ប្រេងឆៅ WTI Crude បាន​ធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់បំផុត​របស់ខ្លួន​ក្នុងតម្លៃ ៨៤,៩៧ ដុល្លារ​ក្នុង​ ១ ​បារ៉ែល ដែល​បាន​កើនឡើង​កាលពី​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ មក​នៅ​ប្រហែល ៧៨ ដុល្លារ បើ​គិត​ត្រឹម​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​។ មុន​បក​មកដល់​តម្លៃ ៧៨ ​ដុល្លារ ប្រេងឆៅ WTI Crude កាលពី​ថ្ងៃ​អង្គារ បាន​ធ្លាក់ចុះ​ដល់ ៧៥ ​ដុល្លារ ដែលជា​កម្រិត​ទាប​បំផុត​ចាប់តាំង​ពី​ថ្ងៃទី​ ១០ ខែតុលា ឆ្នាំ​ ២០២១​។

គេហទំព័រ CNBC បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ការធ្លាក់ចុះ​កាលពី​ថ្ងៃ​អង្គារ បាន​ធ្វើឱ្យ​សហរដ្ឋអាមេរិក ជប៉ុន និង​ឥណ្ឌា នឹង​បញ្ចេញ​ទុនបម្រុង​ប្រេងឆៅ​ ដើម្បី​ទប់ទល់​នឹង​តម្លៃ ទោះបីជា​មាន​ការគំរាមកំហែង​នៃ​ការធ្លាក់ចុះ​នៃ​តម្រូវការ​នៅពេលដែល​ករណី​កូវីដ​ ១៩ ផ្ទុះឡើង​នៅក្នុង​ទ្វីបអឺរ៉ុប​ក៏ដោយ​»​។ ចំណែក​គេហទំព័រ Oilprice.com បាន​រាយការណ៍​ថា​៖ «​តម្លៃ​ប្រេងឆៅ​បាន​លោត​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ បន្ទាប់ពី​ការប្រកាស​ពី​រដ្ឋបាល​សហរដ្ឋអាមេរិក​ថា​វា​នឹងធ្វើ​ឱ្យមាន​ប្រេង​ចំនួន ៥០ ​លាន​បារ៉ែល​ពី Strategic Petroleum Reserve (SPR) ដើម្បី​ធ្វើឱ្យ​តម្លៃ​ប្រេង​ធ្លាក់ចុះ​។

សម្រាប់​ការវិភាគ​ផ្នែក​បច្ចេកទេស​វិញ តម្លៃ​ប្រេងឆៅ​កំពុង​បង្កើត​ទំនោរ​ធ្លាក់ចុះ​រយៈពេល​ខ្លី ដោយ​បង្ហាញ​សញ្ញា​ត្រឡប់​ទៅ​តម្លៃ ៦៥ ​ដុល្លារ ដោយ​ផ្អែកលើ​ខ្សែ​ទម្រ​រឹងមាំ​នៅ​តម្លៃ ៦៥ ​ដុល្លារ​។ សូចនាករ​ផ្សេងទៀត​ដូចជា Fibonacci និង MACD ក៏​កំពុង​បង្ហាញ​ពី​ការប្រែប្រួល​រយៈពេល​ខ្លី​ឆ្ពោះ​រក​ទៅ​តម្លៃ ៦៥ ​ដុល្លារ​ដែរ​។ ដូច្នេះ សម្រាប់​ការវិភាគ​ជួញដូរ​នៅ​សប្តាហ៍​នេះ វិនិយោគិន​គួរតែ​ពិចារណា​លក់​ប្រេងឆៅ​ក្នុងតម្លៃ ៧៨ ​ដុល្លារ ដោយ​កំណត់​មុខងារ​យកប្រាក់​ចំណេញ​នៅ​តម្លៃ ៦៦ ​ដុល្លារ និង​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ៨៦ ​ដុល្លារ​៕