​ភ្នំពេញៈ កម្ពុជា​នឹង​រង់ចាំ​ស្វាគមន៍​ជានិច្ច​ចំពោះ​វិស័យ​ឯកជន​ឥ​ណ្តូ​នេ​ស៊ី ដែលមាន​បំណង​ធ្វើការ​វិនិយោគ​លើ​វិស័យ​កសិកម្ម ខណៈ​បច្ចុប្បន្ន​វិស័យ​កសិកម្ម​នៅ​កម្ពុជា​មិន​ត្រឹមតែ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​បរិមាណ​កើន​ឡើងជា​រៀងរាល់ឆ្នាំ​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន នៅក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា លោក Sudirman Haseng កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​ ២៦ ខែវិច្ឆិកា​នេះ បាន​លើកឡើងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល វិស័យ​កសិកម្ម​កម្ពុជា បាន​ក្លាយជា​វិស័យ​អាទិភាព​មួយ ហើយ​កម្ពុជា​ក៏បាន​ប្រែក្លាយជា​ប្រទេស​ដែលមាន​លទ្ធភាព​ផ្គត់ផ្គង់​ខ្លួនឯង​ផង និង​ធ្វើការ​នាំចេញ​កសិផល​សំខាន់​ផង​។​

​លោក​បន្ថែមថា ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី លោក​សង្ឃឹមថា ក្នុងពេល​ឆាប់ៗ​នេះ​នឹងមាន​វិនិយោគិន​ឥណ្ឌូនេស៊ី ចូលមក​វិនិយោគ​លើ​វិស័យ​កសិកម្ម រួមទាំង​ការកែច្នៃ​កសិផល និង​ខ្សែ​ច្រវាក់​តម្លៃ​នៅ​កម្ពុជា​។

​លោក​ថ្លែងថា​៖ «​ស្ថានភាព​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុងមាន​ការវិវត្ត​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ជាពិសេស​ក្នុងដំណាក់កាល​នៃ​វិបត្តិ​ជំងឺឆ្លង​សកល​កូ​វីដ​ ១៩​។ យើង​រង់ចាំ​ស្វាគមន៍​ជានិច្ច​ចំពោះ​វិស័យ​ឯកជន​ឥណ្ឌូនេស៊ី​ដែលមាន​បំណង​ធ្វើការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​នាពេល​អនាគត​»​។​

​យោងតាម​លោក សាខុន ផលិតផល​កសិកម្ម​ក​ម្ពុ​ជា​ដែល​កំពុងមាន​សក្តានុពល មាន​ជាអាទិ៍ ស្រូវ អង្ករ ចេក ដំឡូង​មី​ស្រស់​-​ក្រៀម គ្រាប់ស្វាយចន្ទី​ស្រស់ និង​កែច្នៃ​រួច និង​ស្វាយ​ស្រស់ ជាដើម​។

​លោក Sudirman Haseng បាន​ប្រាប់ថា លោក​នឹង​ខិតខំ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា​ទៅដល់​វិនិយោគិន​ឥណ្ឌូនេស៊ី​។

​បន្ថែម​ពីលើ​នេះ​លោក Sudirman Haseng ក៏បាន​ប្រាប់ថា ភាគី​ឥណ្ឌូនេស៊ី​កំពុង​រៀបចំ​សេចក្តីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា ក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ ​២០២១ នេះ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស មាន​បរិមាណ​សរុប ៦ ៣៦៤ ៦០៧,២៤ តោន ទៅកាន់​ទិសដៅ ៦៨ ​ប្រទេស គឺមាន​ការកើនឡើង​ចំនួន ២ ៩៧០ ៦៩១,៦០​ តោន​ ស្មើនឹង ៨៧,៥៣ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០ ដែល​ទទួលបាន​ត្រឹមតែ ៣ ៣៩៣ ៩១៥,៦៤​តោន​៕​