ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​បាន​អបអរសាទរ​ដល់​ប្រទេស​ចិន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​រួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​បាន​ដើរតួនាទី​ដ៏សំខាន់​ដើម្បី​ស្ដារ និង​ជំរុញ​កំណើន​សង្គម-សេដ្ឋកិច្ច​កម្ពុជា ក៏ដូចជា​ក្នុង​តំបន់ និង​សកលលោក​។

ការថ្លែង​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា ឆ្នាំ​ ២០២១ តាម​ប្រព័ន្ធ​វីដេអូ​ដែល​អមដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បានល្អ​ប្រសើរ កម្ពុជា​សូម​អបអរសាទរ​ចំពោះ​ប្រទេស​ចិន ដែល​បាន​ស្ដារ​ និង​ជំរុញ​កំណើន​សង្គម-សេដ្ឋកិច្ច​ឡើងវិញ​ឆាប់រហ័ស ជាមួយ​នឹង​កំណើន​ប្រមាណ ៩,៨ ​ភាគរយ ក្នុង​រយៈពេល​ត្រឹមតែ ៩ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០២១ ​នេះ​។ កម្ពុជា​ក៏​សូម​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ចិន ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ និង​ការស្ដារ និង​ជំរុញ​កំណើន​សង្គម-សេដ្ឋកិច្ច​នៅ​កម្ពុជា​ឡើងវិញ ក៏ដូចជា​នៅក្នុង​តំបន់ និង​សកលលោក​»​។

លោក​បាន​បន្ថែមថា​៖ «​កម្ពុជា​សូម​លើកទឹកចិត្ត​ឱ្យ​ចិន​បន្ត​ផ្ដល់ជំនួយ​ដល់​អាស៊ាន ជាពិសេស​ផ្ដល់​ការគាំទ្រ​ចំពោះ​ក្របខ័ណ្ឌ​ស្ដារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន និង​គំនិត​ផ្តួចផ្ដើម​នានា​ក្នុង​ការឆ្លើយតប​នឹង​ជំងឺ​កូវីដ ១៩​។ ក្នុងពេល​ចំពោះមុខ កម្ពុជា​សូម​លើកទឹកចិត្ត​ឱ្យ​ចិន​បើក​ការធ្វើដំណើរ​ចេញ-ចូល​ប្រទេស​រវាង​តំបន់​ទាំង​ ២ ​អាស៊ាន-ចិន​សំដៅ​ពង្រឹង និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស សកម្មភាព​ធុរកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បានឱ្យដឹងថា ភ្ញៀវទេសចរ​ចិន​នឹង​ក្លាយជា​ការរួមចំណែក​ដ៏ធំ​បំផុត​មួយ​ក្នុង​ការស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​។

លោកស្រី​ថ្លែងថា​៖ «​យើង​បាន​មើលឃើញថា នៅពេលនេះ​ភ្ញៀវទេសចរ​ចិន​គឺជា​ភ្ញៀវទេសចរ​បរទេស​ឈានមុខ​គេ​ដែល​នឹង​មកដល់​ប្រទេស​យើង​នៅពេល​យើង​បើកទទួល​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង​រួច​នៅ​ចុងខែ​វិច្ឆិកា​»​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាក់ថា ប្រទេស​ចិន និង​កម្ពុជា​បាន​សន្យាថា នឹង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យដល់ ១០ ​ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ខណៈ​ភាគី​ទាំង​ ២ ​បាន​ព្រមព្រៀង​លើ​ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន (FTA) នៅ​ខែមករា ឆ្នាំ​ ២០២២​។

កាលពី​ថ្ងៃទី​ ១៥ វិច្ឆិកា ឆ្នាំ​ ២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី Li Keqiang នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​វីដេអូ ដោយ​ពិភាក្សា​លើ​ការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យដល់​កម្រិត​កាន់តែ​ធំ​ទូលាយ​ថែមទៀត​។

ក្នុង​ជំនួប​នោះ លោក Li Keqiang បានឱ្យដឹងថា លោក​បាន​យល់ព្រម​ជំរុញ​ការងារ​រួមគ្នា​រវាង​ភាគី​ទាំង​ ២ ដើម្បី​ចរចា​កូតា​នាំចូល​អង្ករ និង​ផលិតផល​កសិកម្ម​កម្ពុជា​ដោយ​ផ្ទាល់​ទៅកាន់​ប្រទេស​ចិន តាមរយៈ​ការបង្កើត​យន្តការ​រួម ដើម្បី​ពិនិត្យ​លទ្ធផល​ការនាំ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ចិន គួរតែ​មាន​ភាពទាក់ទាញ​ដែល​អាច​ធ្វើការ​នាំចេញ​ដោយផ្ទាល់​ទៅ​ទីផ្សារ​ចិន​។

ក្នុងអំឡុងពេល​នៃ​ការថ្លែង​សុន្ទរកថា​របស់លោក នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកទឹកចិត្ត​អាស៊ាន-ចិន ឱ្យ​បន្ត​ពង្រឹង​ការតភ្ជាប់​ក្នុង​តំបន់ ស្របតាម​ស្មារតី​នៃ​សេចក្តី​ថ្លែងការណ៍​រួម​អាស៊ាន-ចិន ស្តីពី​ការរួមផ្សំ​ផែនការមេ​តភ្ជាប់​អាស៊ាន ឆ្នាំ​ ២០២៥ (MPAC) និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) ដើម្បី​បង្កើន​ប្រសិទ្ធភាព​លំហូរ​ទំនិញ សេវាកម្ម និង​ចលនា​ប្រជាជន​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​ជាមួយ​គ្នា​នេះ បន្ថែម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន ការទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ស្ដីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP) ​គួរ​ត្រូវបាន​ជំរុញ និង​យកចិត្តទុកដាក់​បន្ថែម ដែល​ការណ៍​នេះ​នឹង​ពង្រឹង​មូលដ្ឋានគ្រឹះ​នៃ​កំណើនសេដ្ឋកិច្ច​សម្រាប់​រយៈពេល​វែង ព្រមទាំង​នឹង​នាំមក​នូវ​វិបុលភាព​ទៅវិញទៅមក និង​ស្របតាម​ចក្ខុវិស័យ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​អាស៊ាន-ចិន ឆ្នាំ​ ២០៣០»៕ LA