The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការរៀបចំ​ផ្ទះ​ត្រចៀកកាំ បាន​កើនឡើង ខណៈ​ទីផ្សារ​នៅ​ដដែល

ការរៀបចំ​ផ្ទះ​ត្រចៀកកាំ បាន​កើនឡើង ខណៈ​ទីផ្សារ​នៅ​ដដែល

Content image - Phnom Penh Post
ការសម្លឹង​ឃើញ​ពី​ឱកាស​ទីផ្សារ​ដែល​អាច​ទទួលបាន​តម្លៃ​ខ្ពស់ និង​ការជាប់គាំង​អាជីវកម្ម​ ដោយសារ​កូវីដ​ ១៩ បាន​បង្វែរ​ការចាប់អារម្មណ៍​ឱ្យ​អ្នក​មាន​ធនធាន​មួយចំនួន​ឱ្យមក​បណ្តាក់ទុន​លើ​ការចិញ្ចឹម​ត្រចៀកកាំ​។ សហការី

ការរៀបចំ​ផ្ទះ​ត្រចៀកកាំ បាន​កើនឡើង ខណៈ​ទីផ្សារ​នៅ​ដដែល

ភ្នំពេញៈ សកម្មភាព​នៃ​ការរៀបចំ​ផ្ទះ​ត្រចៀកកាំ បាន​បង្ហាញ​ពី​សញ្ញា​កើនឡើង​ជា​បន្តបន្ទាប់ បើទោះបី​ជា​បញ្ហា​ទីផ្សារ និង​តម្លៃ​ផលិតផល​ពី​ទឹកមាត់​ត្រចៀកកាំ មិន​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរឱ្យ​កត់សម្គាល់​ក៏ដោយ​។ នេះ​បើ​យោងតាម​អ្នក​នៅក្នុង​វិស័យ​មួយ​នេះ​។

លោក ទ្រី និមល ម្ចាស់​អាជីវកម្ម​រៀបចំ​ផ្ទះ​ត្រចៀកកាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីពេល​ថ្មីៗ​នេះ​ថា បើ​គិតពី​ចំនួន​អតិថិជន​ដែល​មករក​ក្រុមការងារ​របស់​លោក​ឱ្យជួយ​រៀបចំ ឬ​សង់ផ្ទះ​ត្រចៀកកាំ (​ទាំង​ផ្ទះ​ធំ និង​តូច​) ក្នុង​រយៈពេល ១០ ​ខែ​ដើមឆ្នាំ​ ២០២១ គឺមាន​ចំនួន​ជាង ៥០ ​កន្លែង ខណៈ​កាលពី​ឆ្នាំ​ ២០២០ ក្រុមការងារ​លោក​បាន​រៀបចំ ឬ​សង់ផ្ទះ​ត្រចៀកកាំ​បាន​ត្រឹម​តែ​ជាង ២០ ​កន្លែង​ប៉ុណ្ណោះ​។

លោក​បន្តថា កំណើន​នៃ​ការរៀបចំ ឬ​សង់ផ្ទះ​ថ្មី​សម្រាប់​ត្រចៀកកាំ អាច​បណ្តាល​មកពី​កត្តា​ចម្បង​ចំនួន ២ គឺ​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ អាជីវកម្ម​មួយចំនួន​មិនអាច​បើក​ដំណើរការ​បាន​ដែល​ធ្វើឱ្យ​អ្នកមាន​ទីតាំង និង​ធនធាន​មួយចំនួន​បង្វែរ​ប្រាក់​មក​សង់ផ្ទះ​ត្រចៀកកាំ​, និង​ទឹកមាត់ ឬ​សប្បុក​ត្រចៀកកាំ​មាន​តម្រូវការ​ទីផ្សារ​ច្រើនជាង​មុន​។

លោក​ប្រាប់ថា​៖ «​ការសម្លឹង​ឃើញ​ពី​ឱកាស​ទីផ្សារ​ដែល​អាច​ទទួលបាន​តម្លៃ​ខ្ពស់ និង​ការជាប់គាំង​អាជីវកម្ម​ ដោយសារ​កូវីដ​ ១៩ បាន​បង្វែរ​ការចាប់អារម្មណ៍​ឱ្យ​អ្នក​មាន​ធនធាន​មួយចំនួន​ឱ្យមក​បណ្តាក់ទុន​លើ​ការចិញ្ចឹម​ត្រចៀកកាំ​»​។

បើតាម​លោក និមល ការវិនិយោគ​លើ​ការចិញ្ចឹម​សត្វ​ត្រចៀកកាំ ប្រសិនបើ​មាន​ផ្ទះ​ស្រាប់ គេ​អាច​ចំណាយ​ប្រាក់​ចាប់ពី​ជាង ១ ​ម៉ឺន​ដុល្លារ​ឡើងទៅ​ក្នុង​ការរៀបចំ ប៉ុន្តែ​ប្រសិនបើ​មិនមាន​ផ្ទះ ដោយ​ត្រូវ​សង់ផ្ទះ​ថ្មី​គេ​អាច​ចំណាយ​ចាប់ពី ៣,៥ ​ម៉ឺន​ដុល្លារ​ឡើងទៅ​ សម្រាប់​ផ្ទះ​ដែលមាន​ទំហំ ៥x២០ ​ម៉ែត្រ​។

ប្រធាន​សហព័ន្ធ​សម្បុក​ត្រចៀកកាំ​កម្ពុជា​លោក ណាង សុធី បាន​និយាយថា ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ក្តីប្រាថ្នា​របស់​អ្នកវិនិយោគ​លើផ្ទះ​ត្រចៀកកាំ​ក្នុង​ការនាំចេញ​ផលិតផល​ទាំងនេះ​ដោយផ្ទាល់​ទៅ​ប្រទេស​ចិន​ត្រូវ​ស្ងប់ស្ងាត់ ព្រោះ​វិបត្តិ​កូវីដ​ ១៩ បានធ្វើឱ្យ​ផែនការ​ចុះមក​ពិនិត្យ​គុណភាព​នៅ​ទីតាំង​ផ្ទាល់​របស់​អ្នកជំនាញ​ចិន​នៅ​កម្ពុជា​ត្រូវ​ពន្យារពេល​ជា​បន្តបន្ទាប់​។

លោក​បន្តថា​៖ «​សម្រាប់​ពេលនេះ​ទីផ្សារ​ទឹកមាត់​ត្រចៀកកាំ​មិន​មាន​សញ្ញា​វិជ្ជមាន​គួរឱ្យ​កត់សម្គាល់​ទេ ព្រោះ​មិនមាន​ទីផ្សារ​ផ្ទាល់​នៅក្រៅ​ប្រទេស ពិសេស​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​ធំ និង​មាន​ប្រជាជន​និយម​ចូលចិត្ត​ទទួលទាន​»​។

យោងតាម​លោក សុធី គុណភាព​សម្បុក​ត្រចៀកកាំ​កម្ពុជា​ត្រូវបាន​គេ​ទទួលស្គាល់​ថា មាន​គុណភាព​ល្អ ព្រោះ​កម្ពុជា​មាន​តំបន់​ធម្មជាតិ​ច្រើន និង​មិនសូវមាន​ឧស្សាហកម្ម​ធំៗ​ដែល​បញ្ចេញ​ផ្សែង​ច្រើន​។

កន្លងមក​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ចិន ដើម្បី​នាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន​ដោយផ្ទាល់​ទៅ​ទីផ្សារ​របស់​ចិន ដែល​មាន​ដូចជា ទឹកមាត់​ត្រចៀកកាំ ផ្លែ​មៀនប៉ៃលិន ម្រេច ទុរេន ក្រូចថ្លុង​ជាដើម​។

យោងតាម លោក ណាង សុធី តម្លៃ​ផលិតផល​ពី​សត្វ​ត្រចៀកកាំ​នៅ​កម្ពុជា​មិន​ប្រែប្រួល​ទេ​នាពេលនេះ​ធៀប​នឹង​ចុងឆ្នាំ ២០២០ ដោយ​សម្បុក​ត្រចៀកកាំ​មិនទាន់​សម្អាត​មានតម្លៃ​ពី ៥០០-៨០០ ដុល្លារ ក្នុង ១ គីឡូក្រាម និង​សម្បុក​សម្អាត​រួច​មាន​តម្លៃ​ពី ១ ៨០០ ដុល្លារ ដល់ ៣ ៥០០ ដុល្លារ​។ នៅ​កម្ពុជា​មានផ្ទះ​អភិរក្ស​ត្រចៀកកាំ​ប្រមាណ ៣ ០០០ ខ្នង​៕

អត្ថបទគួរចាប់អារម្មណ៍