
ភ្ញៀវទេសចរប្រមាណជាង ១៣ ម៉ឺននាក់បានចេញដើរលេងកម្សាន្តក្នុងថ្ងៃទី ១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញៈ ភ្ញៀវទេសចរប្រមាណជាង ១៣ ម៉ឺននាក់បានចេញដើរលេងកម្សាន្តក្នុងថ្ងៃទី ១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលចំនួននេះត្រូវរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតនៅថ្ងៃទី ២ និងទី ៣ នៃពិធីបុណ្យនេះ។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ បានចាប់ផ្តើមពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា។
ទិន្នន័យបង្ហាញថា ក្នុងថ្ងៃទី ១ នៃពិធីបុណ្យអុំទូក ដែលត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ភ្ញៀវទេសចរដើរកម្សាន្តក្នុងក្របខ័ណ្ឌក្នុងប្រទេសមានចំនួនសរុប ១៣២ ០១៣ នាក់ក្នុងនោះភ្ញៀវជាតិមានចំនួន ១៣០ ០០២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២ ០១១ នាក់។ ទីតាំងទទួលបានភ្ញៀវទេសចរច្រើនជាងគេ រួមមាន ខេត្តព្រះសីហនុ ចំនួន ១៨ ០៧៣ នាក់, ខេត្តកំពត ១៥ ៨៤០ នាក់, ខេត្តសៀមរាប ១៥ ២៦០ នាក់, ខេត្តកែប ១២ ៨៨០ នាក់, ខេត្តមណ្ឌលគិរី ១០ ០១០ នាក់ និងខេត្តពោធិ៍សាត់ ៩ ៥៦៨ នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និយាយថា ចរន្តភ្ញៀវទេសចរមានភាពផុសផុលនៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស រាប់ទាំងគោលដៅទេសចរណ៍វប្បធម៌ តំបន់ឆ្នេរ អេកូទេសចរណ៍ កសិទេសចរណ៍ និងរមណីយដ្ឋានកែច្នៃបែបលក្ខណៈគ្រួសារជាដើម។ លោកបញ្ជាក់ថា៖ «តាមការវាយតម្លៃបឋម ភ្ញៀវទេសចរនឹងមានចំនួនកាន់តែច្រើននៅថ្ងៃទី ២ និងទី ៣ នៃព្រះរាជពិធីបុណ្យអុំទូកនេះ»។
លោកលើកឡើងទៀតថា ទោះបីពុំមានការប្រារព្ធពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ក៏ប្រជាពលរដ្ឋនៅតែដើរកម្សាន្តច្រើននៅមុខព្រះបរមរាជវាំង ខណៈកន្លែងខ្លះក៏មានការរៀបចំការប្រណាំងទូកខ្នាតតូច ដូចជានៅកោះប្រាក់ ស្រុកកៀនស្វាយ (ខេត្តកណ្តាល) និងនៅបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យ ជាដើម។
ឯកឧត្ដម ថោង ខុន បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានចេញដំណើរទៅតាមខេត្តតាំងពីល្ងាចទី ១៧ ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១៨ ចរាចរណ៍នៅតាមផ្លូវជាតិសំខាន់ៗមានសភាពកកកុញ ពិសេសផ្លូវជាតិលេខ ៦ ឆ្ពោះទៅខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តគោលដៅនៅភាគខាងជើង និងភាគពាយព្យ និងផ្លូវជាតិលេខ ៣ ឆ្ពោះទៅខេត្តកែប និងខេត្តកំពត។
យោងតាមលោក ថោង ខុន កំណើននៃចំនួនប្រជាជនចេញដើរកម្សាន្តនាពេលនេះ ក៏បាននិងកំពុងធ្វើឱ្យអត្រាកក់បន្ទប់ស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ គឺមានច្រើន ពិសេសខេត្តគោលដៅសំខាន់ៗ ដូចជា ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ជាដើម៕