ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារ​រដ្ឋ​វៀតណាម​បាន​ឯកភាព​គ្នា​កំណត់​នូវ​ទិសដៅ​ការងារ​អាទិភាព​មួយចំនួន ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​មិត្តភាព​រវាង​គ្នា​ឱ្យបាន​កាន់តែ​ប្រសើរ​ថែម​មួយកម្រិត​ទៀត​។

ការប្តេជ្ញា​របស់​ស្ថាប័ន​ទាំង ២ បាន​ធ្វើឡើង​ក្នុង​ជំនួប​ប្រជុំ​ទ្វេភាគី តាមរយៈ​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​ភាគី​វៀតណាម​ដឹកនាំ​ដោយ លោកស្រី Nguyen Thi Hong ទេសាភិបាល ធនាគារ​រដ្ឋ​វៀតណាម​។

ទិសដៅ​ការងារ​អាទិភាព​សំខាន់ៗ​ដែល​ភាគី​ទាំង ២ បាន​ឯកភាព​គ្នា​រួមមាន ការចែករំលែក​ចំណេះដឹង​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ​ទិន្នន័យ​សម្រាប់​អត្រា​ប្តូរប្រាក់​, ការជំរុញ​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​, ការពង្រឹង​ការត្រួតពិនិត្យ​ដោយ​ផ្អែកលើ​ហានិភ័យ និង​ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​។ បន្ថែម​ពីលើ​នេះ ធនាគារ​រដ្ឋ​វៀតណាម ក៏​សន្យា​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​សិក្សា​ថ្នាក់​ឧត្តមសិក្សា នៅ​ប្រទេស​វៀតណាម​ផងដែរ​។

លោក ជា ចាន់តូ បាន​លើកឡើង​ថា ក្រោម​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ស្ថាប័ន​ទាំង ២ ធនាគារ​រដ្ឋ​វៀតណាម តែង​រួមចំណែក​យ៉ាងច្រើន​សម្រាប់​ការបង្កើន​នូវ​បរិយាកាស​ល្អ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ខណៈ​ភាគី​ទាំង ២ ក៏មាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​ទូទៅ​, ការត្រួតពិនិត្យ​ធនាគារ និង​លើ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ជាដើម​។

ជាមួយ​គ្នា​នេះ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ធនាគារ​រដ្ឋ និង​រដ្ឋាភិបាល​វៀតណាម​ដែល​គាំទ្រ​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស ដោយបាន​បន្ត​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត និង​បណ្ឌិត​នៅ​ប្រទេស​វៀតណាម​ផងដែរ​។

ទេសាភិបាល​ធនាគាររដ្ឋ​វៀតណាម លោកស្រី Nguyen Thi Hong បាន​ថ្លែង​កោតសរសើរ​ពី​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការសម្រេច​បាន​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដ៏​ឆាប់រហ័ស ដែល​បាន​ជួយ​ការពារ​សុខភាព​ប្រជាជន និង​ជំរុញ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​បើក​ដំណើរការ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​។ ជាមួយគ្នានេះ លោកស្រី​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិធានការ​នានា​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់ចេញ​ដោយមាន​ប្រសិទ្ធភាព ក្នុង​អំឡុងពេល​កូវីដ​ ១៩ ដែល​សម្រេច​បាន​សមិទ្ធផល​ល្អ ក្នុង​ការរក្សា​បាន​វឌ្ឍនភាព និង​ស្ថិរភាព​ប្រព័ន្ធ​ធនាគារ និង​រក្សាបាន​ស្ថិរភាព​អត្រា​ប្តូរប្រាក់ និង​កម្រិត​ទាប​នៃ​អតិផរណា​។

លោកស្រី​ថ្លែងថា​៖ «​ធនាគារ​រដ្ឋ​វៀតណាម ក៏​សូម​អបអរសាទរ​ចំពោះ​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ទំនើប ជាពិសេស​ប្រព័ន្ធ​បាគង ដែលជា​ប្រព័ន្ធ​ទូទាត់​កន្លោង ជួយ​ដោះស្រាយ​បញ្ហា​ទូទាត់​ឆ្លង​គ្រឹះស្ថាន និង​ការតភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទូទាត់​ទាំង​ក្នុងស្រុក​ និង​តំបន់​»​។

សូមបញ្ជាក់ថា កិច្ចប្រជុំ​ទ្វេភាគី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​មិត្តភាព​រវាង​ធនាគារ​កណ្តាល​ទាំងពីរ​៕