
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា លោក ប៉ាន សូរស័ក្តិ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា វឌ្ឍនភាពចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ទូទាំងប្រទេសកម្ពុជា គឺមានភាពល្អប្រសើរខ្លាំង។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១០ តាមប្រព័ន្ធវីដេអូ ( 10th AEM-Canada Consultations, Virtually) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក សូរស័ក្តិ បានលើកឡើងថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជាកំពុងទទួលបានលទ្ធផលវិជ្ជមានជាខ្លាំង។ តាមរយៈលទ្ធផលនេះបានជំរុញឱ្យប្រទេសកម្ពុជាសម្រេចធ្វើការលើកលែងនូវលក្ខខណ្ឌតម្រូវក្នុងការធ្វើចត្តាឡីស័កសម្រាប់ជនគ្រប់រូប(ធ្វើតេស្តរហ័សដោយទទួលលទ្ធផលអវិជ្ជមាន) ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ហើយមានបំណងធ្វើដំណើរចូលមកប្រទេសកម្ពុជា។
សូមបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១០ នេះត្រូវបានដឹកនាំដោយ លោក Awang Haji Mohd Amin Liew Bin Abdullah រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទី២ នៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច នៃប្រទេសព្រុយណេ ព្រមទាំងមានការចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់ តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។
យោងតាមក្រសួងពាណិជ្ជកម្ម បញ្ហាសំខាន់ៗដែលត្រូវបានលើកយកមកពិភាក្សារួមមាន ការកត់សម្គាល់លើអនុសាសន៍ដែលលើកឡើងដោយក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន ដើម្បីបន្តសហការជំរុញវិស័យធុរកិច្ច និងវិនិយោគរវាងអាស៊ាន និងកាណាដា, ការផ្លាស់ប្តូរទស្សនៈអំពីផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺកូវីដ១៩ និងកិច្ចសហប្រតិបត្តិការដើម្បីកាត់បន្ថយផលប៉ះពាល់ពីភាគីទាំងអស់ និងដោះស្រាយរាល់ការរំខាននានាចំពោះខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសម្រួលដល់លំហូរទំនិញចាំបាច់ឆ្លងកាត់ព្រំដែន, ការកត់សម្គាល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការការងារឆ្នាំ ២០២១-២០២៥ នៃសេចក្តីថ្លែងការណ៍រួមអាស៊ាន-កាណាដា ស្តីពីពាណិជ្ជកម្ម និងការវិនិយោគ, និងការកត់សម្គាល់លើស្ថានភាពនៃគម្រោងកសាងសមត្ថភាពក្រោមយន្តការដាក់ពង្រាយអ្នកជំនាញសម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ (EDM) និងកិច្ចសន្ទនាគោលនយោបាយពាណិជ្ជកម្ម៕