សៀមរាបៈ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​តម្រូវ​ឱ្យ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​សណ្ឋាគារ សេវា​ស្នាក់នៅ​ទេសចរណ៍ និង​អាជីវកម្ម​បៀរហ្គាដិន ដែល​កំពុង​ប្រកប​អាជីវកម្ម​ក្នុង​ខេត្ត​សៀមរាប​ទាំងអស់​ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​វាយតម្លៃ​ការអនុវត្ត​ស្តង់ដា​អប្បបរមា​តាម​គន្លង​ប្រក្រតីភាព​ថ្មី មុន​នឹង​បើកទទួល​ភ្ញៀវ​ ដើម្បី​ចូលរួម​ការពារ​ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា​បានឱ្យដឹងថា គ្រប់​អាជីវកម្ម​សណ្ឋាគារ សេវា​ស្នាក់នៅ ទេសចរណ៍ និង​អាជីវកម្ម​បៀរហ្គាដិន មុននឹង​បើក​ដំណើរការ​ទទួល​ភ្ញៀវ​ឱ្យ​ចូលមក​ស្នាក់នៅ ឬ​កម្សាន្ត​ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​វាយតម្លៃ​ការអនុវត្ត​ស្តង់ដា​អប្បបរមា​តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​អាជីវកម្ម​សណ្ឋាគារ និង​សេវា​ស្នាក់នៅ​ទេសចរណ៍​នៅ​មន្ទីរ​ទេសចរណ៍​ជាមុន​។

សេចក្តី​ជូនដំណឹង​នេះ​បន្តថា សម្រាប់​អាជីវកម្ម​សណ្ឋាគារ សេវា​ស្នាក់នៅ​ទេសចរណ៍ និង​អាជីវកម្ម​បៀរហ្គាដិន​ដែល​ពុំទាន់​មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ទេសចរណ៍​ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ទេសចរណ៍​នៅ​អង្គភាព​ច្រកចេញ-ចូល​តែមួយ​រដ្ឋបាល​ខេត្តសៀមរាប ឬ​ក្រសួង​ទេសចរណ៍​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង លោក លី សំរិទ្ធ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប និង​លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្នើសុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី-ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ការជូនដំណឹង​របស់​អាជ្ញាធរ​ខេត្តសៀមរាប ប៉ុន្តែ​ការជូន​ដំណឹង​នេះ​ហាក់ដូចជា​មិនសូវ​ស៊ីចង្វាក់​គ្នា ព្រោះ​សណ្ឋាគារ ផ្ទះសំណាក់ និង​អាជីវកម្ម​ទេសចរណ៍​ជាច្រើន​បាន​បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន និង​ទទួលភ្ញៀវ​ឱ្យ​ស្នាក់​នៅបាន​ច្រើន​រួចមកហើយ​។ ទោះបី​នៅក្នុង​ពេល​ដែល​មាន​ការបិទខ្ទប់ ក៏​នៅមាន​សណ្ឋាគារ​មួយចំនួន​បើក​ដំណើរការ​ដែរ​។

លោក​បន្តថា​៖ «​ឥឡូវ​ប្រទេស​បើក​ទាំងមូល​ហើយ សេចក្តី​ប្រកាស​របស់​រដ្ឋបាល​សៀមរាប​គួរតែ​ត្រូវបាន​ធ្វើ​យូរណាស់​មកហើយ វា​មិនគួរ​ចេញមក​នៅពេល​ក្រោយៗ​នេះ​ទេ​»​។

លោក ពៅ មករា អ្នកគ្រប់គ្រង​ទូទៅ​សណ្ឋាគារ ភីឡា សៀមរាប បាន​និយាយថា សណ្ឋាគារ​របស់​លោក​មិនទាន់​ទទួល​លិខិត​ជូនដំណឹង ឬ​ណែនាំ​ឱ្យបំពេញ​ទៅតាម​គោលការណ៍​ទេសចរណ៍​របស់​រដ្ឋបាល​ខេត្តសៀមរាប​នៅឡើយ​ទេ ប៉ុន្តែ​លោក​អនុវត្តបាន​យ៉ាង​ត្រឹមត្រូវ​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល​រាល់​ភ្ញៀវ​ដែល​មក​ស្នាក់នៅ​។ លោក​បន្តថា សណ្ឋាគារ​របស់​លោក​បើក​ដំណើរការ​អាជីវកម្ម​ទទួល​ភ្ញៀវ​ចំនួន​ច្រើន​នៅក្នុង​អំឡុងពេល​ពិធីបុណ្យ​អុំទូក​កន្លងមក ប៉ុន្តែ​ក្រោយពេល​បុណ្យអុំទូក​ក៏​ស្បើយ​ភ្ញៀវ​ទៅវិញ​។

លោក​រំពឹងថា ក្រោយពី​រដ្ឋាភិបាល​បើក​ឱ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលមក​វិញ វា​នឹង​ធ្វើឱ្យ​ដំណើរការ​អាជីវកម្ម​សណ្ឋាគារ និង​សេវាកម្ម​ទេសចរណ៍​មាន​ប្រក្រតីភាព​ឡើងវិញ ហើយ​ផ្តល់​ចំណូល​ដល់​អ្នករកស៊ី និង​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តសៀមរាប​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មិនទាន់​ស្នើសុំ​លិខិត​ទាក់ទង​នឹង​ការអនុវត្ត​ស្តង់ដា​អប្បបរមា​តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​អាជីវកម្ម​សណ្ឋាគារ​នៅឡើយ​ទេ ព្រោះ​មិនទាន់​ទទួល​បាន​លិខិត​ជូនដំណឹង​ពី​រដ្ឋបាលខេត្ត ប៉ុន្តែ​ខ្ញុំ​បាន​ស្នើសុំ​បើក​អាជីវកម្ម​ផ្នែក​ម៉ាស្សា​មួយ​ដែរ គេ​ចេញ​លិខិត​មកហើយ នៅឡើយ​តែ​គេ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​»៕ LA