ភ្នំពេញៈ កម្ពុជា​ទទួលបាន​ប្រាក់​ជាង ២៨៣ ​លាន​ដុល្លារ​ពី​ការនាំចេញ​ផលិតផល​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េខាងត្បូង ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ ថយចុះ​ ១១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​ការ​នាំចូល​មានតម្លៃ​ជាង ៥០៨ ​លាន​ដុល្លារ ថយចុះ​ ១១ ​ភាគរយ​ផងដែរ​។ នេះ​បើតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (Kita)​។

ទិន្នន័យ​ទើប​ចេញផ្សាយ​របស់​ Kita ឱ្យដឹងថា​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​ផ្តាសាយ​សកល​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​កម្ពុជា និង​កូរ៉េ រយៈពេល​ ១០ ​ខែ​ឆ្នាំ​ ២០២១ មានតម្លៃ​សរុប ៧៩១,៥៩ ​លាន​ដុល្លារ ធ្លាក់ចុះ​ពី​ចំនួន ៨៨៥,៣២ ​លាន​ដុល្លារ ឬ​ស្មើនឹង ១០,៥៨ ​ភាពរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ដោយ​ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​មាន ២៨៣,០៨ ​លាន​ដុល្លារ ធ្លាក់ចុះ ១១ ​ភាគរយ​ពី​ចំនួន ៣១៨,១១ ​លាន​ដុល្លារ និង​ការនាំ​ចូល​ពី​ប្រទេស​កូរ៉េ មាន ៥០៨,៥១ ​លាន​ដុល្លារ​ធ្លាក់ចុះ​ ១១,៥ ​ភាគរយ​ពី​ចំនួន ៥៦៧,២១ ​លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​ពាណិជ្ជកម្ម​​ទ្វេភាគី​ក្នុង​ខែតុលា ឆ្នាំ​ ២០២១ គឺមាន​ទឹកប្រាក់​សរុប ៧២,៥ ​លាន​ដុល្លារ កើនឡើង ២,១៩ ​ភាគរយ​ពី ៧០,៩៥ ​លាន​ដុល្លារ នា​ខែតុលា ឆ្នាំ​ ២០២០​។ សម្រាប់​ការនាំ​ចេញពី​កម្ពុជា មាន​ទឹកប្រាក់ ២៣,៦៣ ​លាន​ដុល្លារ​កើនឡើង ១២,៩២ ​ភាគរយ និង​ការ​នាំចូល ៤៨,៨៦ ​លាន​ដុល្លារ ធ្លាក់ចុះ ២,៣ ​ភាគរយ​ពី ៥០,០២ ​លាន​ដុល្លារ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៦ ខែវិច្ឆិកា​ថា មូលហេតុ​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ ធ្លាក់ចុះ​គឺ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដែល​ទាញ​ទម្លាក់​ប្រាក់ចំណូល​គ្រួសារ កំណើន​សេដ្ឋកិច្ច និង​តម្រូវការ​ប្រើប្រាស់​ផលិតផល​គ្រប់ផ្នែក​។

លោក​បន្តថា ម្យ៉ាងទៀត​ផលិតផល​ដែល​ប្រទេស​ទាំង ២ ​ផលិត​មួយចំនួន​ក៏មាន​លក្ខណៈ​ស្រដៀង​គ្នា​។ ចំណុច​នេះ​ទាមទារ​ឱ្យ​កម្ពុជា​ត្រូវធ្វើ​ពិពិធកម្ម​លើ​ផលិតកម្ម​របស់​ខ្លួន​ឱ្យមាន​លក្ខណៈ​ចម្រុះ​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​ឧបសគ្គ​នៃ​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ដែល​កើតឡើង​ពី​ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​កូវីដ-១៩ បាន​ធ្វើឱ្យ​ការបញ្ជាទិញ​រវាង​កម្ពុជា និង​កូរ៉េ ធ្លាក់ចុះ​រៀងៗ​ខ្លួន​»​។

លោក​លើកឡើង​ទៀតថា ទោះយ៉ាងណា​បើ​គេ​ពិនិត្យមើល​លើ​ទិន្នន័យ​នាំចេញ-នាំចូល​រវាង​ប្រទេស​ទាំង ២ នា​ខែ​ចុងក្រោយ​នេះ ឃើញថា ចាប់ផ្តើម​កើនឡើង​វិញ​បណ្តើ​រហើយ​។ ចំនួន​នេះ​នឹង​កើនឡើង​ខ្លាំង​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ដែល​បាន​ចុះហត្ថលេខា​រួមគ្នា​កាលពី​ចុង​ខែ​តុលា​កន្លងមក ចូល​ជា​ធរមាន​។

កម្ពុជា និង​កូរ៉េ កាលពី​ចុងខែ​តុលា ទើប​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយគ្នា​តាម​តាម​ប្រព័ន្ធ​អនឡាញ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ខាងលើ​បាន​អះអាង​ទៀតថា​៖ «​ការសម្រេច​របស់​កម្ពុជា​ក្នុង​ការបើក​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ ចាប់ពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ក៏​នឹង​រួមចំណែក​ធ្វើឱ្យ​កំណើន​ពាណិជ្ជកម្ម​កម្ពុជា កូរ៉េ ងើបឡើង​មួយកម្រិត មុននឹង​ស្ទុះ​ឡើង​ខ្លាំង​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចូល​ជា​ធរមាន​»​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ខែកញ្ញា​ថា កិច្ចព្រមព្រៀង​សេរី​នេះ​ (CKFTA) ​នឹង​បង្កើត​ឱកាស​សម្រាប់​ការនាំចេញ​ទំនិញ​កម្ពុជា​មួយចំនួន​ទៅ​ប្រទេស​កូរ៉េ ដែលមាន​ដូចជា ផលិតផល​កសិផល កសិឧស្សាហកម្ម សម្លៀកបំពាក់ ស្បែកជើង កាបូប​ធ្វើដំណើរ កៅស៊ូ គ្រឿងបន្លាស់ គ្រឿង​ផ្គុំ​អេឡិចត្រូនិក និង​ផលិតផល​ឧស្សាហកម្ម​ធុន​ស្រាល​។ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ជួយ​សម្រួល​ដល់​ការនាំចូល​គ្រឿង​អេឡិចត្រូនិក ឱសថ និង​គ្រឿងបន្លាស់​រថយន្ត ព្រមទាំង​វត្ថុធាតុដើម គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​ផ្សេងទៀត​ដែល​ត្រូវការ​សម្រាប់​ឧស្សាហកម្ម​កម្ពុជា​។

លោក​លើកឡើង​ថា​៖ «​កិច្ចព្រមព្រៀង FTA នឹង​ផ្តល់​ការរួចពន្ធ​ដល់​ទំនិញ​កម្ពុជា​ជាង​ ១ ​ម៉ឺន​មុខ ទៅកាន់​កូរ៉េ​»​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​កូរ៉េ​មាន​ចំនួន ៨៨៤,៨៨ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០ ធ្លាក់ចុះ ១៧,៧៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​មាន​តម្លៃ​ជាង ៣១៧ លាន​ដុល្លារ ធ្លាក់ចុះ ៥,៤ និង​ការនាំចូល​ជាង ៥៦៧ ​លាន​ដុល្លារ​ធ្លាក់ចុះ ១៨,៦ ភាគរយ​។ នេះ​បើ យោងតាម Kita៕ LA