ភ្នំពេញ៖ គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ​បាន​សម្រេច​បន្ត​រក្សា​អត្រា​ការប្រាក់​បម្រុង​កាតព្វកិច្ច ក្នុង​អត្រា​ការប្រាក់​ ៧% ទាំង​ប្រាក់រៀល និង​ប្រាក់​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ និង​លើកកម្ពស់​ប្រសិទ្ធភាព​នយោបាយ​រូបិយវត្ថុ សម្រាប់​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១ ​នេះ​។

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញ​នៅ​កម្ពុជា (CMA) លោក កាំង តុងងី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៧ វិច្ឆិកា នេះ​ថា កន្លងមក​ការកំណត់​អត្រា​ការប្រាក់​ដុល្លារ​ជាង​ ១០% ដូចនេះ​កាលណា គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ អត្រា​ការប្រាក់​ធ្លាក់​នៅត្រឹម​ ៧% គឺ​អាចជួយ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ មាន​សាច់ប្រាក់​បន្ថែម ក្នុង​ការផ្តល់​ឥណទាន​ដល់​អតិថិជន​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​ដែល​យើង​ចាប់ផ្តើម​បើក​សេដ្ឋកិច្ច​ឡើងវិញ តម្រូវការ​ឥណទាន ឬ​សាច់ប្រាក់​មាន​ការកើនឡើង ដូច្នេះ​នៅពេលដែល​ធនាគារជាតិ​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​តម្កល់​លុយ​តិចជាង​មុន មានន័យថា​គ្រឹះស្ថាន​នៅសល់​លុយ​ច្រើនជាង​មុន សម្រាប់​ផ្តល់​ឥណទាន​ឱ្យ​អ្នកមាន​តម្រូវ​ការបើក​អាជីវកម្ម​ឡើងវិញ​»​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឱ្យ​ដឹងថា គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ បាន​សម្រេច​ចំនួន​ ៥ រួមមាន​៖

១. ​បន្ត​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់ តាមរយៈ​ការធ្វើអន្តរាគមន៍​លើ​អត្រា​ប្តូរប្រាក់​តាម​ការចាំបាច់

២. ​រក្សា​អត្រា​ការប្រាក់​ដេញថ្លៃ​នៃ​ប្រតិបត្តិការ​ផ្តល់​សន្ទនីយភាព ដោយមាន​ការធានា (LPCO) និង​ការផ្តល់​សន្ទនីយភាព​រយៈពេល​ខ្លី​ (MLF) ក្នុង​កម្រិត​សមស្រប

៣.​ផ្តល់​សន្ទនីយភាព​តាមរយៈ​យន្តការ LPCO ក្នុង​បរិមាណ ដែល​ជួយ​តម្រូវការ​ប្រាក់រៀល​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ

៤. ​បន្ត​រក្សា​អត្រា​ការប្រាក់​បម្រុង​កាតព្វកិច្ច​ក្នុង​អត្រា​ការប្រាក់ ​៧% ទាំង​ប្រាក់រៀល និង​ប្រាក់​ដុល្លារ​អាមេរិក

៥. ​បង្កើន​ការស្វែងយល់ និង​សម្រួលការ​ប្រើប្រាស់​ឧបករណ៍​ផ្តល់​សន្ទនីយភាព​ (MLF) ៕ LA