ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹង​ថា សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា តាមរយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន ការ​គាំទ្រ​បច្ចេកទេស ការ​រៀបចំ​ព្រឹត្តិការណ៍​ជំរុញ​ពាណិជ្ជកម្ម។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃទី ១៨ ខែ​វិច្ឆិកា​នេះ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម នៅ​ក្នុង​ពិធី​ថ្លែង​សុន្ទរកថា​បើក​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តីពី​កម្ពុជា “ការ​ស្វែង​យល់​ពី​និន្នាការ និង​កាលានុវត្តភាព​ធុរកិច្ច​នៅ​កម្ពុជា” តាម​ប្រព័ន្ធ​វីដេអូ ឱ្យ​ដឹង​ថា ក្រៅ​ពី​នេះ សភា​ពាណិជ្ជកម្ម​អឺរ៉ុប ក៏​បាន​ជួយ​បោះពុម្ព​ផ្សាយ ឯកសារ​អេឡិចត្រូនិក ស្តីពី “e-Sourcing from Cambodia” និង “e-Business Opportunities in Cambodia”ផង​ដែរ។

លោកស្រី​បាន​បន្ត​ថា ការ​បោះពុម្ព​ផ្សាយ​នេះ បាន​គូស​បញ្ជាក់​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​គ្រោង​នឹង​រៀបចំ​នៅ​កម្ពុជា ជាពិសេស​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប​លើក​ទី១ (AEEBF1) ដែល​នឹង​រៀបចំ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ក្រោម​កិច្ច​សហការ​ជាមួយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សភា​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​ស្ថាប័ន​ដៃគូ​ទូទាំង​តំបន់​អាស៊ី និង​អឺរ៉ុប នៅ​ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ តាម​ប្រព័ន្ធ​វីដេអូ។

លោកស្រី​បន្ត​ថា ស្រប​តាម​ឱកាស​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន និង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន នៅ​ឆ្នាំ ២០២២ រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម មាន​សុទិដ្ឋិនិយម​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ក្នុង​ការ​ពន្លឿន​សមាហរណកម្ម​តំបន់ និង​សកល ដើម្បី​គាំទ្រ​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ប្រកប​ដោយ​ចីរភាព។

បើ​តាម លោកស្រី តឹករ៉េត កំរង ទន្ទឹម​នឹង​នេះ វិស័យ​ឯកជន មីក្រូ​សហគ្រាស សហគ្រាស​ខ្នាត​តូច និង​មធ្យម បាន​ដើរ​តួយ៉ាង​សំខាន់ និង​ជា​កត្តាលីករ​ជួយ​ជំរុញ​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ ក្រោយ​ពី​ជំងឺ​កូវីដ ១៩ កំណើន​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន និង​ការ​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​របស់​កម្ពុជា​ឆ្នាំ ២០៣០ និង ២០៥០៕