
ការចុះកិច្ចព្រមព្រៀងរវាងតំណាងធនាគារ មេយប៊ែង ជាមួយ CGCC។ រូបថត សហការី
ភ្នំពេញៈ ធនាគារ មេយប៊ែង ខេមបូឌា បានប្រកាសជាផ្លូវការអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងការជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងគោលបំណងជួយឱ្យពួកគេអាចបន្តទទួលបាននូវគុណប្រយោជន៍យូរអង្វែងតាមរយៈកម្មវិធី «កសាងសមត្ថភាព» សម្រាប់សហគ្រាសខា្នតតូច និងមធ្យម។
ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ថែមលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ដ្រលើគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS) នៅវេទិកាធុរកិច្ចស្ដីពី «ការលើកស្ទួយការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា»។
នាយកប្រតិបត្តិធនាគារ មេយប៊ែង ខេមបូឌា លោក Dato'' Hanif Saudi បាននិយាយថា កិច្ចសហប្រតិបត្តិការនេះ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួនដើម្បីធានាថា សហគ្រាសធុនតូច និងមធ្យមអាចប្រើប្រាស់ឱកាសក្នុងបរិយាកាសអាជីវកម្មដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយផ្តល់ជូននូវឧបករណ៍ត្រឹមត្រូវ ដែលនឹងជួយឱ្យពួកគេរីកចម្រើនក្នុង «ប្រក្រតីភាពថ្មី»។
លោកនិយាយថា៖ «ការបើកអាជីវកម្មគឺកាន់តែមានបញ្ហានៅក្នុងអំឡុងពេលដ៏លំបាកនេះ។ យើងយល់ពីការប្រឈមមុខដ៏លំបាករបស់សហគ្រាសធុនតូច និងមធ្យម ហើយវាមានសារៈសំខាន់ណាស់ដែលយើងគាំទ្រនៅក្នុងអំឡុងពេលនេះ ដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលជាតម្រូវការក្នុងការទ្រទ្រង់អាជីវកម្មរបស់ពួកគេនៅទីនោះ ព្រមទាំងរួមចំណែកក្នុងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស»។
គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) របស់ CGCC មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងគម្រោងធានាឥណទានដែលដើរតួជាវត្ថុបញ្ចាំ ដើម្បីកាត់បន្ថយតម្រូវការទ្រព្យសម្បត្តិនៃវត្ថុបញ្ចាំដល់អ្នកខ្ចីសហគ្រាសធុនតូច និងមធ្យម។
លោក Wong Keet Loong អគ្គនាយក CGCC បានលើកឡើងថា គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) នឹងជួយសហគ្រាសធុនតូច និងមធ្យម ក្នុងការបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីផ្លូវការសម្រាប់ទាំងដើមទុនបង្វិល និងការវិនិយោគ ឬការពង្រីកអាជីវកម្ម ដើម្បីជួយដល់ការរស់រានមានជីវិត និងការស្តារសេដ្ឋកិច្ចឡើងវិញក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩។
បន្ថែមពីលើនេះ ធនាគារមេយប៊ែង និង CGCC ក៏មានបំណងអភិវឌ្ឍន៍ទីផ្សារ SME តាមរយៈកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាព និងកម្មវិធីផ្សព្វផ្សាយសហគមន៍តាមរយៈកម្មវិធី Building Capacity & Capacity (BCC) ដល់សហគ្រាសធុនតូច និងមធ្យមផងដែរ។
លោក រ័ត្ន សោភ័ណ្ឌ អគ្គនាយករង និងជាប្រធានផ្នែកសេវាហិរញ្ញវត្ថុសហគមន៍នៃធនាគារ មេយប៊ែង បាននិយាយថា កម្មវិធីកសាងសមត្ថភាព និងសមត្ថភាព (BCC) សម្រាប់សហគ្រាសធុនតូច និងមធ្យម មានគោលបំណងផ្តល់នូវឧបករណ៍ជំនួយអាជីវកម្ម និងការប្រឹក្សាបច្ចេកទេសពាក់ព័ន្ធ ដោយផ្អែកលើការអនុវត្តល្អបំផុតជាអន្តរជាតិ ដើម្បីគាំទ្រទៅដល់កំណើន SME ផលិតភាព និងការច្នៃប្រឌិត ដែលជាការលើកកម្ពស់ ការប្រកួតប្រជែង និងផលិតភាពរបស់សហគ្រាសធុនតូច និងមធ្យម រួមទាំងការយល់ដឹងអំពី BRGS៕