ភ្នំពេញៈ សកម្មភាព​នៃ​ការ​នាំចេញ-នាំចូល របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ (SSEZ) ក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២១ មាន​តម្លៃ​ប្រមាណ​ជាង ១,៧ ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត ៤០ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២០។ នេះ​បើ​តាម​ទិន្នន័យ​ពី SSEZ។

ទិន្នន័យ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃទី ១៧ ខែ​វិច្ឆិកា នេះ​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ដំណាច់​ខែ​តុលា ឆ្នាំ ២០២១ តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ (SSEZ) ទទួល​បាន​បរិមាណ​នាំចូល និង​នាំចេញ​សរុប ១ ៧៦៧ លាន​ដុល្លារ​អាមេរិក កើន​ឡើង ៣៨,៨១ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​កន្លង​មក។

SSEZ បាន​បញ្ជាក់​ថា៖ «តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​កំពុង​អភិវឌ្ឍ​ឱ្យ​ស្ថិតស្ថេរ ដោយ​ផ្តោត​លើ​ការ​ការពារ​ជំងឺ​រាតត្បាត​នៅ​លើ​ដៃ​ម្ខាង និង​ធានា​ការ​ផលិត​នៅ​លើ​ដៃ​ម្ខាង​ទៀត»។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​វិនិយោគ​លើ​ការ​ផលិត និង​វិធាន​ប្រយុទ្ឌ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​ជា​កត្តា​ដែល​ជំរុញ​ធ្វើ​ឱ្យ​ការ​នាំចេញ និង​នាំចូល​របស់ SSEZ កើន​ឡើង​ជា​បន្តបន្ទាប់។ ចំនួន​នេះ​នឹង​កើន​ឡើង​ខ្ពស់​បន្ថែម​ទៀត​ចាប់​ពី​ពេល​នេះ​តទៅ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បើក​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស​ឡើង​វិញ​ស្ទើរ ១០០ ភាគរយ​ហើយ​នាពេល​នេះ។

លោក​អះអាង​ថា៖ «ស្ថិរភាព​នៃ​ខ្សែ​ចង្វាក់​ផលិតកម្ម និង​កំណើន​នៃ​ការ​បញ្ជា​ទិញ បាន​ធ្វើ​ឱ្យ​ការ​នាំចូល​វត្ថុធាតុ​ដើម និង​ការ​នាំចេញ​ផលិតផល​សម្រេច របស់ SSEZ កើន​ឡើង​ជា​ប្រចាំ»។

លោក​លើក​ឡើង​ទៀត​ថា បន្ថែម​លើ​ការ​បើក​សេដ្ឋកិច្ច ច្បាប់​វិនិយោគ​ថ្មី​ដែល​ទើប​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ក៏​នឹង​ក្លាយ​ជា​ធាតុផ្សំ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ទាក់ទាញ​ឱ្យ​បាន​ការ​ចូល​មក​បណ្តាក់​ទុន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​នៅ​កម្ពុជា។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្ហាញ​ថា ក្នុង​រយៈពេល ៨ ខែ​ ឆ្នាំ ២០២១ ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា (ដកមាស) មាន​ទឹក​ប្រាក់​សរុប ១១ ០១០ លាន​ដុល្លារ កើន​ឡើង ២០,៤ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២០ និង​ការ​នាំចូល​ទំនិញ (ដកមាស) មាន​ទឹក​ប្រាក់ ១៤,៦ ពាន់​លានដុល្លារ កើន​ឡើង ២៦,៧ ភាគរយ។

កាល​ពី​ឆ្នាំ ២០២០ សហគ្រាស​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ បាន​នាំចូល និង​នាំចេញ សរុប​ជាង ១,៥៦ ពាន់​លាន​ដុល្លារ កើន​ឡើង ២៦,៥២ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩។ នេះ​បើ​យោង​តាម SSEZ៕ LA