ភ្នំពេញៈ អ្នកជំនាញ​បាន​អះអាង​ថា ការចាប់ផ្តើម​នាំចេញ​សាកល្បង​នូវ​ផលិតផល​សម្បក​កង់រថយន្ត​របស់​ក្រុមហ៊ុន Cart Tire Co., Ltd ទៅ​ទីផ្សារ​អន្តរជាតិ គឺជា​ការធ្វើ​ពិពិធកម្ម​ទីផ្សារ និង​បាន​ផ្តល់នូវ​ទំនុកចិត្ត និង​លំនឹង​ដល់​អ្នក​ដាំដុះ និង​វិនិយោគ​ដំណាំ​កៅស៊ូ​ក្នុង​ស្រុក​បាន​មួយកម្រិត​។

ក្រុមហ៊ុន Cart Tire Co., Ltd ថ្មីៗ​នេះ​បាន​ធ្វើការ​នាំចេញ​សាកល្បង​នូវ​សម្បក​កង់​រថយន្ត​ជា​លើកដំបូង​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។ Cart Tire Co.,Ltd គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Sailun International Holding (Hong Kong) Co., Ltd ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ប្រទេស​ចិន​។

លោក ម៉ែន សុភក្តិ ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ សុភក្តិនីកា ដែលជា​ក្រុមហ៊ុន​ដាំដុះ និង​នាំចេញ​កៅស៊ូ ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២១ ខែវិច្ឆិកា​ថា ការនាំចេញ​សម្បក​កង់​រថយន្ត​ដែល​ផលិត​ពី​ជ័រកៅស៊ូ នៅក្នុង​ស្រុក​របស់​ក្រុមហ៊ុន Cart Tire Co., Ltd កាលពី​ពេល​ថ្មីៗ គឺជា​សញ្ញា​ល្អ​មួយ​សម្រាប់​អ្នក​នៅក្នុង​វិស័យ​កៅស៊ូ​កម្ពុជា ដោយ​វា​នឹង​ជួយ​ឱ្យ​អ្នក​ដាំដុះ និង​វិនិយោគ​មាន​សង្ឃឹមថា ទីផ្សារ​នេះ​នឹងមាន​ភាពល្អប្រសើរ ខណៈ​កន្លងមក​ជ័រកៅស៊ូ​កម្ពុជា ភាគច្រើន​ត្រូវបាន​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​ក្រៅប្រទេស​។

លោក​ថ្លែងថា​៖ «​វា​បង្ហាញ​ពី​ចំណុច​ចាប់ផ្តើម​ដ៏ល្អ ហើយ​អ្នក​ដាំ​កៅស៊ូ​នៅ​កម្ពុជា​នឹងមាន​ភាពកក់ក្តៅ ព្រោះ​កន្លងមក​ទិន្នផល​កៅស៊ូ​កម្ពុជា​ត្រូវបាន​នាំចេញ​ស្ទើរតែ ១០០ ​ភាគរយ​។ នៅពេល​មាន​ក្រុមហ៊ុន​មក​វិនិយោគ​កែច្នៃ​ជ័រកៅស៊ូ​ទៅ​ជា​ផលិតផល​សម្រេច គឺជា​ការល្អ​ណាស់​»​។

លោក​លើកឡើង​ទៀតថា ក្រុមហ៊ុន Cart Tire Co., Ltd នឹង​ចូលរួម​ប្រមូល​ទិញ​ផលិតផល​កៅស៊ូ​ពី​ប្រជាកសិករ​បាន​មួយចំណែក​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង និយាយថា នេះ​ជា​របត់​ថ្មី​មួយទៀត​របស់​ប្រទេស​កម្ពុជា​ដែល​មាន​ផលិតផល​ថ្មីៗ​កាន់តែ​ច្រើន​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ តាម​ផែនការ​ក្រុមហ៊ុន​នេះ​នឹង​នាំចេញ​កង់​រថយន្ត​ទៅ​ទីផ្សារ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ពិសេស​ទីផ្សារ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។

លោក​ប្រាប់ទៀតថា អ្វី​ដែលជា​លក្ខណពិសេស​បំផុត​របស់​ក្រុមហ៊ុន​នេះ គឺ​ការប្រើប្រាស់​ផលិតផល​ជ័រកៅស៊ូ​ក្នុងស្រុក ១០០ ភាគរយ ខណៈ​នៅពេល​រោងចក្រ​នេះ​ដំណើរការ​ពេញលេញ វា​នឹង​អាច​ស្រូបយក​ផលិតផល​កៅស៊ូ ក្នុងស្រុក​រហូតដល់​ជិត ៥០ ​ភាគរយ​។

លោក​អះអាងថា​៖ «​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​នេះ​នឹង​មិន​ត្រឹមតែ​ជួយ​លើកតម្កើង​កេរ្តិ៍ឈ្មោះ​ផលិតផល​នាំចេញ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​អ្នកវិនិយោគ និង​ដាំ​កៅស៊ូ​ក្នុងស្រុក​ទាំង​ផ្នែក​ទីផ្សារ និង​តម្លៃ​»​។

លោក​បន្ថែមថា ផលិតផល​ដែល​សម្រេចបាន​នាពេលនេះ ក៏​អាច​នឹង​ក្លាយជា​អ្នកផ្គង់ផ្គង់​សម្រាប់​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជា ដែល​កំពុងតែ​កើនឡើង​ជា​បន្តបន្ទាប់​។

រដ្ឋាភិបាល​កម្ពុជា នៅក្នុង​ខែវិច្ឆិកា​នេះ​បាន​អនុម័ត​ឱ្យ​ក្រុមហ៊ុន​ចំនួន ២ គឺ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd និង​ក្រុមហ៊ុន EM Automobile Co., Ltd ក្នុង​ការចាប់ផ្តើម​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត និង​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​គ្រឿងចក្រ​រថយន្ត​សណ្តោង និង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ដែល​គម្រោង​ទាំង ២ មាន​ទឹកប្រាក់​វិនិយោគ​សរុប ៣៧,៣ ​លាន​ដុល្លារ​។

លោក លឹម ហេង បញ្ជាក់​ថា តាមរយៈ​ការសម្រេច​បាន​ផលិតផល​នាំចេញ​ថ្មីៗ​ជា​បន្តបន្ទាប់​នាពេលនេះ គេ​អាច​និយាយថា ឧស្សាហកម្ម​កម្ពុជា​កំពុង​ឈានទៅរក​ឧស្សាហកម្ម​ធុន​មធ្យម និង​ធំ ជា​បណ្តើរៗ​ដោយ​មិន​ពឹង​ផ្អែក​ទៅលើ​ឧស្សាហកម្ម​ធុន​ស្រាល (​វាយនភណ្ឌ​) ​ទាំងស្រុង​ដូច​មុន​ទៀត​ទេ​។

លោក សុក ចិន្តាសោភា អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​ក្នុងអំឡុងពេល​ដឹកនាំ​គណៈប្រតិភូ CDC ចុះ​បំពេញ​ទស្សនកិច្ច​ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការកសាង​រោងចក្រ​របស់​ក្រុមហ៊ុន Cart Tire Co., Ltd កាលពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ ២០២១ បាន​និយាយថា ក្រុមហ៊ុន Cart Tire Co., Ltd នឹង​បញ្ជា​ទិញ​កៅស៊ូ​ក្នុងស្រុក ១០០ ​ភាគរយ​សម្រាប់​ប្រើ​ជា​វត្ថុធាតុដើម​នៅក្នុង​ការផលិត​សម្បក​កង់​យានយន្ត​ដោយនៅ​ឆ្នាំ​ទី​ ១ ក្រុមហ៊ុន​នឹង​ត្រូវការ​កៅស៊ូ​ប្រមាណ ៥០ ០០០ ​តោន ហើយ​នៅ​ឆ្នាំ​ទី ៥ តម្រូវការ​នឹង​កើនឡើង​ដល់ ១៥០ ០០០ តោន​ស្មើនឹង​ប្រមាណ ៤៣ ភាគរយ​នៃ​ផលិតកម្ម​កៅស៊ូ​ក្នុងស្រុក​សរុប​ឆ្នាំ​ ២០២០​។

កាលពីដើមឆ្នាំ​ ២០២១ ក្រុមហ៊ុន Cart Tire Co., Ltd បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់ ៣៥០ ​លាន​ដុល្លារ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈីលូ ជាន ពុចាយ ក្រុង​បាវិត ខេត្តស្វាយរៀង​ដើម្បី​ផលិត​កង់​រថយន្ត​៕ LA

វីដេអូ៖