ភ្នំពេញៈ អេស៊ីលីដា ដែលជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​មួយ​នៅ​កម្ពុជា​នៅតែ​បន្ត​រក្សាបាន​នូវ​ចំណាត់ថ្នាក់ Stand-Alone-Credit Profile (SACP) ​កម្រិត bb ពី​ភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ Standard & Poor''s ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ភាពរឹងមាំ និង​ប្រតិបត្តិការ​ដ៏ល្អ​របស់​ធនាគារ ទោះបី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​អូសបន្លាយ​ពេល​ជិត ២ ​ឆ្នាំ​ក្តី​។

ឯកសារ​ផ្តល់ព័ត៌មាន​របស់ខ្លួន​ផ្ញើ​ទៅ​ផ្សារមូលបត្រ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ឱ្យ​ដឹងថា ការទទួល​បាន​ចំណាត់ថ្នាក់​នេះ​ផ្អែកលើ​ស្ថានភាព​ធុរកិច្ច​រឹងមាំ ស្ថិរភាព​លំហូរ​ប្រាក់ចំណូល មូលដ្ឋាន​ប្រាក់​បញ្ញើ និង​ការគ្រប់គ្រង​គុណភាព​ទ្រព្យសកម្ម​ល្អ​។

សេចក្តី​ប្រកាស​ព័ត៌មាន​សរសេរ​ថា​៖ «​កត្តា​ទាំងអស់​នេះ​ឆ្លុះបញ្ចាំង​ពី​ភាពរឹងមាំ​នៃ​បណ្តាញ​ធុរកិច្ច​របស់​ធនាគារ តាមរយៈ​ការរក្សាបាន​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ភាពធន់​»​។

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ធនាគារ​អេស៊ីលីដា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា​ថា ជាមួយនឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​នៅ​កម្ពុជា​អំឡុង​ឆ្នាំ​ ២០២១ ធនាគារ​អេស៊ីលីដា​នៅតែ​បន្ត​ពង្រីក​សេវា​ធនាគារ​ស្វ័យប្រវត្តិ​របស់ខ្លួន​ ដើម្បី​បង្កើន​សមត្ថភាព​ឆ្លើយតប​នឹង​បច្ចេកវិទ្យា​ចុងក្រោយ​គេ​ឱ្យ​កាន់តែ​មាន​ភាពងាយស្រួល លឿន សុវត្ថិភាព​ខ្ពស់ និង​ពេញនិយម​។ ការដាក់ចេញ​នូវ​ប្រព័ន្ធ​អេស៊ីលីដា​ម៉ូបាល អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​អ៊ីនធឺណិត គ្រប់​ពេលវេលា​យ៉ាង​ងាយស្រួល​។

លោកស្រី​ថ្លែងថា​៖ «​ការចូលរួម​របស់​អតិថិជន​យើង​ក្នុង​ការប្រើប្រាស់​សេវា​ធនាគារ​ស្វ័យប្រវត្តិកម្ម​ដោយ​ខ្លួនឯង មិន​ត្រឹមតែ​បង្ហាញ​ពី​ការផ្លាស់ប្តូ​ឥរិយាបថ​របស់​ពួកគេ​ក្នុងការ​ប្រើប្រាស់​សេវា​ធនាគារ​បែប​បុរាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ការរួមចំណែក​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ១៩ ជាមួយ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​ផងដែរ​»​។

លោកស្រី​បន្តថា ការបង្កើន​អត្រា​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​បាន​បង្កើត​នូវ​ភាពស៊ាំ​ក្នុង​សហគមន៍​ទូទាំងប្រទេស​។ ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​ក៏បាន​សម្រេច​បើក​អាជីវកម្ម​ឡើងវិញ និង​បើក​ប្រទេស​ឡើងវិញ​ជា​បណ្តើរៗ និង​ជា​ដំណាក់កាលៗ​ក្នុង​ភាពប្រុងប្រយ័ត្ន និង​ការទទួល​ខុសត្រូវ​ខ្ពស់ ដោយ​អនុវត្ត​ការរស់នៅ​តាម​គន្លង​ថ្មី​។

លោកស្រី​និយាយថា​៖ «​នេះ​ជា​សញ្ញា​បង្ហាញថា សកម្មភាព​សេដ្ឋកិច្ច​នឹង​កើនឡើង​គួរឱ្យ​កត់សម្គាល់​ចាប់ពី​ចុងឆ្នាំ​ ២០២១ ដោយសារ តែ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​ត្រូវបាន​ណែនាំ​ទូទាំង​ពិភពលោក​»​។

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​ (AMRO) ​អាស៊ាន+៣ កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ នឹងមាន​អត្រា ២,៨ ​ភាគរយ ដែល​ជំរុញ​ដោយ​កំណើន​នៅក្នុង​វិស័យ​នានា​។

ស្ថាប័ន​ដែល​មូលដ្ឋាន​នៅ​សិង្ហបុរី​នេះ​បាន​លើកឡើង​ថា ការពង្រឹង​ការគ្រប់គ្រង​ជំងឺ​រាតត្បាត និង​ការអនុវត្ត​គោលនយោបាយ​មាន​ភាពបត់បែន ដើម្បី​គាំទ្រ​ដល់​វិស័យ​ងាយ​រងគ្រោះ​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​ស្ទុះ​ងើបឡើង​វិញ​រឹងមាំ ខណៈ​ការចាក់​វ៉ាក់សាំង​ក្នុង​ល្បឿន​លឿន​ដែល​កំពុង​បន្ត​នឹង​ធានាបាន​នូវ​ការបើក​សេដ្ឋកិច្ច​ឡើងវិញ​ប្រកប​ដោយ​ស្ថិរភាព​៕ LA