ភ្នំពេញៈ ភ្ញៀវទេសចរ​ប្រមាណ​ជាង ៩១ ​ម៉ឺន​នាក់​បានចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុងប្រទេស​នា​អំឡុងពេល ៣ ​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុក ឆ្នាំ​ ២០២១ ដោយ​កើន​ជាង ៥៤ ​ភាគរយ​បើ​ធៀប​ទៅនឹង​អំឡុង​ព្រះរាជ​ពិធីបុណ្យ​នេះ​កាលពី​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​។

ទិន្នន័យ​បង្ហាញថា នាឱកាស​ថ្ងៃ​ឈប់​រយៈពេល ៣ ​ថ្ងៃ​នៃ​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក ចាប់ពី​ថ្ងៃទី​ ១៨-២០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ភ្ញៀវទេសចរ​ដែល​ដើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​សរុប ៩១០ ១៥០ ​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៨៩៩ ៨៦៩ ​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១០ ២៨១ ​នាក់​។ ភ្ញៀវ​ដែល​ដើរ​កម្សាន្ត​នៅក្នុង​ថ្ងៃទី​ ១ នៃ​ពិធីបុណ្យ​ឆ្នាំនេះ​មាន​ចំនួន ១៣២ ០១៣ ​នាក់​, ថ្ងៃទី​ ២ ចំនួន ៣៣២ ៨៧៥ ​នាក់ និង​ថ្ងៃទី​ ៣ ចំនួន ៤៤៥ ២៦២ ​នាក់​។

យោងតាម​ក្រសួង គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​រាជធានី​ភ្នំពេញ ១៩៩ ៨៣៥ ​នាក់​, សៀមរាប ១១៨ ១៤៦ ​នាក់​, ព្រះសីហនុ ១១១ ៣២២ ​នាក់​, កំពត ៨៣ ៤៦៦ ​នាក់​, កែប ៧៥ ៨៦៥ ​នាក់​, ពោធិ៍សាត់ ៥៣ ៨០៧ ​នាក់​, បាត់ដំបង ៣៨ ៦៦៧ ​នាក់​, កំពង់ស្ពឺ ៣៧ ៤៦៥ ​នាក់​, មណ្ឌលគិរី ៣២ ៩៥៧ ​នាក់​, ខេត្តកណ្តាល ២៧ ២៨០ ​នាក់ និង​ខេត្ត​រតនគិរី ២៤ ៥៩៦ ​នាក់​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា ចំនួន​ភ្ញៀវទេសចរ​រយៈពេល ៣ ​ថ្ងៃ​បាន​ស្ទុះ​កើនឡើង​គួរឱ្យ​កត់សម្គាល់ ហើយ​ភ្ញៀវទេសចរ​សុទ្ធតែ​បង្ហាញ​ពី​ក្តី​រីករាយ​ក្នុង​ការដើរ​កម្សាន្ត ពិសេស​ក្រោយ​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ បាន​ពេញលេញ និង​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​ត្រឡប់​ទៅរក​ប្រក្រតីភាព​ថ្មី​ជា​បណ្តើរៗ​។

លោក ថោង ខុន បាន​ថ្លែងថា​៖ «​កត្តា​ទាំងអស់នេះ សបញ្ជាក់​ឱ្យឃើញ​នូវ​ដំណើរ​ត្រឡប់​ទៅរក​ប្រក្រតីភាព​ថ្មី និង​ធ្វើឱ្យមាន​ចរន្ត​សេដ្ឋកិច្ច​មាន​ដំណើរការ​ឡើងវិញ ពិសេស​សម្រាប់​មូលដ្ឋាន​អាជីវកម្ម និង​វិស័យ​ឯកជន ដែល​បាន​ផ្អាក​សកម្មភាព​នាពេល​កន្លងមក​»​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ២១ ខែវិច្ឆិកា ថា កំណើន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ក្នុងឱកាស​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​គឺ​មាននៅ​គ្រប់​គោលដៅ​។ កំណើន​នេះ​បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា ការធ្លាក់ចុះ​នៃ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ការយល់ដឹង និង​ចូលរួម​អនុវត្ត​វិធានការ​ការពារ​កូវីដ​ ១៩ និង​ការបើក​ទូលាយ​ពី​សំណាក់​អាជ្ញាធរ​ក្នុង​ការដើរ​កម្សាន្ត​។

លោក​បញ្ជាក់ថា​៖ «​នេះ​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ហើយក៏​អាចជា​ការសាកល្បង​មួយទៀត​សម្រាប់​ការគ្រប់គ្រង​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​សហគមន៍​។ ប្រសិនបើ​មិនមាន​ការឆ្លង​រាលដាល​ច្រើន ខ្ញុំ​អាច​និយាយថា គឺជា​ជោគជ័យ​ដ៏ធំ​សម្រាប់​រដ្ឋាភិបាល​នៅក្នុង​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំងប្រទេស​ផងដែរ​»​។

លោក ហូ វណ្ឌី ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ វើលដ៏អ៊ិចប្រេស​ បាន​និយាយថា នេះ​ជា​ព័ត៌មាន​ដ៏ល្អ​ពី​ការចាប់ផ្តើម​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ ហើយក៏​ជា​ព័ត៌មាន​នាំ​ផ្លូវ​សម្រាប់​ភ្ញៀវ​បរទេស​ក្នុង​ការធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​នេះ​ជា​សម្ទុះ​មួយ​ដ៏ខ្លាំង និង​ជា​សញ្ញា​បង្ហាញ​ពី​ការវិវត្ត​ឡើងវិញ​នៃ​ការកម្សាន្ត​របស់​ប្រជាជន​ក្នុងស្រុក បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ មាន​ភាព​ធូរស្បើយ​ឡើងវិញ​»​។

ជាមួយ​គ្នា​នេះ លោក វណ្ឌី ក៏បាន​ស្នើឱ្យ​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ប្រជាពលរដ្ឋ ព្រមទាំង​អាជ្ញាធរ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សេចក្តីណែនាំ​របស់​រដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ក៏ដូចជា​ចូលរួម​ជួយ​ទប់ស្កាត់​ការលក់​ដំឡើងថ្លៃ​លើស​កំណត់ និង​ការថែរក្សា​បរិស្ថាន​ជាដើម​៕ LA

វីដេអូ៖