ភ្នំពេញៈ ខណៈ​វិស័យ​កសិកម្ម​កំពុងមាន​វឌ្ឍន​ភាពជា​បន្តបន្ទាប់ ពិសេស​ចាប់តាំងពី​ការផ្ទុះ​ឡើង​ជំងឺ​កូវីដ​ ១៩ កម្ពុជា​បានប្រកាស​ស្វាគមន៍​ចំពោះ​វិនិយោគិន​ឥណ្ឌូនេស៊ី​ក្នុង​ការចូលមក​បណ្តាក់ទុន​លើ​វិស័យ​កសិកម្ម ដើម្បី​បង្កើន​សមត្ថភាព​ឆ្លើយតប​នឹង​កំណើន​នៃ​តម្រូវការ​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

ការលើកឡើង​នេះ​ត្រូវបាន​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើឡើង​ក្នុងជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា លោក Sudirman Haseng កាលពី​ថ្ងៃទី​ ២៦ ខែវិច្ឆិកា​។

លោក វេង សាខុន បាន​និយាយថា ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ការជំរុញ​ពី​រដ្ឋាភិបាល វិស័យ​កសិកម្ម​កម្ពុជា​ត្រូវបាន​គេ​ដឹងថា កំពុង​មាន​ការរីកចម្រើន​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​។ សកម្មភាព​នេះ​ធ្វើឱ្យ​កម្ពុជា​មិន​ត្រឹមតែ​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​នាំទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​បាន​កាន់តែច្រើន​ផងដែរ​។ លោក​បន្ថែមថា​ជាមួយ​នឹង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី លោក​សង្ឃឹមថា ក្នុងពេល​ឆាប់ៗ​នេះ​នឹងមាន​វិនិយោគិន​ឥណ្ឌូនេស៊ី ចូលមក​វិនិយោគ​វិស័យ​កសិកម្ម រួមទាំង​ការកែច្នៃ​កសិផល និង​ខ្សែចង្វាក់​តម្លៃ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ស្ថានភាព​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុងមាន​ការវិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ជាពិសេស​ក្នុងដំណាក់កាល​នៃ​វិបត្តិ​កូវីដ​ ១៩​។ យើង​រង់ចាំ​ស្វាគមន៍​ជានិច្ច​ចំពោះ​វិស័យ​ឯកជន​ឥណ្ឌូនេស៊ី​ដែលមាន​បំណង​ធ្វើការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​នាពេល​អនាគត​»​។

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី លោក Sudirman Haseng បាន​និយាយថា លោក​នឹង​ខំ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នៅក្នុង​ការផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា​ទៅ​វិនិយោគិន​ឥណ្ឌូនេស៊ី​។

ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យ​ដឹងថា ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ កម្ពុជា​នាំចេញ​កសិផល​ទៅ​ទីផ្សារ​ក្រៅប្រទេស​សរុប ៦ ៣៦៤ ៦០៧,២៤ ​តោន កើនឡើង ៨៧,៥៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៣ ៣៩៣ ៩១៥,៦៤ ​តោន​៕