ភ្នំពេញៈ កម្ពុជា​បាន​ស្នើ​វៀតណាម​ក្នុង​ការជំរុញ​ឱ្យ​មាន​ការហោះហើរ​ត្រង់​រវាង​កម្ពុជា និង​វៀតណាម​ឡើងវិញ​ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២ ​ក្រោយ​ប្រទេស​វៀតណាម​បាន​ផ្អាក​ការហោះហើរ​ក្រោយ​ការផ្ទុះ​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

ការលើកឡើង​បែបនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក​ឯកអគ្គរដ្ឋទូត​វៀតណាម​ថ្មី ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ២៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ នៅ​វិមាន​សន្តិភាព​។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ នៅក្នុង​ករណី​ដែល​ប្រទេស​វៀតណាម​អនុញ្ញាត​ឱ្យ​បើក​ជើង​ហោះ​ឡើងវិញ នោះ​ក្រុមហ៊ុន​វៀតណាម​អ៊ែរឡាញ (Vietnam airline) ​គ្រាន់តែ​ដាក់​ស្នើ​ជា​ការស្រេច​។

លោក​បញ្ជាក់​៖ «​ការហោះហើរ​តាម​វៀតណាម ភ្ញៀវទេសចរ​អាច​ជួប​ការលំបាក​បន្តិច ដោយសារ​តែ​ប្រទេស​នេះ តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ៨ ​ថ្ងៃ នៅពេល​ដែល​ត្រឡប់​ពី​កម្ពុជា​ទៅកាន់​វៀតណាម​វិញ​»​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឱ្យ​ដឹងថា ការស្នើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​កាន់​ភាគី​វៀតណាម​ក្នុង​ការជំរុញ​ឱ្យ​មាន​ការហោះហើរ​ត្រង់​រវាង​កម្ពុជា និង​វៀតណាម​ឡើងវិញ​នេះ គឺជា​ការបង្ហាញ​ពី​ទស្សនវិស័យ​ដ៏ត្រឹមត្រូវ​មួយ​ដើម្បី​បង្កើន​ទេសចរ​ឡើងវិញ ជាពិសេស​ទេសចរ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​។

លោក​បាន​បន្ថែមថា ក្រុម​ទេសចរ​ពី​តំបន់​អឺរ៉ុប​ទៅលេង​នៅ​ប្រទេស​វៀតណាម​ច្រើន ដូចនេះ​កម្ពុជា​ក៏​អាច​ទទួល​អត្ថប្រយោជន៍​ដោយ​ប្រយោល​ផងដែរ ដោយសារ​តែ​ការហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​វៀតណាម គឺ​វៀតណាម​អ៊ែរឡាញ (Vietnam airline) ពី​តំបន់​នោះ​។

លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «Vietnam airline នៅ​សហគមន៍​អឺរ៉ុប​គេ​ស្គាល់​ច្រើន ហើយ​បើសិន​បើ​ភ្ញៀវទេសចរ​ពី​សហគមន៍​អឺរ៉ុប​មក​ច្រើន​មាន​ន័យថា ពួកគាត់​នឹង​ចូលមក​កម្ពុជា​ដោយ​ស្វ័យប្រវត្តិ ដូច្នេះ​សម្តេច​ស្នើ​ទៅ​វៀតណាម​បែបនេះ គឺជា​ផលប្រយោជន៍​ធំ​ណាស់​សម្រាប់​ទេសចរណ៍​ខ្មែរ​យើង​»​។

លោក ហួត ឃាង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អល ឌ្រីម ខេមបូឌា ត្រាវែល បាន​និយាយថា វា​គឺជា​រឿង​ល្អ​បំផុត បើសិន​វៀតណាម​អាច​បើក​ដំណើរការ​ជើង​ហោះហើរ​ត្រង់​ជាមួយ​កម្ពុជា​ឡើងវិញ ក្នុង​ពេល​ឆាប់ៗ ព្រោះ​ភ្ញៀវទេសចរ​ប្រមាណ​ពី​ ៧០ ​ភាគរយ ទៅ​ ៨០ ​ភាគរយ ដែល​ឆ្លងកាត់​ប្រទេស​វៀតណាម​មុននឹង​មកដល់​កម្ពុជា​។

លោក​បាន​បន្ថែមថា ពីមុន​កម្ពុជា​ត្រូវ​ពឹង​ផ្អែកលើ​ប្រទេស​ថៃ​សម្រាប់​ការធ្វើដំណើរ​របស់​ទេសចរ​ពី​តំបន់​អឺរ៉ុប និង​អាស៊ី​មួយចំនួន​ទៀត​ដែល​ចង់​មកលេង​កម្សាន្ត​នៅ​កម្ពុជា តែ​ក្រោយពី​ព្រលានយន្តហោះ​បាន​បិទ​កាលពី​អំឡុង​មាន​បាតុកម្ម​ខ្លាំង​មក ក្រុមហ៊ុន​ទេសចរណ៍​នៅ​កម្ពុជា ចាប់ផ្តើម​រៀបចំ​កម្មវិធី​ឡើងវិញ ដោយ​យកតាម​វៀតណាម​វិញ​។

លោក​បាន​បន្តថា​៖ «​នៅក្នុង​ចន្លោះ​ ១០ ​ឆ្នាំ​ចុងក្រោយ​នេះ ភ្ញៀវ​មកពី​ខាង​វៀតណាម​ច្រើន ដោយសារ​ទី​១ ​តម្លៃ​ក៏​ធូរ​ថ្លៃ ហើយ​ខាង​វៀតណាម​ក៏មាន​ស្ថិរភាព​នយោបាយ ដូចនេះ​ប្រសិនបើ​ការបើក​ឡើងវិញ គឺជា​ច្រក​យ៉ាង​ទូលាយ​បន្ថែមទៀត ស្រប​ពេលដែល​កម្ពុជា​បាន​សម្រេច​បើកទទួល​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​»​។

អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បាន​បញ្ជាក់ថា ក្នុង​ពេល​កន្លងទៅ ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ជើងហោះហើរ​ត្រង់​ទៅមក​កម្ពុជា-វៀតណាម មានតែ​ ២ ​ក្រុមហ៊ុន​ប៉ុណ្ណោះ គឺ​ក្រុមហ៊ុន កម្ពុជា​អង្គរអ៊ែរ (Cambodia Angkor Air និង​វៀតណាម​អ៊ែរឡាញ (Vietnam airline)៕ LA