
វិស័យទេសចរណ៍រកចំណូលបានជាង $៨០ លាន អំឡុងបុណ្យអុំទូក។ រូបថត ក្រសួងទេសចរណ៍
ភ្នំពេញៈ កម្ពុជារកចំណូលបានជាង ៨០ លានដុល្លារពីភ្ញៀវទេសចរផ្ទៃក្នុងចេញដើរកម្សាន្តជាង ១,១ លាននាក់តាមបណ្តារាជធានី-ខេត្តចំនួន ១២ នៅក្នុងអំឡុងរយៈពេល ៣ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ដែលនេះជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៃវិស័យទេសចរណ៍ បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលជំងឺកូវីដ ១៩ ជិត ២ ឆ្នាំមកនេះ។
អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែវិច្ឆិកា ថានៅក្នុងអំឡុងពេលបុណ្យអុំទូកនេះ ភ្ញៀវទេសចរបានចំណាយថវិកាទៅលើសេវាកម្មទេសចរណ៍ដូចជា ការហូបចុក ស្នាក់នៅច្រើនជាងពេលបុណ្យភ្ជុំបិណ្ឌ។
លោកបាននិយាយថា៖ «កន្លងទៅបើទេសចរធ្វើដំណើរកម្សាន្តរយៈពេល ២ យប់ ៣ ថ្ងៃ គាត់អាចចំណាយចន្លោះពី ៥០-៨០ ដុល្លារក្នុងទេសចរ ១ នាក់នេះសម្រាប់ភ្ញៀវជាតិ បើភ្ញៀវបរទេសអាចចន្លោះពី ៩០-៩៥ ដុល្លារ ក្នុងថ្ងៃ ១ គិតទាំងការហូបចុក និងស្នាក់នៅ»។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាឱ្យដឹងថា ការសិក្សាកន្លងមករកឃើញថា នៅពេលមានពិធីបុណ្យធំៗបែបនេះ (២-៣ ថ្ងៃ) ភ្ញៀវទេសចរ ដែលទៅកម្សាន្តតាមរមណីយដ្ឋាននានា ពិសេសនៅខេត្តគោលដៅទេសចរណ៍ធំ ដូចជា ខេត្តសៀមរាប ព្រះសីហនុ និងកំពតជាដើម អាចចំណាយចន្លោះពី ៨០-១២០ ដុល្លារ សម្រាប់ទេសចរម្នាក់។
លោកបន្ថែមថា៖ «ការចេញកម្សាន្តរបស់ទេសចរក្នុងស្រុកនាអំឡុងពេលអុំទូកនេះ គឺជាសញ្ញានាំផ្លូវដ៏វិជ្ជមានក្នុងការទាក់ទាញទេសចរបរទេសឱ្យចូលមកកម្សាន្តនៅកម្ពុជាផងដែរ»។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បាននិយាយថា បុណ្យអុំទូកឆ្នាំនេះមានទេសចរជាង ១០ ម៉ឺននាក់បានទៅកម្សាន្តក្នុងខេត្តកំពត ដោយនៅរមណីយដ្ឋានទឹកឈូរមានភ្ញៀវទៅកម្សាន្តជាង ៣ ម៉ឺននាក់ ភ្នំបូកគោ ជាង ២ ម៉ឺននាក់។
លោកបន្តថា សម្រាប់ខេត្តកំពតនៅមិនទាន់បានសិក្សាពីការចំណាយរបស់ទេសចរនៅឡើយទេ ប៉ុន្តែកាលពីឆ្នាំ ២០១៧ មន្ទីរទេសចរណ៍ខេត្តធ្លាប់បានធ្វើការសិក្សាដោយរកឃើញថា ភ្ញៀវទេសចរមកលេងខេត្តកំពតមាន ៥៨ ភាគរយស្នាក់នៅ ១ យប់ និង ៤២ ភាគរយធ្វើដំណើរវិលល្ងាច។
លោកប្រាប់ថា៖ «ភ្ញៀវទៅលេងខេត្តកំពត ជាទូទៅគេសម្រាក ១ យប់ ដូចនេះយើងរកឃើញថា ការចាយវាយអាចនៅចន្លោះពី ៤៥-៥០ ដុល្លារ»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា លំហូរភ្ញៀវទេសចរជិត ១ សប្តាហ៍បានបង្កើតនូវចរន្តសេដ្ឋកិច្ចសម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ខណៈប្រតិបត្តិករទេសចរណ៍នានាបានប្រមើលមើលពីកាលានុវត្តភាពនៃការងើបឡើងដ៏រហ័សនៃវិស័យទេសចរណ៍ ដោយវិស័យនេះកំពុងទាញយកមកវិញនូវទំនុកចិត្តរបស់ភ្ញៀវទេសចរ តាមរយៈទេសចរណ៍ផ្ទៃក្នុង៕ LA