ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមប្រឹក្សា​អ្នកច្បាប់​កម្ពុជា​បាន​បញ្ចប់​ការត្រួតពិនិត្យ​ទៅលើ​ខ្លឹមសារ​នៃ​សេចក្តីព្រាង​អនុក្រឹត្យ​ស្ដីពី​ការប្រកួតប្រជែង​រួចរាល់​ហើយ ដោយ​កំពុង​ត្រៀម​ដាក់ជូន​អន្តរក្រសួង​ពិភាក្សា​មុននឹង​ដាក់ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

អនុក្រឹត្យ​នេះ​ធ្វើឡើង​ដើម្បី​ដាក់ឱ្យ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព បន្ទាប់ពី​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​កម្ពុជា​ត្រូវ​បាន​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី ឡាយព្រះហស្តលេខា​ប្រកាស​ឱ្យប្រើ​កាលពី​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ​ ២០២១​។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​សប្តាហ៍​មុន​ថា អនុក្រឹត្យ​នេះ​ត្រូវបាន​ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមប្រឹក្សា​អ្នកច្បាប់ ពិនិត្យ​បញ្ចប់​រួចរាល់​ហើយ ដោយ​នៅ​បន្ត​ប្រជុំ​អន្តរក្រសួង ​ដើម្បី​ពិភាក្សា​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​យើង​គ្រាន់តែ​បំពេញបន្ថែម​ចំណុច​បន្តិចបន្តួច​ទៅលើ​ច្បាប់​ដែលមាន​ស្រាប់​។ ឧទាហរណ៍​ការងារ​នេះ​វា​ប៉ះពាល់​ដល់​ការងារ​របស់គេ​ដែរ​ឬទេ ហើយ​បើ​ប៉ះពាល់ យើង​រួមគ្នា​បង្កើត​គណៈកម្មការ​ឬ​អត់​? បើ​ធ្វើ​រួមគ្នា​បាន គឺ​បាន​ហើយ ប៉ុន្តែ​បើ​គេ​ថា​ត្រូវធ្វើ​ដាច់ដោយឡែក​ពីគ្នា គេ​មាន​អនុក្រឹត្យ​សម្រាប់​អនុវត្ត​មួយ​ដែរ ហ្នឹងហើយ​ដែរ​យើង​ត្រូវ​សម្រួល​គ្នា​កែ​ឃ្លា​ខ្លះទៅ​ដើម្បី​យកទៅ​អនុវត្ត​រៀងខ្លួន​។ ការងារ​នេះ​ក្រុមអ្នកច្បាប់​គេ​បាន​ជួយ​កែសម្រួល​ហើយ​អស់​»​។

លោក​បន្តទៀតថា អនុក្រឹត្យ​នេះ​ធ្វើឡើង​ដើម្បី​អនុវត្ត​ច្បាប់​ដែលមាន​ស្រាប់​ឱ្យមាន​ប្រសិទ្ធភាព​តែប៉ុណ្ណោះ ដោយ​កំណត់ ឈ្មោះ​បុគ្គល និង​ស្ថាប័ន​ត្រូវ​ចូលរួម​អនុវត្ត តាមរយៈ​ការបែងចែក​តួនាទី ភារកិច្ច និង​រៀបចំ​ការងារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​នោះ​ធ្វើ​ផ្ទាល់​។

ទោះយ៉ាងណា លោក​បញ្ជាក់ថា មិនទាន់​ដឹង​កាលបរិច្ឆេទ​ដែល​ក្រុមប្រឹក្សា​អ្នកច្បាប់​នឹង​កោះប្រជុំ​អន្តរក្រសួង ដើម្បី​សម្រេច​ដាក់ជូន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា​ឱ្យ​ប្រើប្រាស់​នោះទេ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ពាណិជ្ជកម្ម​ការអនុម័ត​ច្បាប់​នេះ​គឺ​មិន​ត្រឹមតែ​ជា​ការបំពេញ​កាតព្វកិច្ច​មួយ​របស់​កម្ពុជា​សម្រាប់​អាស៊ាន​ប៉ុណ្ណោះ​ទេ គឺ​រួមទាំង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ច្បាប់​នេះ​បង្កើត​នូវ​ទីលាន​ប្រកួតប្រជែង​ស្មើភាព​ក្នុង​ការធ្វើ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ប្រកួតប្រជែង​គ្នា តាមរយៈ​មធ្យោបាយ​ផ្សេងៗ​រួមមាន នវានុវត្តន៍ គុណភាព​ខ្ពស់ និង​តម្លៃ​ទាប​នៃ​ផលិតផល​និង​សេវា ហើយ​កត្តា​ទាំងនេះ​នឹង​ជំរុញ​ឱ្យ​មាន​ការប្រកួត​ប្រជែង ដែល​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​អ្នកប្រើប្រាស់ និង​ធ្វើឱ្យមាន​កំណើន​សេដ្ឋកិច្ច​ជាតិ​។

ច្បាប់​ស្ដីពី​ការប្រកួតប្រជែង​មាន ៧ ​ជំពូក និង ៤១ ​មាត្រា ដោយ​គ្របដណ្តប់​លើ​ «​សសរស្ដម្ភ​បី​» ​រួមមាន ការព្រមព្រៀង​ដែល​រារាំង​ដល់​ការប្រកួត​ប្រជែង​, ការបំពាន​ដោយ​ប្រើ​ជំហរ​ឧត្តមភាព​លើ​ទីផ្សារ​, និង​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច​ដែល​រារាំង​ដល់​ការប្រកួតប្រជែង ដែល​សកម្មភាព​ទាំងនោះ​មាន​ផលប៉ះពាល់​ដល់ទី​ផ្សារ​កម្ពុជា​ដូច​បាន​ពិពណ៌នា​នៅក្នុង​ជំពូក​ទី​ ៣ នៃ​ច្បាប់​នេះ​។

ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​បុគ្គល​ធ្វើ​សកម្មភាព​ធុរកិច្ច ឬ​ធ្វើ​សកម្មភាព​គាំទ្រ​ដល់​ធុរកិច្ច​ពាក់ព័ន្ធ​នឹង​ការរារាំង រឹតត្បិត ឬ​បង្អួច​ការប្រកួត​ប្រជែង​គួរឱ្យ​កត់សម្គាល់​ក្នុង​ទីផ្សារ​កម្ពុជា ទោះបីជា​សកម្មភាព​នោះ​មាន​ប្រភព​នៅក្នុង ឬ​ក្រៅប្រទេស​ក៏ដោយ​៕ LA