The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific នឹង​កាត់បន្ថយ​ការហោះហើរ​ចូលទៅ​ទីក្រុង​ហុងកុង ដោយសារ​ការគ្រប់គ្រង​កូវីដ​នៅ​តឹងរ៉ឹង​ពេក




ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific នឹង​កាត់បន្ថយ​ការហោះហើរ​ចូលទៅ​ទីក្រុង​ហុងកុង ដោយសារ​ការគ្រប់គ្រង​កូវីដ​នៅ​តឹងរ៉ឹង​ពេក

Content image - Phnom Penh Post
យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific ដែល​នឹង​កាត់បន្ថយ​ការហោះ​ចូលទៅ​ទីក្រុង​ហុងកុង​ ដោយសារ​វិធានការ​គ្រប់គ្រង​កូវីដ​នៅ​តឹងរ៉ឹង​ដដែល​។ AFP

ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific នឹង​កាត់បន្ថយ​ការហោះហើរ​ចូលទៅ​ទីក្រុង​ហុងកុង ដោយសារ​ការគ្រប់គ្រង​កូវីដ​នៅ​តឹងរ៉ឹង​ពេក

ទីក្រុងហុងកុងៈ ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific នៅ​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យដឹងថា ខ្លួន​នឹង​កាត់បន្ថយ​ការហោះហើរ​ដឹក​អ្នកដំណើរ​ចូលទៅ​ទីក្រុង​ហុងកុង​នៅ​ខែក្រោយ ពេល​ដែល​ការទប់ស្កាត់​ការធ្វើដំណើរ​តឹងរ៉ឹង​របស់​ទីក្រុង​មួយ​នេះ​បន្ត​ ដើម្បី​រក្សា​អ្នកដំណើរ​អន្តរជាតិ​ឱ្យនៅ​ដាច់ដោយឡែក ពេលដែល​គូប្រជែង​ឃើញ​ភាពប្រសើរ​ឡើង​។

ទីក្រុង​ហុងកុង​បាន​រក្សា​នូវ​វិធានការ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ដ៏តឹងរ៉ឹង​បំផុត​មួយ​របស់​ពិភពលោក និង​ការរឹតបន្តឹង​ការធ្វើដំណើរ​ក្នុង​អំឡុងពេល​ជំងឺ​រាតត្បាត ដែល​បាន​រក្សា​ការឆ្លង​ទាប ប៉ុន្តែ​បាន​ធានា​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​ដាក់ឈ្មោះ​ខ្លួនឯង​ថា «​ទីក្រុង​ពិភពលោក​របស់​អាស៊ី​» ​ត្រូវបាន​កាត់ផ្តាច់​ជា​អន្តរជាតិ​ក្នុង​រយៈពេល​ ២០ ​ខែ​កន្លងមកនេះ​។

រដ្ឋាភិបាល​បាន​ចង់ភ្ជាប់​ជោគវាសនា​របស់​ទីក្រុង​នេះ​ទៅនឹង​យុទ្ធសាស្ត្រ​គ្រប់គ្រង​វីរុស​កូរ៉ូណា​ដ៏តឹងរ៉ឹង​របស់​ប្រទេស​ចិន និង​បាន​និយាយ​ថា ប្រក្រតីភាព​នៃ​ការធ្វើដំណើរ​ជាមួយ​ចិនដីគោក​ត្រូវតែ​មាន​មុន​ការបើក​ទៅកាន់​ពិភពលោក​។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន Cathay បាន​ប្រកាស​ថា ខ្លួន​លុបចោល​ការហោះហើរ​ច្រើន​ចូលទៅ​កាន់​ទីក្រុង​ហុងកុង​នៅ​ខែធ្នូ ដោយ​ស្តីបន្ទោស​លើ​ការរឹតត្បិត​ប្រតិបត្តិការ​ និង​ការធ្វើដំណើរ​ដែល​នៅតែមាន​ជា​ធរមាន​នោះ​។

កាសែត South China Morning Post បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភព​របស់​ក្រុមហ៊ុន​ថា នៅពេល​ដែល​រដូវ​វិស្សមកាល​កំពូល​ខិតជិត​មកដល់​ក្រុមហ៊ុន​អាកាសចរណ៍​នឹង​ប្តូរ​ជើងហោះហើរ​ប្រហែល​ ១ ​ភាគ​ ៣ ​នៃ​ជើងហោះហើរ​ដែល​ភ្ជាប់​ទៅ​ទីក្រុង​ហុងកុង​ ដើម្បី​ដឹកទំនិញ​។ កាសែត​បាន​បន្ថែមថា ជើងហោះហើរ​ក្រៅ​ស្រុក​នឹង​នៅតែ​មិន​ប៉ះពាល់​សម្រាប់​ពេលនេះ ដោយ​មាន​ប្រហែល​ ៦២០ ​ជើង​ដែល​គ្រោងទុក​ក្នុង​ខែធ្នូ​។

ដូចនឹង​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ភាគច្រើន ក្រុមហ៊ុន Cathay បាន​រងគ្រោះ​ដោយសារ​ការរីករាលដាល​វីរុស​កូរ៉ូណា ដែល​លេប​ត្របាក់​ការធ្វើដំណើរ​អន្តរជាតិ​ភាគច្រើន​។

ប៉ុន្តែ​វា​មាន​ភាពងាយ​រងគ្រោះ​ជាពិសេស ដោយសារ​តែ​វា​មិនមាន​ទីផ្សារ​ក្នុងស្រុក​ធ្វើដំណើរ​ឡើងវិញ ហើយ​មាន​មូលដ្ឋាន​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​បាន​ទទួលយក​ផែនការ «​កូវីដ-សូន្យ​» ​របស់​ចិន​ដីគោក​។

កាលពី​សប្តាហ៍​មុន អាជ្ញាធរ​ហុងកុង​បាន​បញ្ជា​ឱ្យ​នាវិក​ដឹកទំនិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Cathay ជាង​ ១០០ ​នាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ពី​គេ បន្ទាប់ពី​សហការី​របស់​ពួកគេ​ចំនួន​ ៣ ​នាក់ ដែល​ស្នាក់នៅ​សណ្ឋាគារ​ដដែល​ក្នុង​ប្រទេស​អាល្លឺម៉ង់​បានធ្វើ​តេស្ត​វិជ្ជមាន​នៅពេល​ត្រឡប់​មកវិញ​៕ RR

អត្ថបទគួរចាប់អារម្មណ៍