
ផ្សារមូលបត្រកម្ពុជា (CSX)។ ហ៊ាន រង្សី
ភ្នំពេញៈ ផ្សារមូលបត្រកម្ពុជា (CSX) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយផ្សារមូលបត្រសៀងហៃ (SSE) លើកិច្ចសហប្រតិបត្តិការ ដើម្បីចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមក ព្រមទាំងធ្វើការសិក្សាស្រាវជ្រាវរួមគ្នា ដើម្បីអភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត។
ការចុះ MoU នេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា រវាងលោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ជាមួយលោក CAI Jianchun ប្រធានផ្សារមូលបត្រស៊ាងហៃ។
តាមរយៈ MoU នេះភាគីទាំង ២ បានព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗមួយចំនួនដូចជា ការចែករំលែកព័ត៌មានទៅវិញទៅមក, ការសិក្សាស្រាវជ្រាវរួមគ្នា, ការផ្លាស់ប្តូរបុគ្គលិក និងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗ ជាដើម។
ប្រទេសចិន គឺជាដៃគូសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា។ កាលពីខែមិថុនា ឆ្នាំ២០១៩ និយតករមូលបត្រកម្ពុជា និងគណៈកម្មការមូលបត្រចិន ក៏បានចុះហត្ថលេខាលើ MoU ស្តីពីកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យលើផលិតផលមូលបត្រ និងកិច្ចសន្យាអនាគត។ បន្ថែមពីលើនេះកាលពីខែតុលា ឆ្នាំដដែល លោក ហុង សុហួរ ក៏បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិសម្រាប់ទីផ្សារភាគហ៊ុនប្រចាំឆ្នាំ ២០១៩ ដែលរៀបចំដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទីផ្សារភាគហ៊ុនរបស់ស៊ាងហៃ។
សេចក្តីប្រកាសព័ត៌មានរបស់ CSX ឱ្យដឹងថា ការចុះហត្ថលេខានេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរវាងទីផ្សារមូលបត្រកម្ពុជា និងចិន។
ផ្សារមូលបត្រស៊ាងហៃ គឺជាផ្សារមូលបត្រធំមួយក្នុងចំណោមផ្សារមូលបត្រធំៗលើពិភពលោក ដោយផ្អែកលើទំហំមូលធននូបនីយកម្មសរុបរបស់ទីផ្សារ។ ទីផ្សារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ ហើយមកទល់នឹងពេលបច្ចុប្បន្ន ផ្សារមូលបត្រស៊ាងហៃមានផលិតផលហិរញ្ញវត្ថុជាច្រើន ដូចជា ភាគហ៊ុន បណ្ណបំណុល មូលនិធិ និងឧបករណ៍និស្សន្ទជាដើម។
គិតមកដល់ពេលនេះ CSX បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងស្ថាប័នក្នុងស្រុក និងក្រៅស្រុកជាង ១០ រួចមកហើយ៕