាញ​នៅ​ខែក្រោយ

ពិព័រណ៍ VIDEX 2021 កម្ពុជា-វៀតណាម​នឹង​ធ្វើ​តាម​អនឡាញ​នៅ​ខែក្រោយ

Content image - Phnom Penh Post
វៀតណាម និង​កម្ពុជា​នឹង​សហការ​គ្នា​រៀបចំ​ពិធី​តាំងពិព័រណ៍​ជា​ Vietnam Defence –Economic Exposition 2021 (VIDEX) តាមរយៈ​អនឡាញ។ FN

ពិព័រណ៍ VIDEX 2021 កម្ពុជា-វៀតណាម​នឹង​ធ្វើ​តាម​អនឡាញ​នៅ​ខែក្រោយ

ភ្នំពេញ៖ វៀតណាម និង​កម្ពុជា​នឹង​សហការ​គ្នា​រៀបចំ​ពិធី​តាំងពិព័រណ៍​ជា​ Vietnam Defence –Economic Exposition 2021 (VIDEX) តាមរយៈ​អនឡាញ ជា​លើកដំបូង​នៅ​ទីក្រុង​ហាណូយ​ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​ ២០២១​។

ក្រសួង​ពាណិជ្ជកម្ម​ក្នុង​នាម​ជា​អ្នកសម្របសម្រួល​ជាមួយ​ស្ថានទូត​វៀតណាម ក៏ដូចជា​គណៈកម្មការ​រៀបចំ​ពិព័រណ៍ VIDEX បាន​អញ្ជើញ​ក្រុមហ៊ុន​កម្ពុជា ដែល​ធ្វើ​ធុរកិច្ច​លើ​ផ្នែក​សិប្បកម្ម សេវាកម្ម និង​ឧស្សាហកម្ម អាច​ចូលក្នុង​ការតាំងព័រណ៍​នេះ​បាន ដើម្បី​ជំរុញ​កិច្ចសហការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​វៀតណាម-កម្ពុជា​។

លោក លី បិនឆុង (Le Bien Cuong) ​ទ្រីប្រឹក្សា​នៃ​ពិព័រណ៍ VIDEX នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ ១៧ ​វិច្ឆិកា​នេះ​ថា បច្ចុប្បន្ន​ក្រុម​ការងារ​រស់​លោក និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​កំពុង​មមាញឹក​ក្នុង​ការរៀបចំ​ពិព័រណ៍ ព្រោះថា​មាន​ក្រុមហ៊ុន​ខ្លះ​បាន​ទាក់ទង​មក​បណ្តើរៗ​ហើយ​។

លោក​បាន​បន្ថែមថា ដោយសារតែ​វៀតណាម​ និង​កម្ពុជា ទើបតែ​រៀបចំ​ពិព័រណ៍​តាមរយៈ​អនឡាញ​ជា​លើកដំបូង ដូចនេះ​ជួប​ការលំបាក​ច្រើន​ដែរ​។ យ៉ាងណាមិញ លោក​រំពឹងថា ទោះ​ពិព័រណ៍​នេះ​ត្រូវ​រៀបចំ​តាម​អនឡាញ​ក៏ដោយ តែ​នឹង​នៅមាន​ក្រុមហ៊ុន​ច្រើន​ចូលរួម​ដដែល​។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​វៀតណាម​សម្រេចបាន​ជាង​ ៦ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៧ ​ខែ​ដើមឆ្នាំ​ ២០២១ ​កើន​ជាង​ ១០០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ​នេះ​បើតាម​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃទី​ ១ ​ខែកញ្ញា​។

ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បានឱ្យដឹងថា​សព្វថ្ងៃ​វៀតណាម​ និង​កម្ពុជា​គឺជា​ដៃគូ​ដែល​អាច​ជឿ​ទុកចិត្តបាន​ក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ដែល​ឈរលើ​មូលដ្ឋាន​សមភាព​ប្រសិទ្ធភាព​ និង​ផលប្រយោជន៍​ទៅវិញទៅមក​ ដើម្បី​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​សម្រាប់​ប្រជាជន​ទាំង​ ២​។

ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បន្តថា​ក្នុង​រយៈពេល​ ៧ ​ខែ​ដើមឆ្នាំ​ ២០២១ ​ទំហំ​ពាណិជ្ជកម្ម​រវាង​វៀតណាម​ និង​កម្ពុជា​សម្រេចបាន​ ៦០៣៤ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ១០៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០​។

ក្នុងនោះ​ទំនិញ​វៀតណាម​នាំ​ចេញមក​កម្ពុជា​មាន​តម្លៃ​ជា​ប្រាក់​ ២ ៧៧៣ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ១៨,៣ ​ភាគរយ​ ខណៈ​ទំនិញ​កម្ពុជា​នាំចេញ​ទៅ​វៀតណាម​វិញ​មានតម្លៃ​ ៣ ២៦១ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ៤៥២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នាំចេញ​ទំនិញ​ទៅ​វៀតណាម​ក្នុងតម្លៃ​ ៣៨៥,៧៩ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ ​កើន​ ១៤,៨៨ ​ភាគរយ​ធៀប​នឹង​ ៣៣៥,៨២ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។ ​ទោះយ៉ាងណា​ការនាំ​ទំនិញ​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា​វិញ​បាន​ធ្លាក់ចុះ​ ៣,១៩ ​ភាគរយ​ដោយមាន​តម្លៃ​ ២,៦៣៤ ​ពាន់​លាន​ដុល្លារ​ធៀប​នឹង​ ២,៧១៨ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩៕

អត្ថបទគួរចាប់អារម្មណ៍