ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យ​ដឹងថា ក្នុង​រយៈពេល ៩ ​ខែ​ឆ្នាំ​ ២០២១ នេះ​ការប្រមូល​ចំណូល​ចរន្ត​របស់​រដ្ឋ​សម្រេចបាន ៧៥ ​ភាគរយ​បើ​ធៀប​នឹង​ច្បាប់​គ្រប់គ្រង​ថវិកាជាតិ ដែលមាន​ទំហំ ១៥ ៨៩៥ ​ពាន់​លាន​រៀល ច្រើនជាង​ការប្រមូល​ចំណូល​នៅក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែល​សម្រេចបាន​ត្រឹម ៦៣ ​ភាគរយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃទី​ ២៤ ខែវិច្ឆិកា នេះ​បានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​ ៣ ទោះបី​ការអនុវត្ត​ចំណាយ​ថវិកាជាតិ​មាន​ការយឺត​ជាង​ផែនការ​បន្តិច​ក្តី តែ​ការអនុវត្ត​ជា​រួម​មាន​ការកើនឡើង​ពី ៥៧ ​ភាគរយ ធៀប​នឹង​ច្បាប់​ (​ទំហំ ២៧ ២៨៥ ​ពាន់​លាន​រៀល​) នៅ​ឆ្នាំ​ ២០២០ ដល់ ៦១ ​ភាគរយ​ធៀប​នឹង​ច្បាប់​ (​ទំហំ ២៧ ៤២៥ ពាន់​លាន​រៀល​) នៅ​ឆ្នាំ ២០២១​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា ទន្ទឹមនឹងនេះ​ដំណើរការ​នៃ​ការអនុវត្ត​ចំណូល​ចំណាយ​ចាប់ផ្ដើម​កែលម្អ តាមរយៈ​ការដាក់ចេញ​ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​កៀវគរ​ចំណូល (RMSII), ការសិក្សា និង​ដាក់ចេញ​ផែនការ​សកម្មភាព​សម្រាប់​ដោះស្រាយ​ចំណាយ​កកស្ទះ​, ការពង្រីក​ការទូទាត់​ចំណាយ​ថវិកា​ជាតិ​តាម​ប្រព័ន្ធ E-Transfer, ការរៀបចំ​គោលការណ៍​ណែនាំ​ហិរញ្ញវត្ថុ​សាធារណៈ​នៅតាម​ក្រសួង​-ស្ថាប័ន និង​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ​ជាដើម ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែមថា ជាមួយ​គ្នា​នេះ ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​, ការកសាង និង​កែលម្អ​ប្រព័ន្ធ​, និង​ការរៀបចំ​បទដ្ឋាន​គតិយុត្តិ​ស្នូល​សំខាន់ៗ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​ដំណាក់កាល​បន្ទាប់​ក៏បន្ត​មាន​វឌ្ឍនភាព​។ ក្នុងនោះ «​ច្បាប់​ស្តីពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​ និង​ឯកជន​» ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា និង​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​​ ២០២១ ខណៈ​ «​ច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ (​ថ្មី​)» ក៏​កំពុង​ធ្វើការ​រៀបចំ និង ពិភាក្សា​ស៊ីជម្រៅ​មុន​នឹង​អាច​ដាក់ឱ្យ​អនុវត្ត​នៅពេល​ខាងមុខ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន ភាព​ដែល​អាច​គ្រប់គ្រង​បាន​នៃ​ការអនុវត្ត​ចំណូល និង​ចំណាយ​ជាតិ​នៅក្នុង​ស្ថានភាព​មាន​វិបត្តិ​កូវីដ​ ១៩ បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ភាពជឿ​ទុកចិត្ត​នៃ​ថវិកា​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ត្រូវ​បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​តាមរយៈ​ភាពគ្រប់គ្រាន់​នៃ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​ការងារ​បន្ទាន់​ចំពោះមុខ និង​ការបន្ត​គាំទ្រ​វឌ្ឍនភាព​ការងារ​ទូទៅ​។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែវិច្ឆិកា​ថា ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២១ នេះ​ការ​បាន​ប្រមូល​ចំណូល​របស់​រដ្ឋ​បាន​ចំនួន ៧៥ ​ភាគរយ​នៃ​ច្បាប់​គ្រប់គ្រង​ថវិកាជាតិ ដែល​មានន័យថា នៅក្នុង​រយៈពេល ៣ ​ត្រីមាស ទទួល​បាន ៧៥ ​ភាគរយ និង​នៅសល់ ២៥ ​ភាគរយ​ទៀត​សម្រាប់ ១ ​ត្រីមាស​ចុងក្រោយ​។

លោក​យល់ឃើញថា ចំណូល​ចរន្ត​របស់​រដ្ឋ​នឹង​កើន​លើស​ផែនការ និង​ច្បាប់​ស្តីពី​គ្រប់គ្រង​ថវិកាជាតិ ដោយសារ​តែ​ក្នុង​រយៈពេល ៣ ខែ​ចុងក្រោយ​នេះ​រដ្ឋាភិបាល បាន​បើក​ប្រទេស​ឱ្យមាន​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ និង​ចរន្ត​សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​មាន​ភាពល្អប្រសើរ​ជា​លំដាប់ ដូច្នេះ​នៅ​បំណាច់​ឆ្នាំនេះ ការប្រមូល​ចំណូល​អាច​នឹង​លើសពី​ផែនការ​។

លោក​បន្ត​ទៀតថា ចំពោះ​ការចំណាយ​ចរន្ត​របស់​រដ្ឋាភិបាល​ដែលជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​សារពើពន្ធ គឺ​បាន​ធ្វើឡើង​នៅក្នុង​ភាពផ្ចិតផ្ចត់ និង​ធ្វើ​ក្នុង​ភាពមិនប្រាកដ​ច្បាស់​ពី​ជំងឺ​កូវីដ​ ១៩ ទើប​រដ្ឋាភិបាល​ប្រមូល​បាន​យឺត​ជាង​ផែនការ​ក្នុង​ទំហំ​ប្រមាណ ៥៧ ភាគរយ​តែប៉ុណ្ណោះ​នៃ​ច្បាប់​គ្រប់គ្រង​ថវិកាជាតិ ។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា​នៅពេល​ដែល​ស្ថានភាព​ជំងឺ​កូវីដ ​១៩ បាន​ល្អ​ប្រសើរ​នៅក្នុង​ប្រទេស ការចំណាយ​របស់​សាធារណៈរដ្ឋ​នឹង​គោរព​ទៅតាម​ផែនការ​។ អ៊ីចឹង​ការជំរុញ​ការចំណាយ​សាធារណៈ​នៅ​ចុងឆ្នាំ​ ២០២១ នឹង​ជះឥទ្ធិពល​សេដ្ឋកិច្ច​នៅ​ដើមឆ្នាំ​ ២០២២ »​។

បើតាម​លោក សេរីវឌ្ឍន៍ ការប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ឡើង​ដោយ​ផ្ចិតផ្ចង់ ព្រោះ​ចំណូល​ពន្ធ​ពីមុន គឺ​មាន​ការធ្លុះធ្លាយ​តាមរយៈ​ការមិន​បង់ពន្ធ​ពី​មន្ត្រី​យោធា មន្ត្រី​ខិលខូច និង​អ្នកមានអំណាច់ ខណៈ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត រងគ្រោះ​ដោយសារ​កូវីដ​ ១៩ ត្រូវបាន​លើកលែង​ពន្ធ​ទៅវិញ ដែល​នេះ​មិនមាន​ផលប៉ះពាល់​ទៅដល់​ជីវភាព​របស់​ប្រជាជន​ទេ​៕