The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រោងចក្រ​ផលិត​ស្ករអំពៅ​ខេត្តក្រចេះ គ្រោង​ធ្វើការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឆាប់ៗ​នេះ




រោងចក្រ​ផលិត​ស្ករអំពៅ​ខេត្តក្រចេះ គ្រោង​ធ្វើការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឆាប់ៗ​នេះ

Content image - Phnom Penh Post
រោងចក្រ​ផលិត​ស្ករអំពៅ​ខេត្តក្រចេះ គ្រោង​ធ្វើការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឆាប់ៗ​នេះ។ រូបថត ហ្វេសប៊ុក

រោងចក្រ​ផលិត​ស្ករអំពៅ​ខេត្តក្រចេះ គ្រោង​ធ្វើការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឆាប់ៗ​នេះ

ខេត្តក្រចេះ: បន្ទាប់ពី​ផ្អាក​ដំណើរការ​រយៈពេល​ជិត​ ១០ ​ឆ្នាំ នៅពេល​នេះ​រោងចក្រ​ផលិត​ស្ករអំពៅ​នៅក្នុង​ខេត្តក្រចេះ កំពុង​ខិតខំ​បង្កើន​ការដាំ​អំពៅ​បន្ថែម ដោយ​គ្រោង​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ស្ករអំពៅ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ពេល​ឆាប់ៗ​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​ខេត្ត​ប្រចេះ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។

លោក ប៉ែន លីណាត អភិបាលរង​ខេត្តក្រចេះ​បាន​និយាយថា រោងចក្រ​ផលិត​ស្ករអំពៅ​នៅ​ខេត្តក្រចេះ ដែល​បាន​ផ្អាក​ដំណើរ​ការប្រមាណ​ជិត ១០ ​ឆ្នាំ​ បានចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ហើយ​កាលពី​ឆ្នាំ​ ២០២០ ដោយមាន​ការបណ្តាក់ទុន​ពី​វិនិយោគិន​វៀតណាម​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ដាំដុះ​អំពៅ​ប្រមាណ ៣ ០០០ ​ហិកតា ​នៅក្នុង​ចំណោម​គម្រោង​ដាំដុះ​សរុប​ ១០ ០០០ ​ហិកតា និង​មាន​បុគ្គលិក​កំពុង​បម្រើការ​ប្រមាណ​ជាង ៥០០ ​នាក់​។

ការវិនិយោគ​លើ​ការដាំដុះ​អំពៅ និង​រោងចក្រ​នេះ​គឺជា​ការសហការ​គ្នា​រវាង​ក្រុមហ៊ុន កាមាដេនូវេឈ័រ ជាមួយ​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ឯ.ក ស្ថិតនៅ​ឃុំ​អូរគ្រៀង ស្រុក​សំបូរ​។

លោក លីណាត បាន​ប្រាប់ទៀតថា នេះ គឺជា​រោងចក្រ​តែ ១ ​គត់​នៅ​ខេត្ត​ក្រចេះ និង​ត្រូវបាន​បង្កើតឡើង​ដំបូង​ដោយ​វិនិយោគិន​ឥណ្ឌា​កាលពី​ជិត ១០ ​ឆ្នាំមុន ប៉ុន្តែ​ក្រោយមក​បាន​ក្ស័យធន​។ លុះដល់​ឆ្នាំ​ ២០២០ ទើប​មាន​ក្រុមហ៊ុន​ថ្មី មកពី​វៀតណាម​បាន​ចាប់អារម្មណ៍​វិនិយោគ​លើ​រោងចក្រ និង​ចម្ការ​ដំណាំ​នេះ​។

លោក​អះអាង​ថា​៖ «​កាលពីមុន​រោងចក្រ​នេះ​បាន​ច្នៃ​ជា​ស្ករល្ងូ​ (​ស្ករ​ពណ៌​លឿង​) ​ហើយ ប៉ុន្តែ​មិនទាន់​បាន​ច្នៃ​ចេញ​ជា​ស្ករស​នៅឡើយ​ទេ​»​។

បើតាម​លោក​អភិបាលរង​ខេត្ត រោងចក្រ​នេះ​ប្រើប្រាស់​ខ្សែចង្វាក់​ផលិតកម្ម​ស្វ័យប្រវត្តិ​ប្រមាណ ៩០ ​ភាគរយ​ដែល​ត្រូវការ​ចំណាយ​ទុន​ច្រើន​ក្នុង​ការវិនិយោគ​។ នៅពេល​ដំណើរការ​ពេញលេញ វា​នឹង​ឈាន​ទៅ​ដល់​ការផលិត​អាល់កុល និង​អគ្គិសនី​ពី​កាកសំណល់​អំពៅ​ថែម​ទៀតផង​។

លោក អោក ដារុណ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ​បាន​និយាយថា សម្រាប់​ខេត្តក្រចេះ ការដាំដុះ​អំពៅ​មានតែ​នៅក្នុង​ស្រុក​សំបូរ​ប៉ុណ្ណោះ​។ លោក​និយាយថា​៖ «​ស្ថានភាព​ដី​គ្រប់​តំបន់​នៅក្នុង​ខេត្តក្រចេះ​សុទ្ធតែ​អាច​ដាំ​អំពៅ​បាន ប៉ុន្តែ​ដោយសារ​មានតែ​ក្រុមហ៊ុន​វិនិយោគ​លើ​រោងចក្រ​ផលិត​ស្ករអំពៅ​នៅ​ស្រុក​សំបូរ ទើប​ដំណាំ​នេះ​ត្រូវបាន​ដាំដុះ​តែ​នៅក្នុង​តំបន់​នេះ​ប៉ុណ្ណោះ​»​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឱ្យ​ដឹងថា ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​ពី​ស្ករ​មាន​តម្លៃ​ជាង ១៨,៩៥ លាន​ដុល្លារ ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២០ ធ្លាក់ចុះ ៤៣,៨៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដែលមាន​តម្លៃ ៣៣,៧៩ លាន​ដុល្លារ​។

ទោះយ៉ាងណា ទិន្នន័យ​មិនបាន​បញ្ជាក់​ពី​ប្រភេទ​ផលិតផល​ពី​ស្ករ​ជាក់លាក់​នោះទេ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងអំឡុងពេល​ទស្សនកិច្ច​ចង្វាក់​ផលិតកម្ម​នៅ​រោងចក្រ​ផលិត​ស្ករស​ក្រុមហ៊ុន ភ្នំពេញ​ស៊ូហ្គ័រ កាលពី​ខែធ្នូ ២០១៩ ​បាន​ឱ្យ​ដឹងថា រោងចក្រ​របស់​ភ្នំពេញ ស៊ូហ្គ័រ មាន​សមត្ថភាព​ផលិត​ស្ករស​ ១ ពាន់​តោន និង​ស្ករ​ឆៅ ១ ​ពាន់​តោន​ក្នុង​ ១ ​ថ្ងៃ​។ សព្វថ្ងៃ​ទីផ្សារ​ស្ករស​ធំជាងគេ​របស់​ក្រុមហ៊ុន​គឺ​ប្រទេស​វៀតណាម និង​ផ្គត់ផ្គង់​ក្នុងស្រុក​។ លោក​ថ្លែងថា​៖ «​នាពេល​អនាគត ក្រុមហ៊ុន​គ្រោង​នឹង​នាំ​ចេញទៅ​ទីផ្សារ​ក្រៅ​តំបន់​បន្ថែម​»​។

ភ្នំពេញ​ស៊ូហ្គ័រ ជា​ក្រុមហ៊ុន​ក្នុងស្រុក​វិនិយោគ​ដោយ​វិនិយោគិន​ខ្មែរ​គឺ​លោក លី យ៉ុងផាត់ ដែលមាន​ទុនវិនិយោគ​ប្រមាណ ២០០ ​លាន​ដុល្លារ​៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។