ភ្នំពេញៈ ចំនួន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ក្នុង​ថ្ងៃទី​ ២ នៃ​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក មាន​ចំនួន​ជាង ៣៣ ​ម៉ឺន​នាក់ កើន​ជាង ១៥២ ​ភាគរយ​បើ​ធៀប​នឹង​ថ្ងៃទី​ ១​។ នេះ​បើ​យោងតាម​ទិន្នន័យ​ក្រសួង ទេសចរណ៍​។

ទិន្នន័យ​បង្ហាញថា ក្នុង​ថ្ងៃ​ឈប់សម្រាក​ទី​ ២ នៃ​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក ដែល​ត្រូវ​នឹង​ថ្ងៃទី​ ១៩ ខែវិច្ឆិកា ឆ្នាំ​ ២០២១ មាន​ភ្ញៀវទេសចរ​សរុប ៣៣២ ៨៧៥ ​នាក់ បានចេញ​ដើរ​កម្សាន្ត​ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣២៨ ៤១២ ​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៤ ៤៦៣ ​នាក់​។ ចំនួន​នេះ​កើនឡើង ១៥២,១៥ ​ភាគរយ​បើ​ធៀប​នឹង​ថ្ងៃទី​ ១ ដែល​ធ្វើឱ្យ​ចំនួន​សរុប​រយៈពេល ២ ថ្ងៃ​កន្លងមក កើន​ដល់ ៤៦៤ ៨៨៨ ​នាក់​។

យោងតាម​ក្រសួង​ទេសចរណ៍​គោលដៅ​ទេសចរណ៍​សំខាន់ៗ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ទី ២ រួមមាន រាជធានី​ភ្នំពេញ ៦៦ ៧៥០ ​នាក់​, ខេត្តសៀមរាប ៤៧ ៧០២ ​នាក់​, ខេត្ត​ព្រះសីហនុ ៤៤ ២៤២ ​នាក់​, ខេត្តកំពត ៣៣ ២៥២ ​នាក់​, ខេត្ត​កែប ២៩ ១១៧ ​នាក់​, ខេត្តពោធិ៍សាត់ ២១ ៣១៣ ​នាក់​, ខេត្តបាត់ដំបង ១១ ១៨៩ ​នាក់​, ខេត្តមណ្ឌលគិរី ១០ ៦២០ ​នាក់ និង​ខេត្តរតនគិរី ១០ ១៧៨ ​នាក់​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​និយាយថា ដូច​ការរំពឹងទុក ចរន្ត​ភ្ញៀវទេសចរ​នា​ថ្ងៃ​ឈប់សម្រាក​ទី​ ២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បាន​កើនឡើង​យ៉ាងច្រើន​បើ​ធៀប​នឹង​ថ្ងៃ​ឈប់សម្រាក​ទី​ ១​។ សកម្មភាព​ទាំងអស់នេះ​អាច​ដំណើរការ​បាន ក៏​ដោយសារ​តែ​ការសម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបើក​ឱ្យមាន​សកម្មភាព​កម្សាន្ត​ជាច្រើន​ដំណើរការ​ឡើងវិញ បន្ទាប់ពី​បាន​បិទ​មួយរយៈ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា ការបើក​ដំណើរការ​សកម្មភាព​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ មិន​ត្រឹមតែ​ផ្តល់នូវ​កន្លែង​លម្ហែ​សម្រាប់​ភ្ញៀវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើន​ចំណូល​របស់​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​នៅ មូលដ្ឋាន​ផ្ទាល់​ថែម​ទៀតផង​។

លោក​ថ្លែងថា​៖ «​ការចល័ត​របស់​ភ្ញៀវទេសចរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នឹង​នៅតែមាន​សន្ទុះ​ខ្លាំង​រហូតដល់​ចុង​សប្តាហ៍ ស្រប​ពេល​ដែល​ការកក់​សណ្ឋាគារ​នៅតាម​គោលដៅ​សំខាន់ៗ​ដូចជា​ខេត្ត​ព្រះសីហនុ កែប កំពត សៀមរាប មណ្ឌលគិរី និង​រតនគិរី គឺ​នៅតែមាន​កម្រិត​ខ្ពស់ គឺ​ស្ថិតនៅ​ចន្លោះ​ពី ៨០-៩០ ​ភាគរយ​»​។

លោក​បាន​បន្ថែមទៀតថា ការគ្រប់គ្រង​គុណភាព​សេវាកម្ម ផលិតផល​ទេសចរណ៍ បរិស្ថាន អនាម័យ គឺ​ពុំមាន​បញ្ហា​កត់សម្គាល់​ណាមួយ​កើតឡើង​ទេ ស្រប​ពេលដែល​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ភាគច្រើន​បាន​ខិតខំ​ផ្តល់​សេវា​ជូន​ភ្ញៀវទេសចរ​ប្រកប​ដោយ​ស្តង់ដា​សុវត្ថិភាព និង​គុណភាព​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩៕

វីដេអូ៖