The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វៀតណាម​ និង​រុស្ស៊ី​ប្តេជ្ញា​បង្កើន​ពាណិជ្ជកម្ម​កសិកម្ម​ និង​ជលផល ដើម្បី​ជម្នះ​វិបត្តិ​កូវីដ​ ១៩




វៀតណាម​ និង​រុស្ស៊ី​ប្តេជ្ញា​បង្កើន​ពាណិជ្ជកម្ម​កសិកម្ម​ និង​ជលផល ដើម្បី​ជម្នះ​វិបត្តិ​កូវីដ​ ១៩

Content image - Phnom Penh Post
កម្មករ​កែច្នៃ​បង្គា​នៅក្នុង​ខេត្ត អាន យ៉ាង ភាគខាងត្បូង​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​រុស្ស៊ី​ VNA

វៀតណាម​ និង​រុស្ស៊ី​ប្តេជ្ញា​បង្កើន​ពាណិជ្ជកម្ម​កសិកម្ម​ និង​ជលផល ដើម្បី​ជម្នះ​វិបត្តិ​កូវីដ​ ១៩

ទីក្រុងហាណូយៈ វៀតណាម​ និង​រុស្ស៊ី​ប្តេជ្ញា​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ផលិតផល​កសិកម្ម​ និង​ជលផល អំឡុងពេល​សិក្ខាសាលា​តាម​អនឡាញ​ដើម្បី​សិក្សា​ទីផ្សារ​រុស្ស៊ី​ និង​បង្កើន​ការនាំចេញ​ផលិតផល​កសិកម្ម​ និង​ជលផល ទៅកាន់​ប្រទេស​រុស្ស៊ី​។

សិក្ខាសាលា​ត្រូវបាន​រួមគ្នា​រៀបចំ​ឡើង​ដោយ​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម (MARD), ក្រសួង​កសិកម្ម​រុស្ស៊ី ស្ថានទូត​រុស្ស៊ី​នៅក្នុង​ប្រទេស​វៀតណាម និង​ស្ថានទូត​វៀតណាម​នៅក្នុង​ប្រទេស​រុស្ស៊ី​។

យោងតាម​លោក Tran Thanh Nam អនុរដ្ឋមន្ត្រី​នៃ​ក្រសួង MARD វៀតណាម​ឈរ​លំដាប់​ខ្ពស់​ក្នុង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​រុស្ស៊ី​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

ពាណិជ្ជកម្ម​ទ្វេភាគី​ឈានដល់ ៤,៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​អំឡុងពេល ២០១៨-២០២០ ​ដែល​ផលិតផល​កសិកម្ម​មាន​ប្រហែល ១៨-២០ ​ភាគរយ​ឬ ៩០០ ​លាន​ដុល្លារ​ក្នុង ​១ ​ឆ្នាំ​។ វា​មាន​ចំនួន ៥០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​។

រយៈពេល​ ១០ ​ខែ​នៃ​ឆ្នាំនេះ ការនាំចេញ​ផលិតផល​កសិកម្ម និង​ជលផល​របស់​វៀតណាម​ទៅកាន់​ទីផ្សារ​រុស្សី បាន​កើនឡើង​ ៣២,៦ ​ភាគរយ ដល់​តម្លៃ​ ៤៦៩ ​លាន​ដុល្លារ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។ វៀតណាម នាំចេញ​សំខាន់​ផលិតផល​ជលផល កាហ្វេ ស្វាយចន្ទី ផ្លែឈើ តែ ឈើ និង អង្ករ​ទៅកាន់​ទីផ្សារ​ប្រទេស​រុស្ស៊ី ខណៈ​ដែល​ការនាំ​ចូល​មាន​ផលិតផល​ជលផល​ស្រូវ​សាលី ជីគីមី​កសិកម្ម ឈើហុប សាច់ និង ផលិតផល​ទឹកដោះគោ​។

លោក Nam បាន​និយាយថា ភាគី​ទាំង​ ២ ​គួរតែ​ប្រើប្រាស់​គុណសម្បត្តិ​របស់​ពួកគេ​ និង​ប្រែក្លាយ​ការប្រឈម​ទៅជា​ឱកាស ចំពេល​ការរីករាលដាល​កូវីដ​ ១៩​។

លោក​បញ្ជាក់​ថា​៖ ភាគី​ទាំង​ ២ ​ត្រូវការ​ធ្វើសកម្មភាព​ឱ្យ​ខ្លាំង​ ដើម្បី​ចាប់យក​ឱកាស អំឡុងពេល​ការរីក​រាលដាល​ជំងឺ និង ជំរុញ​កិច្ចសហប្រតិបត្តិការ​កាន់តែ​ធំ ក្នុង​ពាណិជ្ជកម្ម​កសិកម្ម​»​។

លោក Sergey Lvovich Levin អនុរដ្ឋមន្ត្រី​កសិកម្ម​រុស្ស៊ី​បាន​និយាយថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី សហភាព​សេដ្ឋកិច្ច​វៀតណាម អឹរ៉ាស៊ី បាន​បើកចំហ​ឱកាស​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​ទាំង​ ២​។

មន្ត្រី​បាន​និយាយថា ប្រទេស​វៀតណាម ជា​ទីផ្សារ​ខ្លាំង​ និង​អភិវឌ្ឍន៍​នៅក្នុង​តំបន់ ដោយ​សង្កត់ធ្ងន់​ថា ប្រទេស​ទាំង​ ២ ​នឹង​លើកកម្ពស់​ពាណិជ្ជកម្ម​កសិកម្ម​របស់​ពួកគេ​ដល់​កម្រិត​ថ្មី​ទៀត​៕VNS-ANN/RR

អត្ថបទគួរចាប់អារម្មណ៍