ភ្នំពេញៈ រដ្ឋាភិបាលត្រៀមថវិកាប្រមាណ ២៥០ លានដុល្លារនៅឆ្នាំ ២០២២ សម្រាប់ផ្តល់ហិរញ្ញប្បទានដោយត្រង់ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក្នុងអត្រាការប្រាក់ទាប ព្រមទាំងជំរុញឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើនការផ្តល់ឥណទានបន្ថែម ដើម្បីជួយគាំទ្រដល់វិស័យកសិកម្ម និងវិស័យអាទិភាពមួយចំនួន។ នេះបើតាមព័ត៌មាននៅលើបណ្តាញសង្គមរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ព័ត៌មាននេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំចង្អៀតតាមប្រព័ន្ធអនឡាញកាលពីសប្តាហ៍មុន ដើម្បីពិនិត្យ និងពិភាក្សាលើការងាររៀបចំ «សេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាព» ថ្មី ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើយោងតាម វេង សាខុន សេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីបានធ្វើឡើងក្នុងបំណងដើម្បីកែទម្រង់ និងដាក់ចេញនូវវិធានការស្តារវិស័យកសិកម្ម ខណៈវិស័យនេះនៅបន្តមានសក្តានុពលខ្ពស់ក្នុងការជួយទ្រទ្រង់សន្តិសុខស្បៀង ពិសេសការគាំទ្រកំណើន និងការស្រូបយកអ្នកអត់ការងារធ្វើ។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានដាក់ចេញវិធានការគាំទ្រនានា និងការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងហិរញ្ញប្បទានសំដៅជំរុញការវិនិយោគនៅក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យកែច្នៃកសិកម្មឱ្យកាន់តែរីកចម្រើន។ វិធានការនេះបានជួយឱ្យកម្ពុជាលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ដើម្បីបំពេញតម្រូវការប្រើប្រាស់ និងបង្កើនការនាំចេញឱ្យបានច្រើន។
«ក្នុងន័យនេះរដ្ឋាភិបាលនឹងដាក់ចេញនូវយន្តការហិរញ្ញប្បទានដល់វិស័យឯកជន តាមរយៈការត្រៀមថវិកាប្រមាណ ២៥០ លានដុល្លារ នៅក្នុងឆ្នាំ ២០២២ សម្រាប់ផ្តល់ឥណទាន ដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអត្រាការប្រាក់ទាប ក្នុងរង្វង់ ៥ ទៅ ៥,៥ ភាគរយ សម្រាប់វិស័យសំខាន់ដូចជាការដាំដុះ ចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម វិស័យអេកូទេសចរណ៍ ឬវិស័យអាទិភាពដទៃទៀត។ ជាមួយគ្នានេះរដ្ឋាភិបាលនឹងជំរុញឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើនការផ្តល់ឥណទានបន្ថែម តាមរយៈការកែសម្រួលលក្ខខណ្ឌធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា ដោយពង្រីកវិសាលភាពនៃការផ្ដល់ការធានាភ្ជាប់ជាមួយនឹងលក្ខខណ្ឌអនុគ្រោះនានា»។ នេះបើតាម លោក សាខុន។
នៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ វិស័យកសិកម្ម និងកសិឧស្សាហកម្មត្រូវបានចាត់ទុកថា ជាវិស័យមានសក្តានុពលខ្ពស់ដោយសារតម្រូវការចំណីអាហារមានការកើនឡើង។
លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា ដែលកំពុងវិនិយោគលើការដាំដុះ និងនាំចេញផលិតផលកសិកម្មជាច្រើនមុខបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២២ ខែវិច្ឆិកាថា គម្រោងហិរញ្ញប្បទានដល់វិស័យឯកជនក្នុងផ្នែកកសិកម្ម នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកដាំដុះ និងវិនិយោគក្នុងការបង្កើនផលិតកម្មរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងការនាំចេញ។ ផលិតផលកសិកម្មកំពុងដើរតួនាទីសំខាន់ក្នុងការបង្កើតការងារ និងរកចំណូលសេដ្ឋកិច្ចគ្រួសារ ពិសេសនៅក្នុងពេលពិភពលោកជួបនឹងវិបត្តិជំងឺកូវីដ ១៩។
លោក ហ៊ុន ឡាក់ អះអាងថា៖ «កន្លងមកការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលសម្រាប់វិស័យកសិកម្ម គឺមានតែផ្នែកស្រូវអង្ករប៉ុណ្ណោះ ប៉ុន្តែចាប់ពីមានវិបត្តិកូវីដ ១៩ រដ្ឋាភិបាលបានគិតគូរយ៉ាងច្រើនក្នុងការផ្តល់ហិរញ្ញប្បទានទៅឱ្យផ្នែកផ្សេងទៀត ដូចជា ការដាំដុះ ចិញ្ចឹមសត្វ និងការកែច្នៃផលិតផលកសិកម្ម ជាដើម»។
ទាក់ទងការនាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិ លោក ហ៊ុន ឡាក់ ប្រាប់ថា ផលិតផលដែលបានកែច្នៃ និងវេចខ្ចប់ត្រឹមត្រូវ គឺមិនសូវមានបញ្ហាទេ ប៉ុន្តែបញ្ហាចោទ គឺផលិតផលបន្លែ និងផ្លែឈើស្រស់ ដែលទាមទារឱ្យមានការពិភាក្សា និងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលទាក់ទងភូតគាមអនាម័យ ការវេចខ្ចប់ និងការដឹកជញ្ជូន៕ LA