
សកម្មភាពរបស់ក្រុមបុគ្គលិកនៃក្រុមហ៊ុនកែច្នៃផលិតផលពីទឹកមាត់ត្រចៀកកាំ កំពុងសម្អាតសម្បុកត្រចៀកកាំ មុននឹងយកទៅដាក់លក់។ ហេង ជីវ័ន
ភ្នំពេញៈ អ្នកប្រកបអាជីវកម្មផលិតផលទឹកមាត់ត្រចៀកកាំរំពឹងថា ការនាំចេញផលិតផលទឹកមាត់ត្រចៀកកាំជាផ្លូវការទៅទីផ្សារអន្តរជាតិ នឹងជួយធ្វើឱ្យទីផ្សារនេះកាន់តែមានភាពល្អប្រសើរ។
អ្នកស្រី មាន នាង ដែលប្រកបអាជីវកម្មផលិតទឹកមាត់ត្រចៀកកាំជាលក្ខណៈគ្រួសារនារយៈពេល ២ ឆ្នាំមកនេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ២១ ខែវិច្ឆិកាថា តម្លៃ និងបរិមាណនៃការលក់ទឹកមាត់ត្រចៀកកាំរបស់អ្នកស្រីមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ទេក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ នេះ។
អ្នកស្រីនិយាយថា៖ «ខ្ញុំគិតថា ប្រសិនបើមានការនាំចេញជាផ្លូវការទៅទីផ្សារអន្តរជាតិ វានឹងធ្វើឱ្យទីផ្សារនេះកាន់តែល្អ ហើយនឹងមានអ្នកវិនិយោគលើការចិញ្ចឹម និងកែច្នៃផលិតផលពីសត្វត្រចៀកកាំកាន់តែច្រើន»។
ប្រធានសហព័ន្ធសម្បុកត្រចៀកកាំកម្ពុជា លោក ណាង សុធី និយាយថា ការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យក្តីប្រាថ្នារបស់អ្នកវិនិយោគលើផ្ទះត្រចៀកកាំក្នុងការនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនត្រូវស្ងប់ស្ងាត់។
លោកថ្លែងថា៖ «សម្រាប់ពេលនេះទីផ្សារទឹកមាត់ត្រចៀកកាំនៅមិនមានសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ទេ ព្រោះមិនមានទីផ្សារផ្ទាល់នៅក្រៅប្រទេស ពិសេសប្រទេសចិន ដែលជាទីផ្សារធំ និងមានប្រជាជននិយមចូលចិត្ត»។
បើយោងតាមលោក សុធី គុណភាពសម្បុកត្រចៀកកាំកម្ពុជាត្រូវគេទទួលស្គាល់ថា មានគុណភាពល្អ ព្រោះកម្ពុជាមានតំបន់ធម្មជាតិច្រើន និងមិនសូវមានឧស្សាហកម្មធំៗបញ្ចេញផ្សែងទេ។
បើតាម លោក សុធី តម្លៃផលិតផលពីសត្វត្រចៀកកាំកម្ពុជាមិនប្រែប្រួលទេនាពេលនេះធៀបចុងឆ្នាំ ២០២០ ដោយសម្បុកត្រចៀកកាំមិនទាន់សម្អាតមានតម្លៃពី ៥០០-៨០០ ដុល្លារក្នុង ១ គីឡូក្រាម និងសម្បុកសម្អាតរួចមានតម្លៃពី ១ ៨០០-៣ ៥០០ ដុល្លារ។ នៅកម្ពុជាមានផ្ទះអភិរក្សសត្វត្រចៀកកាំប្រមាណ ៣ ០០០ ខ្នង។
លោក ទ្រី និមល ម្ចាស់អាជីវកម្មរៀបចំផ្ទះត្រចៀកកាំបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗនេះថា បើគិតពីចំនួនអតិថិជនដែលមករកក្រុមការងាររបស់លោកឱ្យជួយរៀបចំ ឬសង់ផ្ទះត្រចៀកកាំ (ទាំងផ្ទះធំ និងតូច) ក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ ២០២១ គឺមានជាង ៥០ កន្លែង ខណៈកាលពីឆ្នាំ ២០២០ ក្រុមលោកបានរៀបចំ ឬសង់ផ្ទះត្រចៀកកាំបានត្រឹមជាង ២០ កន្លែងប៉ុណ្ណោះ។
លោកប្រាប់ថា៖ «ការសម្លឹងឃើញពីឱកាសទីផ្សារដែលអាចទទួលបានតម្លៃខ្ពស់ និងការជាប់គាំងអាជីវកម្ម ដោយសារកូវីដ ១៩ បានបង្វែរការចាប់អារម្មណ៍អ្នកមានធនធានខ្លះឱ្យមកបណ្តាក់ទុនលើការចិញ្ចឹមត្រចៀកកាំ»។
បើតាមលោក និមល ការវិនិយោគលើការចិញ្ចឹមសត្វត្រចៀកកាំ ប្រសិនបើមានផ្ទះស្រាប់ គេអាចចំណាយប្រាក់ចាប់ពីជាង ១ ម៉ឺនដុល្លារឡើងទៅក្នុងការរៀបចំ ប៉ុន្តែប្រសិនបើមិនមានផ្ទះ ដោយត្រូវសង់ផ្ទះថ្មីគេអាចចំណាយចាប់ពី ៣,៥ ម៉ឺនដុល្លារឡើងទៅសម្រាប់ផ្ទះដែលមានទំហំ ៥x២០ ម៉ែត្រ។
កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់សំណើទៅរដ្ឋាភិបាលចិន ដើម្បីនាំចេញផលិតផលកសិកម្មមួយចំនួនដោយផ្ទាល់ទៅទីផ្សាររបស់ចិន ដែលមានដូចជា ទឹកមាត់ត្រចៀកកាំ ផ្លែមៀនប៉ៃលិន ម្រេច ទុរេន ក្រូចត្លុងជាដើម៕ LA
វីដេអូ៖