ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ លោក ថោង ខុន បាន​ណែនាំ​ឱ្យ​មន្ទីរជំនាញ និង​ផ្នែក​ពាក់ព័ន្ធ ត្រូវខិតខំ​យកចិត្ត​បន្ត​ជំរុញ​ទេសចរណ៍​ផ្ទៃក្នុង​ឱ្យបាន​កាន់តែ​ខ្លាំង​ថែមទៀត​។

ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ផ្សព្វផ្សាយ «​ការទទួល​ទេសចរ​អន្តរជាតិ និង​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ពេញលេញ​ចូលក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​» នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប​។

លោក ថោង ខុន បាន​លើកឡើងថា ក្នុង​អំឡុងពេល​នៃ​ការឈប់​សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក រហូត​ដល់​ចុង​សប្តាហ៍​នេះ​នឹង​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ជាច្រើន​ធ្វើដំណើរ​កម្សាន្ត នៅ​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស ដែល​បាន​បើក​ដំណើរការ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ដែល​បង្កើត​បាន​ជា​ឱកាស​សម្រាប់​ទ្រទ្រង់​ដល់​ការងើប​ឡើង​វិញ ពេញលេញ​នៃ​វិស័យ​ទេសចរណ៍ និង​វិស័យសេដ្ឋកិច្ច​ផ្សេងៗ​។ លោក​បន្តថា ទោះយ៉ាងណា​ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព និង​អាច​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍ គឺ​ទាមទារ​ឱ្យមាន​ការយកចិត្ត​ដាក់​ឱ្យបាន​ខ្លាំង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

លោក​និយាយថា​៖ «​សូម​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​មូលដ្ឋាន​អាជីវកម្ម មន្ទីរ​ទេសចរណ៍ និង​ភ្ញៀវទេសចរ​ត្រូវខិតខំ​ចូលរួម​អនុវត្ត​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» វិធាន​សុខាភិបាល វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិ​ប្រតិ​ស្តង់ដា​អប្បបរមា (SOP) របស់​ក្រសួង​ទេសចរណ៍ វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឱ្យបាន​ហ្មត់ចត់​»​។

បន្ថែម​ពីលើ​នេះ​លោក​ក៏បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​រៀបចំ​ការហោះហើរ​ក្នុង​ស្រុក​ឡើងវិញ ដើម្បី​តភ្ជាប់​គោលដៅ​សំខាន់ៗ​ក្នុងប្រទេស​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិស័យ​ឯកជន​បាន​រៀបចំ​រួចហើយ​ក្នុង​ការចាប់ផ្តើម​ទទួលភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដោយ​នឹង​អនុវត្តតាម​សេចក្តី​ណែនាំ​របស់​ក្រសួង​ទេសចរណ៍ ក្រសួង​សុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត​។ លោកស្រី​ប្រាប់​ទៀត​ថា នៅពេលនេះ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ក៏មាន​នូវ​ផលិតផល​ទេសចរណ៍​ថ្មីៗ​ជាច្រើន​សម្រាប់​ភ្ញៀវ​ផងដែរ​៕