ភ្នំពេញៈ តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​ (SSEZ) ​បាន​បង្ហាញ​កំណើន​ការនាំចេញ-នាំចូល​របស់ខ្លួន​នៅក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ ដោយ​មាន​តម្លៃ​ជាង ១,៧ ​ពាន់​លាន​ដុល្លារ កើន​ជិត ៤០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី SSEZ​។

ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២១ តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​បាន​នាំចូល និង​នាំចេញ​ទំនិញ​ក្នុងតម្លៃ​សរុប ១ ៧៦៧ ​លាន​ដុល្លារ​កើនឡើង ៣៨,៨១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

SSEZ លើកឡើង​ថា​៖ «​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​កំពុង​អភិវឌ្ឍ​ឱ្យ​ស្ថិតស្ថេរ ដោយ​ផ្តោតលើ​ការការពារ​ជំងឺ​រាតត្បាត​នៅលើ​ដៃ​ម្ខាង និង​ធានា​ការផលិត​នៅលើ​ដៃ​ម្ខាង​ទៀត​»​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២១ ខែវិច្ឆិកា​ថា កំណើន​នៃ​ការនាំចេញ-នាំចូល​របស់ SSEZ បញ្ជាក់ថា ទោះបី​ជំងឺ​កូវីដ​ ១៩ នៅ​បន្ត​អូសបន្លាយ​ពេល​ឆ្លង​រាលដាល​ក៏​ខ្សែចង្វាក់​ផលិតកម្ម​ផលិត និង​ការបញ្ជាទិញ​ពី​រោងចក្រ​នានា​នៅក្នុង SSEZ មិនបាន​ធ្លាក់ចុះ​ទេ​។

លោក​ប្រាប់ថា​៖ «​ចំនួន​នេះ​នឹងមាន​កាន់តែ​ខ្ពស់​ថែមទៀត​នៅពេល​សេដ្ឋកិច្ច​សង្គម​កម្ពុជា​បើក​ដំណើរការ​ឡើងវិញ​កាន់តែ​ច្រើន ពិសេស​ចាប់ពី​ចុងខែ​វិច្ឆិកា​នេះ​ដែល​កម្ពុជា​ចាប់ផ្តើម​បើកទទួល​ភ្ញៀវ​វ៉ាក់សាំង​»​។

លោក​ប្រាប់ទៀតថា តាមរយៈ​សមិទ្ធផល​ថ្មីៗ​ជា​បន្តបន្ទាប់​ដូចជា ច្បាប់​វិនិយោគ​ថ្មី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​កម្ពុជា​រំពឹងថា ទំហំ​ពាណិជ្ជកម្ម​របស់ខ្លួន​ក្នុង​ឆ្នាំ​នេះ​នឹង​មាន​កំណើន​ធៀប​នឹង​ឆ្នាំ​ ២០២០ ហើយនឹង​បន្ត​កើនឡើង​រៀងរាល់ឆ្នាំ​បន្ថែមទៀត​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​វិនិយោគ​លើ​ការផលិត និង​វិធាន​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ប្រកប​ដោយ​ប្រសិទ្ធភាព គឺជា​កត្តា​ជំរុញ​ឱ្យ​ការនាំចេញ និង​នាំចូល SSEZ កើនឡើង​។

លោក​អះអាង​ថា​៖ «​ស្ថិរភាព​នៃ​ខ្សែចង្វាក់​ផលិតកម្ម និង​កំណើន​នៃ​ការបញ្ជាទិញ បានធ្វើឱ្យ​ការនាំ​ចូល​វត្ថុធាតុដើម និង​ការនាំចេញ​ផលិត​សម្រេច នៅ SSEZ កើនឡើង​ជាប្រចាំ​»​។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្ហាញ​ថា នៅក្នុង​រយៈពេល ៨ ​ខែ ឆ្នាំ​ ២០២១ ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ (​ដក​មាស​) មានតម្លៃ ១១ ០១០ ​លាន​ដុល្លារ​កើនឡើង ២០,៤ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ និង​ការនាំចូល​ (​ដក​មាស​) មានតម្លៃ ១៤,៦ ពាន់​លាន​ដុល្លារ​កើនឡើង​ប្រមាណ ២៦,៧ ​ភាគរយ​។

ក្នុង​ឆ្នាំ​ ២០២០ សហគ្រាស​នៅ SSEZ បាន​នាំចូល និង​នាំចេញ​សរុប ១,៥៦ ​ពាន់​លាន​ដុល្លារ កើន ២៦,៥២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម SSEZ៕ LA