
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាម្ចាស់ក្រុមហ៊ុនផលិតនំស្រួយ លីលី។ រូបថត LY LY FOOD
ភ្នំពេញៈ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាម្ចាស់ក្រុមហ៊ុនផលិតនំស្រួយ លីលី លោកស្រី កែវ មុំ បានឱ្យដឹងថា ភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ និងការចាប់ផ្តើមបើកសេដ្ឋកិច្ចកម្ពុជាឡើងវិញស្ទើរទាំងស្រុងបានធ្វើឱ្យតម្រូវការផលិតផលក្នុងស្រុកមានកំណើនជាបន្តបន្ទាប់។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែវិច្ឆិកា លោកស្រី កែវ មុំ បានឱ្យដឹងថា សហគ្រាសផលិតនំស្រួយលីលីបានបើកដំណើរការចាប់តាំងពីលោកនាយករដ្ឋមន្ត្រីសម្រេចបិទបញ្ចប់ការបិទខ្ទប់មកម្ល៉េះ ប៉ុន្តែការផលិតចាប់ផ្តើមមានកំណើនខ្លាំង បន្ទាប់ពីការប្រកាសដំណើរការសេដ្ឋកិច្ចឡើងវិញកាលពីពេលថ្មីៗ។
លោកស្រីបន្ថែមថា៖ «បើយើងមើលចំនួនឆ្លងថ្មី និងអ្នកស្លាប់ក៏មានការថយចុះ និងចំនួនអ្នកចាក់វ៉ាក់សាំងមានការកើនឡើងច្រើន ដូចនេះអាជីវកម្មទូទាំងប្រទេសក៏សង្ឃឹមថា អាចនឹងដំណើរការទៅមុខ ហើយអាចនឹងមានសម្ទុះកើនឡើងបន្ថែមទៀតផងដែរ»។
កាលពីពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១០ តាមប្រព័ន្ធវីដេអូ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា វឌ្ឍនភាពចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ទូទាំងប្រទេសកម្ពុជា គឺមានភាពល្អប្រសើរខ្លាំង។
លោកបានបន្តថា តាមរយៈលទ្ធផលនេះបានជំរុញឱ្យប្រទេសកម្ពុជាសម្រេចធ្វើការលើកលែងនូវលក្ខខណ្ឌតម្រូវក្នុងការធ្វើចត្តាឡីស័កចំពោះអ្នកដែលចាក់វ៉ាក់សាំងគ្រប់ដូស (ធ្វើតេស្តអវិជ្ជមាន) ហើយមានបំណងធ្វើដំណើរចូលមកប្រទេសកម្ពុជា។
សូមបញ្ជាក់ថា នៅកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១០ នេះត្រូវបានដឹកនាំដោយ លោក Awang Haji Mohd Amin Liew Bin Abdullah រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទី ២ នៃក្រសួងហិរញ្ញវត្ថុនៃប្រទេសប្រ៊ុយណេ ព្រមទាំងមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា និងអគ្គលេខាធិការអាស៊ានផងដែរ៕ LA