
ភ្ញៀវទេសចរលេងកម្សាន្តនៅឆ្នេរសមុទ្រខេត្តព្រះសីហនុ។ ហេង ជីវ័ន
ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បាននិយាយថា ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព គឺជាផ្នែកដ៏សំខាន់សម្រាប់កម្ពុជាក្នុងការបើកទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងចាប់ពីចុងខែនេះតទៅ ខណៈការបើកប្រទេសឡើងវិញនេះ នឹងមិនបោះជំហានថយក្រោយវិញទេ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាពក្នុងពេលនេះ គឺជាផ្នែកដ៏សំខាន់សម្រាប់កម្ពុជាក្នុងការបើកទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងចាប់ពីចុងខែនេះតទៅ។
ការបើកប្រទេសឡើងវិញនាពេលខាងមុខ (ថ្ងៃទី ៣០ ខែវិច្ឆិកា) លោកមានជំនឿថានឹងមិនមានការបោះជំហានថយក្រោយវិញទេ ព្រោះបច្ចុប្បន្នអត្រាចំនួនប្រជាជននៅកម្ពុជាចាក់វ៉ាក់សាំងបានគ្របដណ្តប់រហូតដល់ជាង ៨៨ ភាគរយរួចទៅហើយ។ លោកបន្តថា ជាក់ស្តែងការបើកឱ្យប្រជាជនក្នុងស្រុកដើរកម្សាន្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងអុំទូក នាពេលថ្មីៗនេះ គឺមិនបានធ្វើឱ្យអត្រាការឆ្លងកូវីដ ១៩ ហក់ឡើងទេ។
លោកបានថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខ្ញុំគិតថាសេវាទេសចរណ៍នឹងដើរឡើងវិញ ដោយឥឡូវនេះយើងចាប់ផ្តើមពីសេវាទេសចរណ៍ក្នុងស្រុករាប់ទាំងជនបរទេសជាង ១ ម៉ឺននាក់កំពុងនៅក្នុងស្រុក ដែលពួកគាត់ដើរលេង ប៉ុន្តែនៅពេលខាងមុខយើងនឹងមានភ្ញៀវទេសចរមកប្រទេសយើង ដោយយើងអត់មានការមិនចាំបាច់ ដើម្បីធ្វើចត្តាឡីស័កទេ ប៉ុន្តែលក្ខខណ្ឌទី ១ គឺត្រូវចាក់វ៉ាក់សាំង ២ ដូសនៅប្រទេសរបស់អ្នកឯងឱ្យហើយ និងត្រូវមានការបញ្ជាក់ថាមិនមានកូវីដក្នុងការធ្វើតេស្ត និងទី ២ ពេលមកដល់ព្រលានយន្តហោះត្រូវធ្វើតេស្តរហ័ស បើអវិជ្ជមានអញ្ជើញទៅទីកន្លែងណាក៏បាន ខណៈកាលពីមុនយើងគិតថាឱ្យមកធ្វើចត្តាឡីស័ក ៥ ថ្ងៃក្នុងខេត្ត (មិនមែនក្នុងបន្ទប់) ឥឡូវមិនចាំបាច់ទេ សូម្បីម៉ាស៊ីន PCR ក៏មិនចាំបាច់ដែរ»។
លោកបន្ថែមថា បច្ចុប្បន្នរដ្ឋាភិបាលបានផ្តល់ការទទួលខុសត្រូវយ៉ាងច្រើនចំពោះប្រជាជន និងអ្នកទេសចរដែលធ្វើដំណើរមកកម្ពុជាផងដែរ។
ទិន្នន័យក្រសួងទេសចរណ៍ផ្សព្វផ្សាយកាលពីថ្ងៃទី ២២ ខែវិច្ឆិកាបានឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣១ ៦៧៤ នាក់ ធ្លាក់ចុះ ៨៩,៤ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមាន ១ ២៤៧ ៦៨០ នាក់។ ក្នុងនោះការធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ៦៣ ០៥០ នាក់ស្មើនឹង ៤៧,៩ ភាគរយ និងផ្លូវគោក-ទឹក ៦៨ ៦២៤ នាក់ ស្មើ ៥២,១ ភាគរយ។
យោងតាមទិន្នន័យខាងលើភ្ញៀវទេសចរជនជាតិថៃបានធ្វើដំណើរមកកម្ពុជាច្រើនជាងគេ ដោយមានចំនួន ៦៤ ៤៥៩ នាក់ ស្មើ ៤៩ ភាគរយនៃចំនួនសរុប,ជនជាតិចិន ៣៧ ១៩៧ នាក់, វៀតណាម ៧ ៦៤៩ នាក់, ឥណ្ឌូនេស៊ី ៤ ២១១ នាក់, កូរ៉េ ២ ៩៨៩ នាក់, អាមេរិក ២ ៩៣៤ នាក់, ចិនតៃប៉ិ ២ ៤៣៤ នាក់, បារាំង ១ ៦២៤ នាក់, ម៉ាឡេស៊ី ១ ៣៣៦ នាក់ និងជនជាតិជប៉ុន ១ ២២០ នាក់។
ដោយឡែកសម្រាប់ខែកញ្ញា ភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជាមានចំនួន ៩ ៩៦៧ នាក់ ធ្លាក់ចុះ ៥២,៨ ភាគរយធៀបខែកញ្ញា ឆ្នាំ ២០២០ ដែលមានចំនួន ២១ ១៣៧ នាក់។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២៣ ខែវិច្ឆិកាថា ក្តីបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ ១៩ គឺជាមូលហេតុតែមួយគត់ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះ ប៉ុន្តែចំនួននេះនឹងមានសម្ទុះឡើងវិញជាបណ្តើរៗ បន្ទាប់ពីរដ្ឋាភិបាលសម្រេចដកចេញនូវវិធានការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់។
លោកបញ្ជាក់ថា៖ «នេះគឺជាពន្លឺទាំងសម្រាប់ជនបរទេសដែលចង់ធ្វើដំណើរមកកម្ពុជា និងសម្រាប់អ្នកនៅក្នុងវិស័យទេសចរណ៍ផងដែរ»។
លោកបន្ថែមទៀតថា តាមរយៈការខិតខំនៅពេលនេះជើងហោះហើរពីប្រទេស ១ ទៅប្រទេស ១ បានចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរៗវិញហើយ។ ទោះយ៉ាងណាលោកបានអះអាងថា៖ «ដើម្បីឱ្យវិស័យនេះមាននិរន្តរភាពរឹងមាំ ទាំងរដ្ឋាភិបាល ក៏ដូចជាប្រជាជនទាំងអស់ត្រូវតែចូលរួមអនុវត្តឱ្យបានហ្មត់ចត់នូវវិធានការនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩»៕ LA