ភ្នំពេញៈ ឧស្សាហកម្ម​ផលិត​កង់​រថយន្ត​នៅ​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន Cart Tire Co., Ltd ក្នុង​ទឹក​ប្រាក់​ប្រមាណ ៣៥០ លាន​ដុល្លារ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​នាំ​ចេញ​សាកល្បង​ជា​លើក​ដំបូង​ទៅ​ទីផ្សារ​អន្តរជាតិ ខណៈ​អ្នក​ជំនាញ​និយាយ​ថា ក្រៅ​ពី​ការ​ធ្វើ​ពិពិធកម្ម​ផលិត​ផល​នាំ​ចេញ​ក្រុមហ៊ុន​នេះ​ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាញ​យក​ផលិតផល​ក្នុង​ស្រុក ១០០ ភាគរយ​មក​ប្រើប្រាស់។

Cart Tire Co., Ltd គឺ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Sailun International Holding (Hong Kong) Co., Ltd ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ប្រទេស​ចិន។ ក្រុម​ហ៊ុន​នេះ​បាន​ចាប់​ផ្តើម​សាងសង់​រោងចក្រ​របស់​ខ្លួន កាល​ពី​ដើម​ឆ្នាំ ២០២១ លើ​ផ្ទៃ​ដី​ទំហំ ៥០ ហិកតា​នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស ឈីលូ ជាន ពុចាយ ក្រុងបាវិត ខេត្តស្វាយរៀង ដោយ​អាច​បង្កើត​ការងារ​បាន​ជាង ៤ ០០០ កន្លែង។ ក្រៅ​ពី​វិនិយោគ​នៅ​កម្ពុជា​ ក្រុមហ៊ុន​នេះ​ក៏​វិនិយោគ​នៅ​ប្រទេស​វៀតណាម​តាំង​ពី​ឆ្នាំ ២០១១ ផងដែរ។

អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ១៨ ខែ​វិច្ឆិកាថា នេះ​ជា​របត់​ថ្មី​មួយ​ទៀត​របស់ប្រទេស​កម្ពុជា​ដែល​មាន​ផលិតផល​ថ្មីៗ កាន់តែ​ច្រើន​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។ តាម​ផែនការ​ ក្រុមហ៊ុន​នេះ​នឹង​នាំ​ចេញ​កង់​រថយន្តទៅ​ទីផ្សារ​ប្រទេស​ជាច្រើន​លើ​ពិភព​លោក​ពិសេស​ទីផ្សារ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប។

លោកប្រាប់ទៀតថា អ្វី​ដែល​ជា​លក្ខណ​ពិសេស​បំផុត​របស់​ក្រុមហ៊ុន​នេះ គឺ​ការ​ប្រើប្រាស់​ផលិតផល​ជ័រ​កៅស៊ូ​ក្នុង​ស្រុក ១០០ ភាគរយ ខណៈនៅ​ពេល​រោងចក្រ​ដំណើរការ​ពេញ​លេញ​វា​នឹង​អាច​ស្រូប​យក​ផលិតផល​កៅស៊ូ ក្នុង​ស្រុក​រហូត​ដល់​ជិត ៥០ ភាគរយ។

លោកអះអាងថា៖ «វឌ្ឍនភាព​របស់​ក្រុមហ៊ុន​នេះ នឹង​មិន​ត្រឹម​តែ​ជួយ​លើក​តម្កើង​កេរ្តិ៍​ឈ្មោះ​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំង​បាន​ជួយ​ដល់​អ្នក​វិនិយោគ​និង​ដាំ​កៅស៊ូ​ក្នុង​ស្រុក​ទាំង​ផ្នែក​ទីផ្សារ​និង​តម្លៃ​ផងដែរ»។

លោកបន្ថែមថា ផលិតផល​ដែល​សម្រេច​បាន​នាពេលនេះ ក៏​អាច​នឹង​ក្លាយ​ជា​អ្នក​ផ្គង់ផ្គង់​សម្រាប់​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជា ដែលកំពុង​តែ​កើន​ឡើង​ជា​បន្ត​បន្ទាប់​នាពេលនេះ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​បាន​បញ្ជាក់​ថា តាម​រយៈការ​សម្រេច​បាន​ផលិតផល​នាំ​ចេញ​ថ្មីៗ ជា​បន្តបន្ទាប់​នាពេលនេះ គេ​អាច​និយាយថា ឧស្សាហកម្ម​នៅ​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ឧស្សាហកម្ម​ធុន​មធ្យម និង ធំ ជា​បណ្តើរៗ ហើយ​ដោយ​មិន​ពឹង​ផ្អែក​តែ​ទៅ​លើ​ឧស្សាហកម្ម​ធុនស្រាល (វាយនភណ្ឌ) ទាំង​ស្រុង​ដូច​ពី​មុន​ទៀត​ទេ។

ឧស្សាហកម្ម​ផលិត​កង់​រថយន្ត​នៅ​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន Cart Tire Co., Ltd ក្នុង​ទឹក​ប្រាក់​ប្រមាណ ៣៥០ លាន​ដុល្លារ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​នាំ​ចេញ​សាកល្បង​ជា​លើក​ដំបូង​ទៅ​ទីផ្សារ​អន្តរជាតិ។ រូបថត សហការី

រាជរដ្ឋាភិបាលកម្ពុជា កាល​ពី​សប្តាហ៍មុន បាន​អនុម័ត​ឱ្យ​ក្រុមហ៊ុន​ចំនួន ២ គឺ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd និង​ក្រុមហ៊ុន EM Automobile Co., Ltd ក្នុង​ការ​ចាប់​ផ្តើម​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត និង​គម្រោង​បង្កើតរោងចក្រ​ផ្គុំ​ដំឡើង​គ្រឿងចក្រ​រថយន្ត​សណ្តោង និង​រថយន្ត​ដឹក​ទំនិញ​ធុនធ្ងន់​គ្រប់​ប្រភេទ ដែល​គម្រោង​ទាំង ២ មាន​ទឹក​ប្រាក់​វិនិយោគ​សរុប ៣៧,៣​លាន​ដុល្លារ។

អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក សុខ ចិន្តាសោភា ក្នុង​អំឡុងពេល​ដឹក​នាំ​គណៈប្រតិភូ CDC ចុះ​បំពេញ​ទស្សនកិច្ច​ការងារ​ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​សាងសង់​រោងចក្រ​របស់​ក្រុមហ៊ុន Cart Tire Co., Ltd កាល​ពី​ថ្ងៃទី ១ ខែ​កក្កដា ឆ្នាំ ២០២១ បាន​និយាយ​ថា ក្រុមហ៊ុន Cart Tire Co., Ltd នឹង​បញ្ជា​ទិញ​កៅស៊ូ​ក្នុង​ស្រុក ១០០ ភាគរយ​សម្រាប់​ប្រើប្រាស់​ជា​វត្ថុ​ធាតុដើម​ក្នុង​ការ​ផលិត​សម្បក​កង់​យានយន្ត​ដោយ​នៅ​ឆ្នាំ​ទី១ ក្រុមហ៊ុន​នឹង​ត្រូវ​ការ​កៅស៊ូ​ប្រមាណ ៥០ ០០០តោន ហើយ​នៅ​ឆ្នាំទី ៥ តម្រូវ​ការ​នឹង​កើន​ឡើង​ដល់ ១៥០ ០០០ តោន​ស្មើ​នឹង​ប្រមាណ ៤៣ ភាគរយ​នៃ​ផលិតកម្ម​កៅស៊ូ​ក្នុង​ស្រុក​សរុប​ឆ្នាំ ២០២០។

បន្ថែមពលើនេះ លោក សុខ ចិន្តាសោភា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក Fresh News កាល​ពី​ថ្ងៃទី ១៧ ខែ​វិច្ឆកា​ថា ក្នុង​ការ​នាំ​ចេញសាកល្បង​លើក​ដំបូង​នេះ ក្រុមហ៊ុន​បាន​នាំ​ចេញ​សម្បក​កង់​យានយន្ដ​ចំនួន ៨០​គ្រាប់​ទៅ​កាន់​ប្រទេស​វៀតណាម ខណៈ​ទំហំ​ផលិតកម្ម​ពេញ សមត្ថភាព​ក្នុង​មួយ​ថ្ងៃ​បាន​ប្រមាណ ១ ០០០ គ្រាប់។

នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខ កម្ពុជា​ក៏​ត្រៀម​ដំណើរការ​រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត​មួយ​ទៀត នៅ​ក្នុង​ខេត្ត​ព្រះសីហនុរបស់​ក្រុមហ៊ុន Jiangsu General។ គម្រោង​នេះ​មាន​ទុន​វិនិយោគ​ជាង ២០០ លាន​ដុល្លារ​និង​មាន​សមត្ថភាព​ផលិត​សម្បក​កង់​បាន​រហូត ដល់ ៦​លាន​ក្នុង​មួយ​ឆ្នាំ។

លោក លឹម ហេង បាន​បញ្ជាក់​ថា៖ «នៅ​ពេល​រោងចក្រ​ផលិត​កង់​រថយន្ត​ទាំងអស់​នៅ​កម្ពុជា​ដំណើរការ​ពេញ​លេញ ខ្ញុំ​គិត​ថា ទិន្នផល​កៅស៊ូដែល​ទីផ្សារ​ក្នុង​ស្រុក​ផលិត​បាន នឹង​មិន​គ្រប់​តាម​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​នោះ​ទេ ដែល​នឹង​អាច​មាន​ការ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស​បន្ថែម»៕

វីដេអូ៖