ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) នឹង​ចាត់វិធានការ​ក្តៅ​ចំពោះ​ម្ចាស់​សហគ្រាស​ទាំងឡាយណា​ដែល​មិនទាន់បាន​ទូទាត់​បំណុល​ពន្ធ​របស់ខ្លួន ដែល​អាច​ឈានដល់​ការអនុវត្ត​នីតិវិធីតុលាការ​ក្នុង​ករណី​ម្ចាស់​សហគ្រាស​នៅតែ​បន្ត​គេចវេះ​មិន​ព្រម​ទូទាត់​បំណុល​ពន្ធ​តាម​កាលកំណត់​។

អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា​បានចេញ​សេចក្តី​ជូនដំណឹង​ដល់​អ្នក​ជំពាក់​បំណុល​ទាំងអស់​អំពី​ការបង់​ពន្ធអាករ ដែលជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ដើម្បី​រួមចំណែក​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​លើ​គ្រប់​វិស័យ​។

សេចក្តី​ជូនដំណឹង​របស់ GDT បាន​អះអាង​ថា​៖ «​កន្លងមក​អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេតឃើញ​ថា សហគ្រាស​ភាគច្រើន​បាន​ចូលខ្លួន​មក​ធ្វើការ​ទូទាត់​បំណុល​ពន្ធ​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ប៉ុន្តែ​នៅមាន​សហគ្រាស​មួយចំនួនទៀត​មិនបាន​ចូលខ្លួន​មក​ទូទាត់​បំណុល​ពន្ធ​របស់ខ្លួន​នៅឡើយ​ទេ បើទោះ​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ​បានចេញ​លិខិតអញ្ជើញ​សហគ្រាស​ទាំងនោះ ជាច្រើន​លើក​ដើម្បី​ជា​ការដាស់តឿន ក្រើនរំឭក​ឱ្យ​មក​ធ្វើការ​ទូទាត់​បំណុល​ពន្ធ​ក៏ដោយ​»​។

លោក អេង រតនា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា​ថា មុននឹង​ឈានដល់​ការចេញ​សេចក្តី​ជូនដំណឹង​ពី​ការទូទាត់​បំណុល​របស់​សហគ្រាស​នេះ អគ្គនាយកដ្ឋាន​បានចេញ​លិខិតអញ្ជើញ​ម្ចាស់​សហគ្រាស​ទាំងនោះ​ជាច្រើន​លើក​រួចមកហើយ ប៉ុន្តែ​នៅតែ​មាន​សហគ្រាស​មួយចំនួន​មិនទាន់​ទូទាត់​បំណុល​នៅឡើយ​ទេ​។

លោក​បញ្ជាក់ថា​៖ «​នេះ​ជា​ការជូន​ដំណឹង​ជារួម ដើម្បី​បញ្ជាក់ថា គាត់​នៅ​ជំពាក់ ហើយ​ឱ្យ​គាត់​អញ្ជើញ​ចូលមក​ដោះស្រាយ យើង​អាច​ឱ្យ​គាត់​បង់​ជា​ដំណាក់កាល​បាន បើសិន​គាត់​ខ្វះ​លទ្ធភាព ចៀសវាង​ការគេចវេះ​»​។

លោក​បញ្ជាក់ថា ក្នុង​ករណី​ដែល​អាច​ឈានដល់​ការបិទ​សហគ្រាស​នោះបាន ទាល់តែ​មាន​ការសម្រេច​ពី​តុលាការ តែ​លោក​ជឿថា​ម្ចាស់​សហគ្រាស​ទាំងអស់​នឹង​មាន​ការភ្ញាក់រឭក រួសរាន់​មក​ទូទាត់​បំណុល​ពន្ធ​តាម​ការជូនដំណឹង ចៀសវាង​អគ្គនាយកដ្ឋាន​ពន្ធដារ អនុវត្ត​តាមច្បាប់​។

យោងតាម​សេចក្តី​ជូនដំណឹង អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ឈ្មោះ​សហគ្រាស និង​កម្មសិទ្ធិករ​លើ​ទំព័រ​សារព័ត៌មាន និង​អនុវត្ត​វិធានការ​តឹងរ៉ឹង​មួយចំនួន​ដូចជា បញ្ឈប់​ប្រតិបត្តិការ នាំចេញ​នាំចូល​, បញ្ឈប់​ ឬ​ផ្អាក​សកម្មភាព​អាជីវកម្ម​ជា​បណ្តោះអាសន្ន​, ឃាត់ទុក​គណនី​ធនាគារ​ក្រុមហ៊ុន និង​ម្ចាស់​ក្រុមហ៊ុន​, ឃាត់ទុក​ការផ្ទេរ​កម្មសិទ្ធិ​ចលនទ្រព្យ និង​អចលនទ្រព្យ​, ឃាត់ទុក​ការចុះបញ្ជី​ក្រុមហ៊ុន​ថ្មី និង​ការផ្ទេរ​ភាគហ៊ុន​ដោយ​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​, ទុកជា​មោឃៈ​នូវ​លិខិត​អនុញ្ញាត និង​អាជ្ញាប័ណ្ណ​ផ្សេងៗ​, នាំខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​ឱ្យមក​ទូទាត់​បំណុល​ពន្ធ​ដោយ​សហការ​ជាមួយ​នគរបាលជាតិ​, និង​ឃុំគ្រង និង​រឹបអូស​យក​ទ្រព្យសម្បត្តិ និង​ដំណើរការ​នីតិវិធី​ទៅ​ស្ថាប័ន​តុលាការ​។

រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២១ GDT រកចំណូល​បាន​ជាង ២,៣ ​ពាន់​លាន​ដុល្លារ ស្មើនឹង ១០៣ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១ ធៀប​នឹង​ចំណូល​ពន្ធអាករ​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​ ២០២០ ថយចុះ​ជាង ៥​ ភាគរយ​៕ LA