ភ្នំពេញៈ កម្ពុជា​គ្រោង​នាំចេញ​ស្វាយ​ស្រស់ និង​ស្ងួត​ទៅ​ទីផ្សារ​អឺរ៉ុប ពិសេស​ទីផ្សារ​ប្រទេស​អាល្លឺម៉ង់ ខណៈ​មន្ត្រី​ជំនាញ​របស់​ប្រទេស​នេះ​កំពុង​ធ្វើការ​សិក្សា​អំពី​លទ្ធភាព​នៃ​ការនាំចេញ​។

កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ក្រុមមន្ត្រី​ស្ថានទូត​អាល្លឺម៉ង់ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អាល្លឺម៉ង់​ (GIZ) បាន​ចុះទៅ​សិក្សា​លទ្ធភាព​ការនាំចេញ​ស្វាយស្រស់ និង​ស្ងួត​ពី​ក្រុមហ៊ុន​គិរីរម្យ ហ៊្វូដ ប្រដាក់សិន​ (​ខេ អេហ្វ ភី​) និង​ពី​ប្រជាកសិករ​ផ្សេងទៀត​យកទៅ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​អឺរ៉ុប ជាពិសេស​ទីផ្សារ​ប្រទេស​អាល្លឺម៉ង់ ខណៈ​តម្រូវការ​ទាំង​ស្វាយ​ស្រស់ និង​ស្វាយ​ស្ងួត កំពុងមាន​តម្រូវការ​ខ្ពស់​។

លោក មាស ហូលី ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​ក្រុមហ៊ុន Kirirom Food Production បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អាល្លឺម៉ង់​ (GIZ) កាលពី​ថ្ងៃទី​ ២៣ ខែវិច្ឆិកា បាន​ចុះ​ធ្វើ​ទស្សនកិច្ច និង​ពិភាក្សា​ផ្តល់​ការគាំទ្រ ចំពោះ​រោងចក្រ និង​សម្របសម្រួល​នៅក្នុង​ការទិញ​ស្វាយ​ស្រស់ និង​ស្វាយ​ស្ងួត សម្រាប់ធ្វើ​ការនាំចេញ​ទៅ​កាន់​តំបន់​អឺរ៉ុប និង​ប្រទេស​របស់ខ្លួន​។

ទោះជា​យ៉ាងណា​លោក​អះអាងថា ភាគី​អាល្លឺម៉ង់​មិនទាន់​បាន​និយាយ​ដល់​បរិមាណ​នាំចេញ​ស្វាយ​ស្រស់ និង​ស្វាយ​ស្ងួត​យកទៅ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​អឺរ៉ុប និង​ប្រទេស​អាល្លឺម៉ង់​នោះទេ ប៉ុន្តែ​ភាគី​អាល្លឺម៉ង់​បានសម្រេច​ការគាំទ្រ និង​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​រវាង​អ្នកបញ្ជា​ទិញ​នៅ​សហភាព​អឺរ៉ុប និង​នៅ​អាល្លឺម៉ង់​ជាមួយ​ក្រុមហ៊ុន​ដើម្បី​នាំចេញ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​គេ​មក​មើល​យើង​សិន​ថា យើង​មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​ផ្គត់ផ្គង់​ឱ្យគេ​ដែរ​ឬ​ទេ​? សម្រាប់​ក្រុមហ៊ុន​ខ្ញុំ ខ្ញុំ​មិនទាន់​មាន​ស្វាយ​ស្រស់​គ្រប់គ្រាន់​ធ្វើការ​នាំចេញ​ទេ យើង​មាន​គម្រោង​ហើយ​ប្រហែល​រយៈពេល ២ ​ឆ្នាំ​ទៀត ប៉ុន្តែ​សម្រាប់​ដំណាប់​ស្វាយ ឬ​ស្វាយ​ស្ងួត​យើង​មាន​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​នាំចេញ​អត់​ខ្វះ​ទេ​»​។

លោក មាស ហូលី យល់ឃើញថា ទីផ្សារ​សហភាព​អឺរ៉ុប ក៏ដូចជា​ទីផ្សារ​ក្នុងប្រទេស​អាល្លឺម៉ង់ គឺមាន​ភាពទូលំទូលាយ និង​តម្រូវការ​ខ្ពស់​ចំពោះ​ផ្លែស្វាយ​ស្រស់ និង​ស្វាយ​ស្ងួត​ដែល​អាចឱ្យ​កម្ពុជា​ពង្រីក​ទីផ្សារ​បាន​។ ជាមួយ​គ្នា​នេះ​សម្រាប់​ក្រុមហ៊ុន Kirirom គឺមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការនាំចេញ​ស្វាយ​ស្ងួត​ទៅ​ផ្គត់ផ្គង់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប និង​ប្រទេស​អាល្លឺម៉ង់ គ្រប់​តម្រូវការ​។

បើតាម​លោក ហូលី កន្លងមក​ក្រុមហ៊ុន​បាន​នាំចេញ​ទាំង​ផ្លែស្វាយ​ស្រស់ និង​ស្វាយ​ស្ងួត​ទៅ​ប្រទេស​ធំៗ​ចំនួន ១០ មានដូចជា ជប៉ុន ហ្វីលីពីន ចិន ថៃ និង​អង់គ្លេស​ជាដើម​។ សម្រាប់​ទីផ្សារ​អាល្លឺម៉ង់ គឺជា​ទីផ្សារ​ថ្មី​ដែល​អាចឱ្យ​ក្រុមហ៊ុន​ពង្រីក​ទីផ្សារ​របស់ខ្លួន​កាន់តែ​ធំ​ថែមទៀត​។

លោក ឆេង គឹមឡុង អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី យល់ឃើញថា ការជំរុញ​ពិពិធកម្ម​ផ្នែក​នាំចេញ​របស់​កម្ពុជា​គ្រប់​វិស័យ ជាពិសេស​ផលិតផល​កសិកម្ម និង​ផលិតផល​កែច្នៃ​ក្នុង​វិស័យ​កសិឧស្សាហកម្ម គឺជា​ទិសដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏សំខាន់​បំផុត​នាពេល​បច្ចុប្បន្ន ស្របពេល​កម្ពុជា​កំពុង​ជំរុញ​កំណើន​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​របស់ខ្លួន​។

លោក​បន្តថា ការជំរុញ​ការនាំចេញ​ផលិតផល​ផ្លែស្វាយ​ទៅ​ក្រៅប្រទេស​រួមមាន​ទៅ​ប្រទេស​ចិន កូរ៉េ អឺរ៉ុប និង​អាល្លឺម៉ង់​ជាដើម​នេះ ជា​សញ្ញា​បង្ហាញ​ឱ្យ​ឃើញថា មាន​ការចាប់​អារម្មណ៍​អំពី​ផលិតផល​របស់​កម្ពុជា ដោយសារ​ផលិតផល​កសិកម្ម​កម្ពុជា​មាន​តម្លៃ​ទាប និង​គុណភាព​ល្អ​ស្មើគ្នា ឬ​លើស​ជាង​បើ​ធៀប​ជាមួយ​ផលិតផល​កសិកម្ម​របស់​ប្រទេស​ជិតខាង​។

លោក​ថ្លែងថា​៖ «​ផលិតផល​កសិកម្ម​កម្ពុជា​ភាគច្រើន​មាន​ឧត្តមភាព​ប្រកួតប្រជែង និង​ឧត្តមភាព​ប្រៀបធៀប​ជាង​ផលិតផល​កសិកម្ម​របស់​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ ជាពិសេស​ប្រទេស​នៅ​ជិតខាង ខណៈ​ការប្រើប្រាស់​ជីគីមី យើង​តិចតួច​ជាងគេ​។ ដូច្នេះហើយ​បានជា​គេ ជាពិសេស​អាល្លឺម៉ង់​ចង់​នាំ​ស្វាយ​ពី​យើង​»​។

បើតាម​លោក គឹមឡុង ផ្លែស្វាយ ជា​ផលិតផល​ទំនិញ​សម្រាប់​ប្រើប្រាស់​ជា​ចំណី​ជាក់ស្តែង ជា​ផលិតផល​ធ្វើការ​កែច្នៃ​ចេញទៅ​ជា​ម្សៅ​ស្វាយ ឬក៏​អាច​បម្រើ​នៅក្នុង​វិស័យ​កសិឧស្សាហកម្ម​ផ្សេងៗ​ទៀត​ដូចជា ប្រើប្រាស់​ក្នុង​ភេសជ្ជៈ​កំប៉ុង ប្រើប្រាស់​ជា​សាប៊ូ ឬក៏​ធ្វើជា​ការ៉េម​ជាដើម​៕