ភ្នំពេញៈ ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​ (AMRO) អាស៊ាន+៣ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​កម្រិត​មធ្យម​ក្នុង​អត្រា​ ២,៨ ​ភាគរយ ដែល​ជំរុញ​ដោយ​កំណើន​មិន​ស្មើគ្នា​នៅក្នុង​វិស័យ​នានា​។

ការព្យាករ​របស់​ស្ថាប័ន​មួយ​នេះ​គឺ​ខ្ពស់ជាង មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ​ដែល​ព្យាករ​ក្នុង​អត្រា​ ២,២ ​ភាគរយ និង ធនាគារ​អភិវឌ្ឍន៍អាស៊ី​ក្នុង​អត្រា ១,៩ ​ភាគរយ​។

យោងតាម​របាយការណ៍​ពិគ្រោះ​យោបល់​ប្រចាំឆ្នាំ ២០២១ ​របស់​ AMRO ​ស្តីពី​ប្រទេស​កម្ពុជា ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា ការពង្រឹង​ការគ្រប់គ្រង​ជំងឺ​រាតត្បាត និង​ការអនុវត្ត​គោលនយោបាយ​មាន​ភាពបត់បែន ដើម្បី​គាំទ្រ​ដល់​វិស័យ​ដែល​ងាយ​រងគ្រោះ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​ដើរ​លើផ្លូវ​ស្ទុះ​ងើបឡើង​វិញ​ដ៏រឹងមាំ​នៅតែមាន​សារៈសំខាន់ ខណៈដែល​ការចាក់វ៉ាក់សាំង​ក្នុង​ល្បឿន​លឿន​ដែល​កំពុង​បន្ត​នឹង​ធានាបាន​នូវ​ការបើក​សេដ្ឋកិច្ច​ឡើងវិញ​ប្រកប​ដោយ​ស្ថិរភាព​។

AMRO លើកឡើង​បន្តថា​៖ «​សន្ទុះ​នៃ​ការស្ទុះ​ងើប​ឡើងវិញ​ត្រូវ​បាន​រារាំង ដោយ​ការវិល​ត្រឡប់​មកវិញ​យឺត​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ ទោះបីជា​មាន​ការបន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​»​។

AMRO បាន​បន្ថែមទៀតថា ចំពេល​មាន​ភាពប្រសើរ​ឡើង​នៅក្នុង​ប្រព័ន្ធ​សុខភាព​សាធារណៈ ការពឹងផ្អែក​ខ្លាំង​របស់​កម្ពុជា​លើ​វិស័យ​សេវាកម្ម​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​វិស័យ​ផលិតកម្ម​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ផ្ដល់​នូវ​ការស្ទុះងើប​ឡើងវិញ​របស់ខ្លួន​ដល់​វិស័យ​ងាយ​រងគ្រោះ​ខ្លាំង​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។

IMF កាលពីដើម​ខែតុលា​បាន​ព្យាករ​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ស្ថិតក្នុង​អត្រា ២,២ ​ភាគរយ​នៅ​ឆ្នាំ​ ២០២១ ​កើនឡើង​ជា​បណ្ដើរៗ​ដល់​អត្រា​ ៦,៥ ​ភាគរយ​មុន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។

IMF ក៏បាន​គូសបញ្ជាក់ថា​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​បង្ក​ឱ្យ​តម្រូវការ​ខាងក្រៅ​ធ្លាក់ចុះ​យ៉ាងខ្លាំង កាលពី​ឆ្នាំមុន​ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ និង​ថា​ការរីករាលដាល​វីរុស​រលក​ទី​ ៣ ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ បន្ថែម​លើ​ការព្រួយបារម្ភ​បន្ថែមទៀត​។

IMF ​ថា​៖ «​ទោះបីជា​សកម្មភាព​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការកើនឡើង​ដល់​ចុងឆ្នាំ​ ២០២០ ក៏ដោយ ការរីករាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វីរុស​នេះ​ចាប់ពី​ខែកុម្ភៈ​ឆ្នាំនេះ​បាន​រារាំង​សេដ្ឋកិច្ច​ជាថ្មីទៀត​។ ដូច​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេងទៀត វិបត្តិ​នេះ​បានដាក់​សម្ពាធ​លើ​លទ្ធភាព​របស់​គ្រួសារ និង​ក្រុមហ៊ុន​លើ​សេវាកម្ម​ប្រាក់កម្ចី​។

ទន្ទឹមនឹងនេះ AMRO បាន​ចង្អុលបង្ហាញ​ថា​ហានិភ័យ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​អាច​បណ្តាល​មកពី​ការធ្លាក់ចុះ​នៃ​គុណភាព​ឥណទាន និង​អតិផរណា​តម្លៃ​ទ្រព្យសកម្ម​ដែល​អាច​កើតមាន​។ ជំងឺ​រាតត្បាត​អាច​បន្សល់ទុក​នូវ​ស្លាកស្នាម​ឈឺចាប់​រយៈពេល​វែង​លើ​សក្ដានុពល​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

AMRO ​ឱ្យដឹងថា​៖ «​ដោយសារ​ការស្ទុះ​ងើបឡើង​វិញ​យឺត និង​មិន​ស្មើគ្នា​នៅក្នុង​បរិយាកាស​នៃ​ភាពមិន​ច្បាស់លាស់​ខ្ពស់ ការគាំទ្រ​គោលនយោបាយ​សារពើពន្ធ​ដែល​កំណត់​ទិសដៅ និង​អាច​បត់បែន​បាន​កាន់តែច្រើន គឺ​ចាំបាច់​បំផុត​»​។

AMRO បាន​ចង្អុលបង្ហាញ​ថា ធនាគារជាតិ​នៃ​កម្ពុជា​គួរតែ​ធានាថា​ការបន្ធូរបន្ថយ​វិធានការ​ធំៗ​នានា ត្រូវតែ​មាន​ទំនាក់ទំនង​ល្អ ដើម្បី​កាត់បន្ថយ​ភាពមិន​ច្បាស់លាស់​នៃ​គោលនយោបាយ​។ កិច្ចខិតខំ​សម្របសម្រួល​ ដើម្បី​ដោះស្រាយ​ឧបសគ្គ​រចនាសម្ព័ន្ធ​គួរតែ​ត្រូវបាន​បង្កើនល្បឿន ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង និង​ភាពធន់​នៃ​សេដ្ឋកិច្ច​៕LA