ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៃ​បណ្តា​ប្រទេស​អាស៊ី-អឺរ៉ុប បាន​ឯកភាព​សហការ​គ្នា​ក្នុង​ការលើកកម្ពស់​ខ្សែចង្វាក់​តម្លៃ និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​នានា​បណ្តាល​ពី​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ឌីជីថល​នីយកម្ម និង​ការសម្រប​ខ្លួន​ទៅនឹង​ការផ្លាស់ប្តូរ​នានា ដើម្បី​ធានាបាន​នូវ​ភាពជឿជាក់​នៃ​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ធានា​ឱ្យបាន​នូវ​ភាព​ធន់​។

ការឯកភាព​នេះ​ធ្វើឡើង​ក្នុង​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប លើក​ទី ​១ តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃ​ ២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម នៅក្នុង​វេទិកា​នេះ​បណ្តា​ប្រទេស​អាស៊ី-អឺរ៉ុប បាន​ឯកភាពគ្នា​បង្កើត​ក្របខ័ណ្ឌ​គាំទ្រ​ចាំបាច់​នានា ដើម្បី​ជំរុញ​គំរូ​ថ្មី​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ខ្សែចង្វាក់​តម្លៃ​សកល ដែល​កំពុង​លេចធ្លោ មាន​ដូចជា ការប្រគល់​ទទួល​ទំនិញ​ពី​ចម្ងាយ​, ការបង្ខិត​ជិតគ្នា​នៃ​ធុរកិច្ច​, ប្រតិបត្តិការ​អន្តរតំបន់​, ការសម្រប​ខ្លួន​ទៅតាម​បរិបទ​តំបន់ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ដើម្បី​ជំរុញ​ល្បឿន​ពាណិជ្ជកម្ម​សកល​ឡើងវិញ ខណៈ​ពិភពលោក​បាន​ងើបឡើង​វិញ​ពី​វិបត្តិ​កូវីដ​ ១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្តថា​៖ «[​បណ្តា​ប្រទេស​នៅ​អាស៊ី-អឺរ៉ុប​] ​ត្រូវ​ផ្តល់​ការលើក​ទឹកចិត្ត និង​ជំនួយ​ចាំបាច់​នានា​សម្រាប់​សហគមន៍​ធុរកិច្ច និង​ឧស្សាហកម្ម ក្នុង​ការបម្លែង​ខ្លួន​ទៅជា​ធុរកិច្ច​បៃតង ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ទំនើបកម្ម​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ខ្សែចង្វាក់​តម្លៃ ដោយ​ប្រើ​បច្ចេកវិទ្យា​នាពេល​អនាគត​»​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើកឡើងថា ការចូល​ទៅកាន់ និង​ការអនុម័ត​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ អាច​ធ្វើឱ្យ​ធុរកិច្ច និង​វិស័យ​ឯកជន​នៅតែ​អាច​ប្រតិបត្តិការ​របស់ខ្លួន​ទៅមុខទៀត​បាន​។ លោក​បន្ថែមថា ទោះ​ក្នុង​អំឡុងពេល​ជំងឺ​រាតត្បាត​ក៏​គេ​នៅ​អាច​ធ្វើ​សមាហរណកម្ម​ធុរកិច្ច និង​វិស័យ​ឯកជន​បាន​ទៅក្នុង​ចង្វាក់​តម្លៃ និង​ឆ្ពោះទៅមុខ​ទៅកាន់​អនាគត​ដ៏ភ្លឺស្វាង​។

លោក​បញ្ជាក់ថា​៖ «​កត្តា​នេះ​ទាមទារ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ជាមួយ​នឹង​គោលនយោបាយ​ផ្តល់​ភាពងាយស្រួល​ដល់​ធុរកិច្ច និង​ការគាំទ្រ​ពី​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ពី​បណ្តា​ប្រទេស​អាស៊ី អឺរ៉ុប​ដើម្បី​ធ្វើឱ្យ​វា​កើតឡើង​»​។

លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើកឡើងថា សហគមន៍​អន្តរជាតិ​យកចិត្ត​ទុកដាក់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​អាស៊ី និង​អឺរ៉ុប ដែល​នឹង​ការពារ​ពាណិជ្ជកម្ម ដោយ​បើកចំហ​ការរួម​បញ្ចូល​គ្នា ដោយ​ផ្អែកលើ​ច្បាប់ ដែល​នោះ​គឺជា​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។ លោក​បន្តថា​៖ «​សក្តានុពល​ពេញលេញ និង​ថាមវន្ត​ប្លុក​ទាំងពីរ​អាច​ផ្លាស់ប្តូរ​ទៅជា​ទីផ្សារ​ដ៏រស់រវើក ដែល​នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ពិភពលោក និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកប​ដោយ​និរន្តរភាព និង​រួមបញ្ចូល​គ្នា​នៅក្នុង​សម័យ​ក្រោយ​កូវីដ​ ១៩»​។

លោក ហុង វណ្ណៈ អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចំណុច​មួយចំនួន​ដែល​បានលើកឡើង​ក្នុង​កិច្ចពិភាក្សា​ស្តីពី​ការលើកកម្ពស់​ខ្សែចង្វាក់​តម្លៃ និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល​នេះ គឺ​បាន​បំភ្លឺ​យ៉ាងច្បាស់​ពី​វិធីសាស្ត្រ​ក្នុង​ការសហការ​គ្នា​ធ្វើយ៉ាងណា​ឱ្យមាន​កិច្ចសហការ​គ្នា​បានល្អ​ក្នុង​ដំណើរ​ការផលិត និង​ផ្គត់ផ្គង់ ដើម្បី​តប​ទៅនឹង​តម្រូវ​ការចាំបាច់ និង​ជាក់ស្តែង​។

លោក​បន្ថែមថា​៖ «​ចំណុច​ទាំងនេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការគាំទ្រ ជំរុញ​លើកទឹកចិត្ត​ដល់​ធុរជន ឬ​វិនិយោគិន​ឱ្យ​គិតគូរ​បាន​ច្បាស់លាស់​ក្នុង​ការរួមចំណែក​ធ្វើយ៉ាងណា​កាត់បន្ថយ​ផលប៉ះពាល់​នៅ​តិច​បំផុត​ពី​ការធ្វើ​ទំនើបកម្ម​លើ​ធុរកិច្ច​របស់ខ្លួន​»​។

បណ្ដា​ប្រទេស​អាស៊ី-អឺរ៉ុប​មាន​ចំណែក​ប្រមាណ ៦៥ ​ភាគរយ​នៃ​សេដ្ឋកិច្ច​សកល ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​មាន​ប្រមាណ ៥៥ ​ភាគរយ​នៃ​ពាណិជ្ជកម្ម​សកល​៕ LA