ភ្នំពេញៈ ផ្សារ​មូលបត្រ​កម្ពុជា (CSX) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​ផ្សារ​មូលបត្រ សៀងហៃ(SSE) លើ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ធ្វើ​ការ​សិក្សា​ស្រាវជ្រា​វរួមគ្នា​ដើម្បី​អភិវឌ្ឍ​ផលិតផលហិរញ្ញ​វត្ថុ​ថ្មីៗ​បន្ថែម​ទៀត។

ការ​ចុះ​ហត្ថលេខា​លើ MoU នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០២១ រវាង​លោក ហុង សុហួរ អគ្គនាយក​នៃ​ផ្សារមូលបត្រ​កម្ពុជា ជាមួយ​លោក CAI Jianchun ប្រធាន​ផ្សារមូលបត្រ​ សៀងហៃ។

តាមរយៈ MoU នេះ​ ភាគីទាំង ២ បាន​ព្រមព្រៀង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដូចជា ការ​ចែក​រំលែក​ព័ត៌មាន​ទៅវិញ​ទៅមក, ការ​សិក្សា​ស្រាវជ្រាវ​រួមគ្នា, ការ​ផ្លាស់​ប្តូរ​បុគ្គលិក និង​ការ​អភិវឌ្ឍ​ផលិតផល​ហិរញ្ញ​វត្ថុ​ថ្មីៗ​ជាដើម។

ប្រទេសចិន គឺជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​ល្អ​របស់​កម្ពុជា។ កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៩ និយ័តករ​មូលបត្រ​កម្ពុជា និង​គណៈកម្មការ​មូលបត្រចិន ក៏​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ត្រួត​ពិនិត្យ​លើ​ផលិតផល​មូលបត្រ និង​កិច្ចសន្យា​អនាគត។

បន្ថែមពី​លើ​នេះ កាល​ពី​ខែ​តុលា ឆ្នាំ​ដដែល លោក ហុង សុហួរ ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​សិក្ខា​សាលា​អន្តរជាតិ​សម្រាប់​ទីផ្សារ​ភាគហ៊ុន​ប្រចាំឆ្នាំ​ ២០១៩ ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ការ​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទីផ្សារ​ភាគហ៊ុន​របស់ សៀងហៃ។

សេចក្តីប្រកាស​ព័ត៌មាន​របស់ CSX បាន​ឱ្យ​ដឹង​ថា ការ​ចុះ​ហត្ថលេខា​នេះ នឹង​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ទីផ្សារ​មូលបត្រ​កម្ពុជា និង​ចិន។

ផ្សារមូលបត្រ សៀងហៃ ជា​ផ្សារ​មូលបត្រ​មួយ​ដ៏​ធំ​ក្នុង​ចំណោម​ផ្សារ​មូលបត្រ​ធំៗ នៅ​លើ​ពិភពលោក ដោយ​ផ្អែក​លើ​ទំហំ​មូលធនូបនីយកម្មសរុប​របស់​ទីផ្សារ។ ទីផ្សារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩០ ហើយ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ផ្សារ​មូលបត្រ សៀងហៃ មាន​ផលិតផលហិរញ្ញ​វត្ថុ​ជាច្រើន ដូចជា ភាគហ៊ុន បណ្ណបំណុល មូលនិធិ និង​ឧបករណ៍និស្សន្ទ ជាដើម។

គិតរហូតមកដល់​ពេល​នេះ CSX បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​នឹង​ស្ថាប័ន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជាង ១០​រួច​មក​ហើយ៕