
ត្រីតូចៗជាច្រើន ត្រូវបានក្រុមកម្មករលើកចេញពីក្នុងទឹកទន្លេ។ ហេង ជីវ័ន
ភ្នំពេញៈ អង្គការទស្សនៈពិភពលោក (World Vision CAST) និងក្រុមហ៊ុន Davane Company បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកម្មវិធីតាមដាន និងត្រួតពិនិត្យផលិតផលត្រី ក្នុងគោលបំណងជួយបង្កើនទំនុកចិត្តបន្ថែមទៀតដល់អ្នកចិញ្ចឹម អ្នកកែច្នៃ អ្នកលក់ផលិតផលត្រីក្នុងស្រុក ពិសេសអ្នកបរិភោគក្នុងការទទួលទានដោយសុវត្ថិភាព ដោយចៀសវាងការទិញត្រីដែលគ្មានប្រភពច្បាស់លាស់នាំឱ្យខាតថវិកា និងខូចសុខភាព។
MoU នេះត្រូវបានចុះហត្ថលេខារវាង លោក តិច គង់ តំណាងអង្គការទស្សនៈពិភពលោក និងលោក ឆេង មករា តំណាងក្រុមហ៊ុនដាវ៉ាន់ នៅថ្ងៃពុធទី ២៤ ខែវិច្ឆិកា។
លោក តិច គង់ តំណាងអង្គការ World Vision CAST បានឱ្យដឹងថា ការបង្កើតកម្មវិធីតាមដានផលិតផលត្រី គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះជួយឱ្យអ្នកប្រើប្រាស់ចុងក្រោយអាចដឹងពីប្រភពផលិតផល និងអ្នកចិញ្ចឹមត្រីក៏មានលទ្ធភាពបង្កើនតម្លៃត្រីផងដែរ។ លោកបញ្ជាក់ថា៖ «ទាំងអ្នកចិញ្ចឹម អ្នកកែច្នៃ និងអ្នកលក់មានទំនុកចិត្តទៅវិញទៅមក បើសិនយើងទិញផលិតផលណា ជាពិសេសត្រីយើងនឹងប្រយ័ត្នប្រយែងជាងមុន»។
លោកបន្តថា កសិករដែលសហការជាមួយ World Vision CAST និងក្រុមហ៊ុនដាវ៉ាន់ គឺមានអ្នកចិញ្ចឹមត្រីជាង ១ ០០០ នាក់ អ្នកកែច្នៃ (អ្នកសម្អាត ដឹកជញ្ជូន លក់ដុំ លក់រាយ) ជាង ១ ៥០០ នាក់ និងមានការសហការជាមួយសិប្បកម្មជាង ១០០ ។
តំណាងក្រុមហ៊ុន ដាវ៉ាន់ លោក ឆេង មករា លើកឡើងថា ការបង្កើតកម្មវិធីតាមដានផលិតផលត្រីនេះ គឺក្នុងគោលបំណងផ្តល់ទំនុកចិត្តដល់អតិថិជនឱ្យបានដឹងច្បាស់អំពីប្រភពត្រី ដោយតាមរយៈការរៀបចំប្រព័ន្ធនេះ គឺអាចដឹងពីអ្នកផលិត និងគុណភាពរបស់វាបានច្បាស់លាស់ផងដែរ។
លោកបន្ថែមថា កម្មវិធីនេះក៏ជាការកំណត់ ឬតម្រូវឱ្យកសិករចិញ្ចឹមត្រីទាំងឡាយត្រូវចិញ្ចឹមឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងស្តង់ដា ដែលវានឹងនាំមកនូវសុវត្ថិភាពដល់សុខភាពរបស់អតិថិជនផង អ្នកបរិភោគផង។
លោកបន្តថា៖ «ផលិតផលត្រីដែលស្ថិតនៅក្នុងបណ្តាញខាងលើនេះសុទ្ធតែមានបិទលេខកូដនៅពីលើកញ្ចប់ ហើយអតិថិជនគ្រាន់តែប្រើទូរស័ព្ទស្មាតហ្វូនស្កេន QR Code លើកញ្ចប់ត្រីទាំងនោះ នឹងទទួលបានព័ត៌មានថា ត្រីនោះចិញ្ចឹមដោយកសិករឈ្មោះអ្វី កសិដ្ឋាននៅឯណា? ចិញ្ចឹមរបៀបណា? តាមបច្ចេកទេសបែបណា?»។
លោក សុខ យ៉ន អនុប្រធានសមាគមសុវតិ្ថភាពបន្លែ ត្រី សាច់ នៅកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែវិច្ឆិកាថា សមាគមគ្រោងចុះអនុស្សរណៈយោគយល់ជាមួយ World Vision CAST និងក្រុមហ៊ុនដាវ៉ាន់ នៅខែធ្នូខាងមុខដើម្បីត្រួតពិនិត្យគុណភាពផលិតផលត្រី ជាពិសេសត្រីដែលនាំចូលពីវៀតណាម និងថៃ។
លោកបានអះអាងថា៖ «សមាគមចង់បានកម្មវិធីហ្នឹង (កម្មវិធីតាមដាន និងត្រួតពិនិត្យផលិតផលត្រី) ព្រោះសមាគមយល់ឃើញថា ចំណីអាហារមួយចំនួនដូចជាត្រី មិនទាន់ទុកចិត្តបានទេ ជាពិសេសការនាំចូលពីប្រទេសជិតខាង»។
ប្រជាជនកម្ពុជាបរិភោគត្រីប្រមាណ ៤០០ ០០០ តោន ក្នុង ១ ឆ្នាំ ឬ ៦៣ គីឡូក្រាមសម្រាប់មនុស្ស ១ នាក់ក្នុង ១ ឆ្នាំ។ បើយោងតាមការសិក្សារបស់អង្គការ SEAFDEC ការផលិតត្រីនៅកម្ពុជាបានកើនដល់ជិត ១ លានតោនក្នុងឆ្នាំ ២០១៨ កើនពី ០,៥ លានតោនក្នុងឆ្នាំ ២០០៨។ ការសិក្សាបង្ហាញថា ៥៩ ភាគរយបានពីការចាប់ពីធម្មជាតិ ២៨ ភាគរយបានពីវារីវប្បកម្ម និងការចាប់ពីសមុទ្រ ១៣ ភាគរយ។
របាយការណ៍ពីធនាគារពិភពលោក (២០១៤) ព្យាករថា ការចិញ្ចឹមត្រី និងផលត្រីផ្សេងទៀតនឹងកើន ២ ដង (ប្រហែល ៥០ ភាគរយនៃផលិតកម្មសរុប) នៅឆ្នាំ ២០៣០ ដើម្បីបំពេញតម្រូវការកំពុងកើនឡើង៕ LA