​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន កាលពីពេល​ថ្មីៗ​នេះ បាន​បរិច្ចាគ​ថវិកា​ជិត ៥ ​ពាន់​ដុល្លារ​អាមេរិក ដែល​បានមកពី​ការចូលរួម​របស់​អតិថិជន​ពី​កម្មវិធី ​«​កាដូ​បុណ្យ​ភ្ជុំបិណ្ឌ​» ​របស់ខ្លួន និង​បាន​បរិច្ចាគ​ថវិកា​នេះ​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​ក្រុមហ៊ុន​។

​កាលពី​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ នាពេល​កន្លងទៅ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​បង្កើត​កម្មវិធី​មួយ​ដែល​អនុញ្ញាតឱ្យ​អតិថិជន​របស់ខ្លួន​ឈ្នះ​រង្វាន់​ពិសេស​នៅ​រៀងរាល់​ពេលដែល​ពួកគេ​ធ្វើការ​ស្កេ​ន QR កូដ ហើយ​រាល់​ការ​ស្កេ​ន QR កូដ ម្ដងៗ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​បរិច្ចាគ​ទឹកប្រាក់ ​០,០៥​ ដុល្លារ ដើម្បី​បរិច្ចាគ​ជូនទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​។

​ឥឡូវនេះ តាមរយៈ​កម្មវិធី​ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​ ២០ ខែកញ្ញា ដល់​ថ្ងៃទី ១០ ខែ តុលា ឆ្នាំ​ ២០២១ អតិថិជន​មិត្ត​ហ្វូ​ន​បានធ្វើ​ប្រតិបត្តិការ​ស្កេ​ន QR​ កូដ សរុប​ចំនួន ៩៦ ២៩២ ដង ហើយ​ទឹកប្រាក់​ចំនួន ៤ ៨១៥ ​ដុល្លារ​អាមេរិក ត្រូវបាន​បរិច្ចាគ​សម្រាប់​ជា​អំណោយ​ទៅឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា។

​លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បានប្រគល់​អំណោយ​ជា​ថវិកា​នេះ ទៅឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា នា​ថ្ងៃទី​ ២៣ ខែ វិច្ឆិកា ឆ្នាំ ​២០២១​។ លោក ឌិន​ថន បាន​ថ្លែងថា អំណោយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ជា​ហូរហែ​របស់​ក្រុមហ៊ុន ដើម្បី​ផ្ដល់​ត្រឡប់​ទៅវិញ​ទៅឱ្យ​សង្គម​កម្ពុជា​។

​លោក ឌិន​ថន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ជួយសង្គ្រោះ​ជីវិត​កុមារ​និង​ទារក​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ហើយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​តែងតែ​រីករាយ​ក្នុង​ការជួយ​រួមចំណែក​ជា​វិភាគទាន​ថវិកា​ទៅឱ្យ​មន្ទីរពេទ្យ​។ យើង​នឹង​បន្ត​រៃអង្គាស​មូលនិធិ​ច្រើន​ថែមទៀត​សម្រាប់ធ្វើ​អំណោយ​ទៅកាន់​មន្ទីរពេទ្យ​»​។​

ក្រុមហ៊ុនមិត្តហ្វូន​បាន​បរិច្ចាគ​ទឹក​ប្រាក់ ៤ ៨១៥ ដុល្លារ​អាមេរិក​ទៅ​ឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា។ រូបថត សហការី

​លោក​វេជ្ជបណ្ឌិត Denis Laurent ដែលជា​អគ្គនាយក​មន្ទីរពេទ្យ គន្ធបុប្ផា បាន​សម្ដែង​នូវ​ការ​អរគុណ​ដល់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ដែល​តែងតែ​បង្កើត​កម្មវិធី​ថ្មីៗ​ដើម្បី​រៃអង្គាស​មូលនិធិ​គាំទ្រ​ដល់​មន្ទីរពេទ្យ​។

​លោក​វេជ្ជបណ្ឌិត Laurent បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​នឹង​ប្រើប្រាស់​ថវិកា​ទាំងនេះ​ដើម្បី​ជួយ​ធ្វើឱ្យ​សុខភាព​កុមារ​និង​ទារក​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង តាមរយៈ​ការគាំទ្រ​ដល់​សកម្មភាព​នានា​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​»​។​

​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​នឹង​កំពុង​នាំមុខគេ​នៅក្នុង​ការជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ឌីជីថល​ជាតិ​របស់ខ្លួន​។ កន្លងមក ក្រុមហ៊ុន​បានធ្វើការ​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​ក្រសួង​ស្ថាប័នរដ្ឋ​សំខាន់ៗ ដើម្បី​អនុវត្ត​គម្រោង​ឌី​ជី​ថ​លូ​ប​នីយកម្ម​នៅក្នុង​វិស័យ​ជាច្រើន ដូចជា វិស័យ​អប់រ សុខាភិបាល និង​ដឹកជញ្ជូន​។

​មិន​ត្រឹមតែ​ផ្តោតលើ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ​មិត្ត​ហ្វូ​ន​ គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដទៃទៀត​ដែល​តែងតែ​រួមចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​អភិវឌ្ឍ​សង្គម​ហើយ​ចាត់ទុក​វា​ជា​សកម្មភាព​ទំនួល​ខុសត្រូវ​និង​កាតព្វកិច្ច​របស់​អាជីវ​កម្ម​៕